ទម្លាប់​អាក្រក់​៥​យ៉ាង​មុន​ចូល​គេង ​ដែល​អាច​ប៉ះពាល់​ដល់​ការ​រំលាយ​អាហាររបស់អ្នក

Vachana-Website-Beauty-Health-V2-9

ការរំលាយអាហារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រពះរបស់អ្នក ប្រសិនបើអ្នកមានទម្លាប់អាក្រក់មួយចំនួនមុនពេលចូលគេង ប្រហែលអាចបង្កគ្រោះថ្នាក់ដល់បំពង់រំលាយអាហាររបស់អ្នកបានយ៉ាងងាយស្រួល។ ខាងក្រោមនេះ ជាទម្លាប់មិនល្អមួយចំនួនដែលអ្នកអាចឧស្សាហ៍ធ្វើ ប៉ុន្តែបែរជាមានផលប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នកដោយមិនដឹងខ្លួន ដូចនេះគួរតែកាត់បន្ថយ ៖

១. ញ៉ាំអាហារពេលល្ងាចយូរពេក

អ្នកធ្វើការ ឬនិស្សិតមួយចំនួន អាចនឹងញ៉ាំអាហារពេលល្ងាចយឺតដោយសារតែរវល់រៀន ឬរវល់បំពេញការងារ ហើយអ្នកខ្លះទៀតថែមទាំងញ៉ាំអាហារពេលល្ងាចក្រោយម៉ោង ៨ យប់ទៀតផង។ ដោយទម្លាប់នេះនឹងបង្កើនបន្ទុកលើបំពង់រំលាយអាហារ ដោយសារ​ពេល​ល្ងាច​ជា​ពេល​ដែល​ក្រពះ​ធ្វើការ​យឺត អ្នកជំនាញ​តែងតែ​ណែនាំ​អ្នក​មិន​ឱ្យ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ក្រោយ​ម៉ោង​៨ឡើយ​។ ដូច្នេះហើយ ចូរព្យាយាមរៀបចំកាលវិភាគការងាររបស់អ្នក ដើម្បីទទួលទានអាហារពេលល្ងាចឲ្យបានទាន់ពេល ដើម្បីជៀសវាងការប៉ះពាល់ដល់ក្រពះរបស់អ្នក។

២. ញ៉ាំច្រើនពេកនៅពេលល្ងាច

ថ្ងៃខ្លះ ដោយសារតែនឿយហត់ និង អស់កម្លាំងពីការងារពេក ការញ៉ាំអាហារពេលល្ងាច អាចជាពេលវេលាដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាក្នុងការសម្រាកដើម្បីបំពេញកម្លាំងរបស់ខ្លួនឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការញ៉ាំច្រើនពេកនៅពេលល្ងាចនឹងបង្កើនបន្ទុកលើបំពង់រំលាយអាហារ ព្រមទាំងប៉ះពាល់ដល់ដំណើរការរំលាយអាហារនៃក្រពះរបស់អ្នកទៀតផង។ លើសពីនេះ បើសិនជាអ្នកសម្រាកភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច វាអាចបណ្តាលឱ្យហើមពោះ ឈឺពោះបានយ៉ាងងាយ ហើយថែមទាំងប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅក្នុងពោះ និងប៉ះពាល់ផ្ទាល់ដល់ការគេងនៅពេលយប់ជាដើម។

៣.  ញ៉ាំអាហារក្តៅ និង ហឹរខ្លាំងនៅពេលល្ងាច

ការទទួលទានអាហារហឹរច្រើនពេកនៅពេលល្ងាច នឹងបង្កើនបន្ទុកលើរាងកាយ និងងាយបង្កជាកំដៅក្នុងខ្លួន ជាហេតុធ្វើឱ្យក្រពះត្រូវធ្វើការរឹតតែធ្ងន់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលយូរ វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក និងកាត់បន្ថយគុណភាពនៃការគេង ដូច្នេះ អ្នក​គួរ​កំណត់​ការ​ញ៉ាំ​ហឹរ​ខ្លាំង​នៅ​ពេល​ល្ងាច ដើម្បី​កាត់​បន្ថយ​បន្ទុក​លើ​ផ្លូវ​រំលាយ​អាហារ និង ក្រពះរបស់អ្នក។

៤. ញ៉ាំអាហារនៅពេលយប់ញឹកញាប់ពេក

មនុស្សមួយចំនួន ប្រហែលអាចធ្វើការដល់​យប់​ជ្រៅ ហើយ​តែងតែ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ពេលយប់​ដើម្បី​បំពេញ​ភាព​ស្រេកឃ្លានរបស់ខ្លួន​ ជាហេតុអាចដាក់សម្ពាធលើក្រពះ និងងាយបង្កឱ្យមានផលប៉ះពាល់ដល់ការរំលាយអាហារ។ លើសពីនេះ ការទទួលទានអាហារពេលយប់ញឹកញាប់ពេក អាចបង្កឱ្យធាត់បានយ៉ាងងាយ និង អាចធ្វើឲ្យក្រពះអ្នកមានជម្ងឺណាមួយជាមិនខាន។

៥. ការជក់បារី និងផឹកស្រាពេលយប់

បារី​មាន​សារធាតុ​ពុល​ជាច្រើន​ដែល​ងាយ​រលាក​ភ្នាស​បំពង់​រំលាយ​អាហារ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីកនៅក្នុងខ្លួនរបស់អ្នក។ ចំណែកឯ ស្រាមានផ្ទុកជាតិអាល់កុល ដូច្នេះវាអាចបង្កជាដំបៅក្រពះបានយ៉ាងងាយ ប្រសិនបើទទួលទានជាប្រចាំនៅពេលល្ងាច។ លើសពីនេះ ការផឹកស្រាមុនពេលចូលគេងក៏បណ្តាលឱ្យឈឺក្បាល និងវិលមុខបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹកផងដែរ។

នេះអាចជាទម្លាប់មិនល្អមួយចំនួនដែលអ្នកបានធ្វើមុនពេលចូលគេង អាចមកពីអ្នកមិនបានចាប់អារម្មណ៍ថាវាប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក ឬសុខភាពរបស់អ្នកឡើយ ដូចនេះបើសិនជាអាចអ្នកគួរតែកាត់បន្ថយខ្លះៗ ព្រោះវាអាចប៉ះពាល់ដល់ក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរបើទុកកាន់តែយូរ។

ប្រភព ៖ Sohu, Healthline

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង