
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ ។
មហាសង្ក្រានឆ្នាំថោះ បញ្ចសក័ ព.ស ២៥៦៧ គ.ស ២០២៣ ម.ស ១៩៤៥ ចុ.ស ១៣៨៥ សុភមសិតុ វរមគលី ចិយាតិរិ ព្រះពុទ្ធសករាជ ព្រះសាសនា អតិកតា កន្លងទៅហើយបាន ២៥៦៦ ត្រឹមថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចសក័ តទៅ ពុទ្ធសករាជ ២៥៦៧ នឹងគណនាឆ្នាំថោះឥឡូវនេះ៖

ទំនៀមចូលឆ្នាំខ្មែរ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ៍នបត, ថ្ងៃទី៣ ជាថ្ងៃឡើងវិរៈឡើងស័ក ។ សង្រ្កាន្តចូលនៅថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២៣ វេលាម៉ោង១៦.០០នាទី ត្រូវនឹងវេលាម៉ោង៤រសៀល ពេលនោះព្រះអាទិត្យចេញពីមេណរាសីទៅឋិតនៅឯ មេសរាសីតាមផ្លូវ គោវិថីគឺផ្លូវកណ្ដាល មានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅចតុមហារជ្ជកាល ទ្រង់អម្ពរពណ៌សេត ពណ៌ស លម្អនៅព្រះកាណ៌សៀតចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រហស្តឆ្វេងទ្រង់ពិណ្យ អង្គុយព័ទ្ធឆៀងបើកព្រះនេត្រលើខ្នងមហិស្សាជាពាហនៈ ទើបនាំអស់ទេវបុត្រទេវធីតាទាំង១សែនកោដិហោះទៅកាន់គុហារកែវធម្មាលីនាទីភ្នំកិលេសខេត្តហេមពាន ជាទីតម្កល់ទុកនូវព្រះសិរិសារបស់កបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំដង្ហែប្រទស្សិណភ្នំព្រះសុមេររាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទីទើបនាំយកទៅតម្កល់កន្លែងដើមវិញ។

មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ ។ គ្រឿងរណ្ដាប់ មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥, ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តានោះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗផងដែរ។ ។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន ។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ ថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ។ នេះជាទំនៀមទម្លាប់ប្រជាជនខ្មែរដែលបានបា្ររព្ធបុណ្យប្រពៃណីជាតិខ្មែរនេះតាំងពីបុរាណកាលមកម្ល៉េះ។



លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នេះជាទំនៀមទម្លាប់ប្រជាជនខ្មែរដែលបានបា្ររព្ធបុណ្យប្រពៃណីជាតិខ្មែរនេះតាំងពីបុរាណកាលមកម្ល៉េះ។
ប្រភព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ