កាលពីថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ Lee Se-hee បានបង្ហោះវីដេអូ ដែលថតនៅពីមុខការផ្សាយពាណិជ្ជកម្មលើរថភ្លើងក្រោមដី ដែលរៀបចំដោយអ្នកគាំទ្ររបស់នាង ខណៈដែល Se-hee កើតនៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 1991 ហើយវាហាក់បីដូចជាអ្នកគាំទ្ររបស់នាង បានរៀបចំព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មលើរថភ្លើងក្រោមដី នៅមុនថ្ងៃខួបកំណើតរបស់នាង ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ Lee Se-hee បានសរសេរទៅកាន់អ្នកគាំទ្ររបស់នាងថា “ហា កុំធ្វើវា អរគុណច្រើន ប៉ុន្តែសូមកុំចំណាយប្រាក់លើខ្ញុំអី” តារាស្រីរូបនេះក៏បានបន្ថែមថា “សព្វថ្ងៃនេះអ្វីៗក៏ឡើងថ្លៃដែរ ប៉ុន្តែអ្នកបានចំណាយលុយលើបញ្ហានេះ ខ្ញុំពិតជាមិនគិតថានេះជាការត្រឹមត្រូវនោះទេ ទេ ពិតណាស់ ខ្ញុំមានអារម្មណ៍ល្អ ប៉ុន្តែ សូមអង្វរ Sebagi សូមយកប្រាក់ទៅទិញវីតាមីនញ៉ាំខ្លះវិញទៅ សូមមេត្តា!”។
លើសពីនេះ Lee Se-hee បានបង្ហាញក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះអ្នកគាំទ្រ ដោយនិយាយថា “នៅថ្ងៃខួបកំណើតរបស់ខ្ញុំ ស្តាប់ខ្ញុំ សុខភាព Sebagi គឺជាសេចក្តីរីករាយរបស់ខ្ញុំ ដូច្នេះប្រសិនបើអ្នកនិយាយថា ‘ខ្ញុំផឹកវីតាមីនច្រើនថ្ងៃនេះ!’ ហើយផ្ញើមកខ្ញុំ ជាមួយរូបថតភស្តុតាង ខ្ញុំពិតជាមានមោទនភាព និងរីករាយណាស់”។
ក្នុងន័យនេះ Lee Se-hee គឺចង់ឲ្យអ្នកគាំទ្ររបស់នាង ទុកប្រាក់សម្រាប់ប្រើប្រាស់ចាំចាប់ កុំចំណាយប្រាក់ខ្ចះខ្ចាយដោយសារតែនាង។ ទន្ទឹមនឹងនេះដែរ Lee Se-hee បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ 2015 ដោយបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់តារាចម្រៀង Na Yoon-kwon បទចម្រៀង 364 Days of Dream ក្រោយមកនាងបានបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ JTBC និងបានដើរតួជាវីរនារី ក្នុងរឿង “Young Lady and Gentleman” កាលពីឆ្នាំមុន ថែមទៀត។
ប្រភព៖ kbizoom