មានរឿងជាច្រើនដែលមនុស្សស្រីមិនបានយល់ពីមនុស្សប្រុសទេ ហើយថែមទាំងយល់ខុសពីពួកគាត់ទៅវិញ។ ខាងក្រោមនេះជារឿងមួយចំនួនដែលមនុស្សស្រីគួរតែរៀនយល់ពីមនុស្សប្រុសខ្លះ ទើបជាការល្អជាពិសេសពេលមានទំនាក់ស្នេហា៖
១. ពេលមនុស្សប្រុសចង់នៅស្ងាត់
មនុស្សស្រីតែងតែគិតថាគាត់ឈប់ស្រឡាញ់នាង តែការពិតគាត់គ្រាន់តែចង់មានពេលបន្ធូរភាពតានតឹង ចំពោះបញ្ហាដែលកំពុងជួបប៉ុណ្ណោះ។ មនុស្សប្រុសពេលមានបញ្ហា គឺមិនសូវរអ៊ូរទាំច្រើនទេ គឺគាត់នៅស្ងៀម ហើយគិត។ គាត់ចៀសវាងនិយាយច្រើនជាមួយអ្នក ដែលអាចបង្កទៅជាជម្លោះ។
២. ពេលមនុស្សប្រុសមិនសូវចេះផ្អែមល្ហែម
មនុស្សស្រីតែងតែចង់បានសុភាពបុរស តែដល់ពេលគាត់មិនសូវចេះនិយាយ មិនសូវចេះលួង បែរជាអន់ចិត្តទៅវិញថាគេមិនសូវស្រឡាញ់ទៅវិញ។ ការពិតមនុស្សប្រុសដែលមិនមែនជាព្រាននារីគឺគាត់ច្បាស់ណាស់ មិនសូវផ្អែមល្ហែម និងលួងទេ តែបើសួរថាស្រឡាញ់ឬក៏អត់ ចម្លើយគឺគាត់ស្រឡាញ់ណាស់។

៣. មនុស្សប្រុសក៏ត្រូវការការថ្នាក់ថ្នម និងយល់ចិត្តដូចគ្នា
មនុស្សស្រីតែងតែចង់ឲ្យមនុស្សប្រុសយល់ពីខ្លួន ចង់បានការថ្នាក់ថ្នមពីមនុស្សប្រុស តែនាងបែរជាមើលរំលងតម្រូវបែបនេះលើមនុស្សប្រុសទៅវិញ។ ការពិតមនុស្សប្រុសក៏ចង់បានការយកចិត្តទុកដាក បារម្ភ ផ្អែមល្ហែម លើកទឹកចិត្ត ជម្រុញ និងគាំទ្រដូចគ្នា គ្រាន់តែគាត់មិនដែលទាមទារ ឬនិយាយចេញមក។
៤. មនុស្សប្រុសពូកែលាក់អារម្មណ៍
មែនទែនទៅមនុស្សប្រុសទើបជាមនុស្សពូកែលាក់អារម្មណ៍ មិនមែនមនុស្សស្រីទេ ព្រោះភាគច្រើនគឺគាត់មិននិយាយ មិនបង្ហាញ ព្រោះមិនចង់ឲ្យម្ខាងទៀតពិបាក។ មនុស្សប្រុសក៏មានសម្ពាធច្រើន តែគាត់នៅតែជ្រើសរើសលាក់ទុក ហើយធ្វើធម្មតា។

ការពិតមនុស្សស្រីក៏ដោយ មនុស្សប្រុសក៏ដោយ សុទ្ធតែមានអារម្មណ៍ដូចគ្នា គ្រាន់តែមនុស្សប្រុសមិនរអ៊ូ មិនបង្ហាញចេញក្រៅ រហូតដល់មនុស្សស្រីភាគច្រើនបានមើលរំលង។ ដូច្នេះសង្ឃឹមថាមនុស្សស្រីនឹងស្វែងយល់ពីគាត់ឲ្យបានច្រើន កុំគិតតែពីខ្លួនឯងពេក កុំអាងគេស្រឡាញ់ខ្លាំងក៏មិនសូវខ្វល់ពីគេ។