ក្នុងជីវិតប្រចាំថ្ងៃ សកម្មភាពមួយចំនួនរបស់មនុស្សម្នាក់ៗ គឺអាចឆ្លុះបញ្ចាំងពី អារម្មណ៍ ការសប្បាយរីករាយ ភាពរឹងមាំ និង អ្វីៗផ្សេងទៀតដែលអាចនឹងកើតមានតាមទង្វើឬទម្លាប់ ប៉ុន្តែបើសិនជាអ្នកមិនបានចាប់អារម្មណ៍ទេ អ្នកអាចគិតថារឿងទាំងនេះ ជារឿងសាមញ្ញធម្មតា ប៉ុន្តែសកម្មភាពទាំងនោះ តែងតែមានអត្ថន័យដែលអ្នកស្មានមិនដល់ដូចជា ៖
នៅពេលមនុស្សម្នាក់សើចសូម្បីតែរឿងតូចតាច មានន័យថា ពួកគេពិតជាឯកាខ្លាំងណាស់។ ហេតុផលងាយៗទេ ព្រោះមនុស្សទាំងនោះ ព្យាយាមយកស្នាមញញឹម មកបិទបាំងភាពឯការបស់ខ្លួនដោយធ្វើយ៉ាងណាឲ្យអ្នកដទៃមើលមកគេជាជាមនុស្សគ្មានទុក្ខកង្វល់ម្នាក់។
នៅពេលមនុស្សម្នាក់ចូលចិត្តគេង នោះប្រហែលជាពួកគេកំពុងពិបាកចិត្ត ឬជួបបញ្ហាមិនសប្បាយចិត្តជាច្រើន ទើបពួកគេជ្រើសរើស ការគេងដើម្បីដោះស្រាយបញ្ហា ព្រោះមានតែពេលគេងលក់ទេ ទើបអាចភ្លេចរឿងមិនសប្បាយចិត្តទាំងអស់នោះបាន។
នៅពេលមនុស្សម្នាក់មិនចូលចិត្តយំ មិនមែនមានន័យថាពួកគេរឹងមាំពេកឡើយ គ្រាន់តែពួកគេមិនចង់ឃើញភាពទន់ជ្រាយរបស់ខ្លួនឯង និង មិនហ៊ានប្រឈមមុខនៅពេលដែលខ្លួនឯងយំ និង ឈឺចាប់ប៉ុណ្ណោះ។
នៅពេលមនុស្សម្នាក់ឆាប់ប៉ះពាល់អារម្មណ៍ដោយសារតែរឿងតិចតួច នោះមានន័យថា ពួកគេបានឆ្លងកាត់រឿងជាច្រើនដែលផ្សារភ្ជាប់ជាមួយពាក្យទាំងនោះ ទើបធ្វើឲ្យពួកគេចង់ចាំពីទិដ្ឋភាព និងអារម្មណ៍ដែលឈឺចាប់នៅពេលឮរឿងទាំងនោះ។
នៅពេលមនុស្សម្នាក់រឹងមាំ និង មិនងាយរំភើបនឹងរឿងគ្រប់យ៉ាង មានន័យថាពួកគេធ្លាប់ឆ្លងកាត់ និង ស៊ាំជាមួយបញ្ហា ការខកចិត្ត និង ការបាត់បង់អ្វីៗរាប់មិនអស់ នៅក្នុងជីវិតរបស់ពួកគេ រហូតធ្វើឲ្យចិត្តរបស់គេលែងរង្គោះរង្កើរទោះជារឿងធំប៉ុណ្ណាក៏ដោយ។
សកម្មភាពទាំងអស់នេះ ពេលខ្លះអាចនឹងធ្លាក់ទៅលើរូបអ្នកផ្ទាល់ ដូចនេះកុំព្យាយាមឆ្ងល់ និង សួរកហេតុផលនៃសកម្មភាពរបស់មនុស្សម្នាក់នៅពេលដែលពួកគេចូលចិត្តធ្វើអ្វីដែលពួកគេចង់ធ្វើ ព្រោះគ្រប់យ៉ាងសុទ្ធតែមានហេតុផល ដែលនៅពីក្រោយសកម្មភាពទាំងអស់។