ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលបានទទួលអនិច្ចកម្មដោយ រោគាពាធ ក្នុងជន្មាយុ 80ឆ្នាំ កាលពីម្សិលមិញនេះ ខណៈដែល វណ្ណដា កំពុងតែសម្តែងនៅអាមេរិក ដូច្នេះថ្ងៃនេះ ឆ្លៀតពីការងារលោកក៏បានបង្ហោះសារ ដែលជាសំណេរសរសេរដៃដូចខាងក្រោម៖
“នៅពេលដែលលឺដំណឹងមួយនេះ ពិតជាពិបាកទទួលយក ពិបាកនឹងទប់ទឹកភ្នែក ស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្បៈខ្មែរ តន្រ្តីខ្មែរ និងបាននាំឧបករណ៍តន្រ្តីបុរាណខ្មែរ ដូចជា ខ្លុយ ទ្រ ចាប៉ី ឃឹម មកតំណាងឲ្យប្រទេសកម្ពុជា ទទួលយកការស្រឡាញ់គាំទ្រ ការគោរពជាទៅមោទនៈ ស្រាប់តែទទួលបានដំណឹងដ៏ស្លុតចិត្តពីដែនដីកំណើត ដោយក្រុមការងារបានប្រាប់ថា លោកគ្រូ គង់ ណៃ បានទទួលមរណភាព ដោយជរាពាធ។
ដំណឹងមួយនេះពិតជាប៉ះទង្គិចផ្លូវចិត្តរបស់ខ្ញុំជាខ្លាំង ព្រោះលោកគ្រូ-លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាចំណែកដ័ធំមួយ នៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ពាក្យទូន្មានប្រៀបប្រដៅរបស់លោកគ្រូនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជារៀងរហូត បើទោះបីជាខ្ញុំផ្ទាល់មិនទាន់ត្រឡប់ទៅមាតិភូមិវិញ ទៅជួបលោកតាឲ្យទាន់ដង្ហើមចុងក្រោយ តែខ្ញុំដឹងថា លោកតាកំពុងតែជូនពរពួកយើង ឲ្យកំលាំងចិត្តពួកយើងបន្ថែមទៀត សម្រាប់ថែរក្សា និងការពារសំលេងនៃឧបករណ៍បុរាណខ្មែរ។ ការដែលបាត់បង់លោកតា គឺជាការបាត់បង់ធនធានដ៏អស្ចារ្យ ដែលលោកតាដើរតួយ៉ាងសំខាន់ ក្នុងការបង្រៀនយើងឲ្យតស៊ូក្នុងជីវិតមួយនេះ។
ជាចុងក្រោយ ខ្ញុំសូមផ្ញើក្តីស្រឡាញ់ ក្តីនឹករលឹក ជូនទៅកាន់ លោកយាយ អរគុណដែលបានមើលថែរក្សាការពារលោកតា មានក្តីស្រឡាញ់ឥតលក្ខខណ្ឌ ចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ជួនចំពោះលោកយាយ និងក្រុមគ្រួសារ សូមជូនពរ លោកយាយឲ្យមានសុខភាពល្អ អាយុយឺនយូរជារៀងរហូតតទៅ។ – ពីចៅ វណ្ណដា”
បន្ថែមពីនេះ វណ្ណដា ក៏បានបង្ហោះរូបភាពរបស់លោក ព្រមជាមួយនឹងព្រឹទ្ធាចារ្យលោកតា គង់ ណៃ កាលពីលោកនៅមានជីវិតផងដែរ។
ប្រភព៖ គណនី វណ្ណដា