កុំធ្វើឲ្យនាងលង់ស្រឡាញ់អ្នក បើដឹងថាអ្នកមិនអាចស្រឡាញ់នាងបើដឹងមុនថាអ្នកមិនអាចថែរក្សា និងផ្ដល់សុភមង្គលឲ្យនាងទេ អ្នកមិនគួរចាប់ផ្ដើមទាល់តែសោះ ព្រោះក្តីស្រឡាញ់ដែលកើតចេញពីបេះដូងគឺវាមានទំហំធំណាស់ ធំរហូតដល់អ្នកវាស់មិនបាននូវភាពឈឺចាប់របស់នាង នៅពេលដែលចុងបញ្ចប់ អ្នកមិនអាចរួមដំណើរជាមួយនាង ហើយបន្សល់ត្រឹមតែពាក្យ«សុំទោស»។អ្នកមិនគួរទេ មិនគួរនាំនាងមកដល់ពាក់កណ្ដាលផ្លូវហើយ ក៏ស្រាប់តែប្រាប់នាងថា «ពួកយើងគ្មានអនាគតទេ» ព្រោះនោះជាពាក្យដែលគ្មានទំនួលខុសត្រូវបន្តិចសោះ ហើយរឹតតែជាពាក្យដែលអ្នកប្រើសម្រាប់កំទេចបេះដូងនាងមួយទំហឹង។

អ្នកគិតមែនទេថាក្តីស្រឡាញ់មនុស្សម្នាក់ជារឿងលេងសើច? អ្នកសប្បាយមែនទេដែលឃើញនាងឈឺចាប់បែបនេះ? អ្នកគិតអ្វីខ្លះចំពោះនាង? ឬនោះជាសេចក្តីសុខរបស់អ្នកដែលយកក្តីស្រឡាញ់មនុស្សស្រីម្នាក់មកជាន់ឈ្លីបែបនេះ?អ្នកមិនគួរយករឿងស្នេហារបស់នរណាម្នាក់មកលេងបែបនេះទេ ព្រោះថ្ងៃមួយអ្នកនឹងគ្មានឱកាសសូម្បីតែនិយាយថា នឹកនាង ចង់ឃើញនាង អ្នកនឹងគ្មានឱកាសនោះទៀតឡើយ។