កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថាស្រ្តីកូនខ្មែរ ៣រូបបានបង្ហាញនូវភាពអស្ចារ្យរបស់ពួកគេ ជូនមាតុភូមិ ដោយក្នុងនេះបានរៀនបញ្ចប់ការសិក្សា ផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។

ក្នុងនោះស្រ្តីទាំង ៣នាក់នោះមានដូចជា កញ្ញា ទិត្យ ម៉ារីណែត កញ្ញា ស៊ីវ គីមលី និងកញ្ញា ណោង ជាលិណា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា បញ្ញវន្តទាំង៤រូប ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនេះ រួមមានប្រុស១រូប និងស្រ្តី៣រូប ជាស្រ្តីខ្មែរដំបូងដែរលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។

ជាមួយគ្នានេះផងដែរ និស្សិតកម្ពុជាទាំង៤រូប ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

ប្រភព ៖ Ministry of Environment