ការចាក់វីតាមីនព្យាបាលជាំ ជាវីធីព្យាបាលយ៉ាងមានប្រសិទ្ធិភាព និង ជាជម្រើសល្អសម្រាប់អ្នកមានបញ្ហាទាំងអស់នេះ ប៉ុន្តែមុននឹងចាក់វីតាមីននេះ យើងត្រូវដឹងអ្វីខ្លះពីវីតាមីនព្យាបាលជាំនេះ ខាងក្រោមនេះជាការរៀបរាប់លម្អិតពីវេជ្ជបណ្ឌិត ឈុន ធានី ឯកទេសស្បែក និងសម្រស់។
![](https://vachanamedia.com/wp-content/uploads/2024/05/Doctor-Tips13-1024x1024.jpg)
ទាក់ទងនឹងបញ្ហាជាំ តើអ្វីទៅគឺជាជាំ? ជាំគឺជាការឡើងសន្ទះស្នាមក្រម៉ៅនៅលើស្បែក ដោយសារតែការសំយោគជាតិពណ៌មេឡានីននៅក្រោមស្បែកច្រើនខុសធម្មតា។ ចំណែកឯការព្យាបាលជាំវិញ គឺមានច្រើនវិធីក្នុងការព្យាបាល
១. ការចាក់បញ្ចូលវីតាមីនព្យាបាលជាំ ឬ Mesotherapy ៖ ជាមួយគ្នានេះ Mesotherapy គឺវាជួយព្យាបាលបានច្រើនយ៉ាងទៀត ដូចជាមុខមុន ស្នាមសង្វារ ជ្រុះសក់ ក៏ដូចសម្រាប់ថែទាំស្បែកមុខ ប្រឆាំងភាពចាស់នៃស្បែក ធ្វើឲ្យស្បែកហាប់ណែនល្អ
![](https://vachanamedia.com/wp-content/uploads/2024/05/facial_treatment_psq5nkl1r7el8wb4096g7oxwgakx5f0so82hiexzm0_1-1024x449.png)
ចុះតើ Mesotherapy សម្រាប់ការព្យាបាលជាំនេះគឺបែបម៉េច? វាគឺជាការចាក់បញ្ចូលនូវសារជាតិចិញ្ចឹម ក៏ដូចជាសារធាតុមួយចំនួនដូចជា Tranexamix Acid, Vitamin C, Nicotinamide, Alpha Arbutine និងសារធាតុផ្សេងៗទៀត ចូលទៅក្នុងស្រទាប់ទីពីរ ក្រោមស្បែក ដើម្បីឲ្យសារធាតុទាំងអស់ចូលទៅជួសជុលស្បែកដែលមានបញ្ហាខូច ឲ្យត្រឡប់មកជាធម្មតាវិញ ក៏ដូចជាទប់នូវការសំយោគជាតិមេឡានីន កុំឲ្យធ្វើការច្រើនខុសពីធម្មតា ។
![](https://vachanamedia.com/wp-content/uploads/2024/05/hmgs-service-images-melasma.jpg)
សួរថា តើនរណាខ្លះដែលសមស្របក្នុងការធ្វើ Mesotherapy នេះ? ចម្លើយគឺទាំងពីរភេទ ទាំងស្រីនិងប្រុសគឺអាចចាក់បានដូចគ្នា សម្រាប់ព្យាបាលបញ្ហាជាំ ហើយបញ្ហាជាំដែលសាកសមនឹង Mesotherapy គឺជាំនៅស្រទាប់ទីពីរ ព្រោះជាំចែកចេះជាបី មានជាំនៅស្រទាប់ទីមួយ ទីពីរ និងជាំនៅទាំងពីរស្រទាប់។ បញ្ហាជាំដែលសាកសមនឹង Mesotherapy គឺជាំនៅស្រទាប់ទីពីរព្រោះ ការលាបថ្នាំគឺវាចូលទៅអត់ដល់ទេ ទាល់តែធ្វើការចាក់ ហើយការចាក់គឺអាចចាក់បានរៀងរាល់ពីរសប្តាហ៍ម្តង យ៉ាងហោចក៏បានពី 4-6ដង។
ដើម្បីទទួលបានប្រសិទ្ធិភាព ក៏ដូចជាសុវត្ថិភាពនៅក្នុងការព្យាបាល អ្នកជំងឺគួរគប្បីមកទទួលការពិគ្រោះជាមួយដុកទ័រឯកទេសជាមុនសិន ដើម្បីឲ្យគ្រូពេទ្យធ្វើការវាយតម្លៃថាតើ ស្បែកមុខរបស់អ្នកជំងឺសាកសមជាមួយការចាក់ Mesotherapy ឬអត់ ចាក់វីតាមីនប្រភេទណា ហើយប្រសិនបើគាត់មកពិគ្រោះជាមួយនឹងគ្រូពេទ្យដែលមានចំណេះជំនាញពិតប្រាកដ នោះការព្យាបាលរបស់គាត់នឹងទទួលបានជោគជ័យខ្ពស់ខ្លាំង។
![](https://vachanamedia.com/wp-content/uploads/2024/05/Doctor-Time-Ep14-thumbnail-1024x576.jpg)
ហើយដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែខ្ពស់ អ្នកជំងឺត្រូវសហការជាមួយគ្រូពេទ្យឲ្យបានជាប់លាប់ល្អ ដូចជាលាបថ្នាំឲ្យបានទៀងទាត់ មកជួបគ្រូពេទ្យតាមការណាត់ និងលាបថ្នាំទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្រ និងជៀសវាងឲ្យបានកាន់តែច្រើននូវកាតត្រូវពន្លឺថ្ងៃ និងលាបគ្រីមការពារកម្តៅថ្ងៃឲ្យបានជាប់លាប់។
![](https://vachanamedia.com/wp-content/uploads/2024/05/sephora_content_platform_f5070b05_833c_49f5_9559_df6e07f6323b-1024x768.jpeg)
ទោះបីជាបញ្ហាជាំជាបញ្ហាពិបាកព្យាបាល ប៉ុន្តែសូមកុំមានការអស់សង្ឃឹម អ្នកអាចអញ្ចើញមកជួបគ្រូពេទ្រឯកទេសដើម្បីស្វែងរកដំណោះស្រាយ។