ចំណាយពេលអស់ជិត ៣០ ឆ្នាំទៅហើយ តែសូម្បីតែខ្លួនឯងចង់បានអី ខ្លួនឯងចង់ដើរទៅណា ក៏មិនដឹង? មួយឆ្នាំកន្លងទៅមួយឆ្នាំ គ្មានឃើញអីផ្លាស់ប្តូរក្រៅពីមុខចាស់ជាងមុន សតិអារម្មណ៍កាន់តែហត់នឿយ បើនិយាយពី Stress គឺ Stress សឹងតែរាល់ថ្ងៃ។
ថ្ងៃខ្លះ គ្មានកម្លាំងងើបពីគ្រែទេ តែក៏ត្រូវបង្ខំចិត្តក្រោក រត់ទៅធ្វើការឲ្យគេ ទាំងអារម្មណ៍មិនដឹងហោះទៅឋានណា។ មួយខែ ទៅមួយខែ ប្រាក់ខែដែលទទួលបានមិនដឹងបែកចែកទៅខាងណាអស់។
នេះជាអារម្មណ៍នៅខណៈពេលនេះ ជាអារម្មណ៍ដែលមិនដឹងថាត្រូវធ្វើរឿងបែបនេះដល់ពេលណា?
គួរបណ្ដោយពេលវេលាឲ្យដើរទៅមុខទាំងបែបនេះប៉ុន្មានឆ្នាំទៀត? ហេតុអីក៏ខ្លួនយើងជាម្ចាស់នៃដំណើរជីវិតខ្លួនឯងនេះ បែរបណ្ដោយខ្លួនឲ្យទៅតាមផ្លូវបែបនេះ?
បណ្ដោយខ្លួនព្រោះមិនហ៊ានងើបចេញពីកន្លែងដែលធ្លាប់សុខស្រួល (Comfort zone) ? បណ្ដោយខ្លួនព្រោះខ្លាច? បណ្ដោយខ្លួនព្រោះគ្មានទិសដៅជីវិត? បណ្ដោយខ្លួនព្រោះនៅតែសុញនេះ សុញនោះ?
ការពិតនេះគ្រាន់តែជាលេសមួយក្នុងចំណោមលេសជាច្រើនទៀតដែលយកមកបិទបាំង ការចេញទៅរកក្ដីស្រមៃពិតរបស់យើងតែប៉ុណ្ណោះ។ អារម្មណ៍ដែលធ្វើរឿងមិនមែនជាអ្វីដែលយើងស្រឡាញ់ និងអារម្មណ៍ដែលធ្វើរឿងយើងស្រឡាញ់គឺពិតជាខុសគ្នា ដូច្នេះកុំបណ្ដោយពេលវេលាច្រើនទៅមុខទៀតដោយបង្ខំខ្លួនឯងធ្វើរឿងដែលមិនមែនជាគោលដៅពិតប្រាកដរបស់ខ្លួនឯង។
គ្មានពេលច្រើនទៀតទេ កុំខ្ជះខ្ជាយវាទៀត កុំបណ្ដោយខ្លួនទៀត កុំទុកឲ្យក្តីស្រមៃអ្នកវានៅត្រឹមតែជាក្ដីស្រមៃ៕