ប្រវត្តិនំអន្សមនិងនំខ្មែរ ដែលទាក់ទងនឹងជំនឿរបស់ប្រជាជនខ្មែរ

Vachana-Food-3

នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេច ជារៀងរាល់ឆ្នាំ មិនដែលអាកខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌផងដែរ។ លើសពីនេះនំដែលពលរដ្ឋខ្មែរនិយមវេចក្នុងពីធីទាំងពីរនោះរួមមាន៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។ អត្ថន័យរបស់នំអន្សម៖ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក គឺជាអន្សមដាក់ចេកទុំទាំងមូលធ្វើជាស្នូល ។ ឯអន្សមជ្រូក ជាអន្សមដាក់សាច់ជ្រូកជាស្នូល និង អន្សមដូង ប្រើខ្ទិះដូងធ្វើជាស្នូល ។ មូលហេតុនាំឲ្យមានការវេចនំអន្សមនេះ តាមជំនឿសាសនាថា ៖ យោងតាម (Nom Ansom) ជាឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។ រីឯក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។ ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរទៅហើយ ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។

«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមកហើយ ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀតផង។ នេះហើយជាប្រវត្តិនំអន្សមដែលប្រជាជនខ្មែរតែងតែវេចសម្រាប់ពីធីបុណ្យនីមួយៗ។

ប្រភព៖ Fresh News

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង