ថ្មីៗនេះ សៀវភៅមួយក្បាលដែលមានឈ្មោះថា “SAOY – Royal Cambodian Home Cuisine” ដែលជាស្នាដៃរបស់កូនខ្មែរឈ្មោះ រស់ រតនៈ បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនៃពានរង្វាន់ Best Of The Best Award in the Books Publishers (B02) នៅឯកម្មវិធី Gourmand World Cookbook Awards លើកទី 29 ។

ព្រឹត្តិការណ៍ដែលប្រារព្ធធ្វើម្ហូបឆ្ងាញ់បំផុតនេះ ត្រូវបានប្រារព្ធធ្វើនៅក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី 27 ដល់ 29 ខែវិច្ឆិកា ឆ្នាំ 2023 ហើយសមិទ្ធផលនេះ ជាសក្ខីភាព នៃការអបអរសាទរ សិល្បៈនៃការធ្វើម្ហូបខ្មែរ ការអភិរក្សប្រវត្តិសាស្ត្រ និងចែករំលែករសជាតិជាមួយ ដល់ពិភពលោកទាំងមូល ។

គួររំលឹកផងដែរថា សៀវភៅនេះពុំត្រឹមតែជាសៀវភៅធ្វើម្ហូបធម្មតានោះទេ តែវាជាបញ្ជីសារពើពន្ធផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីមរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ ដែលបានបន្សល់ទុកាយូរឆ្នាំមកហើយ។
រូបមន្តទាំងនេះ ក៏ធ្លាប់បានបោះពុម្ពផ្សាយ និងបង្រៀននៅតាមសាលាក្នុងទីក្រុងភ្នំពេញរវាងទស្សវត្សរ៍ ១៩៥០ និង១៩៦០ ដោយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ។

ពេលនេះចុងភៅណាក់ (Chef Nak) បានស្រាវជ្រាវយកមកវិញ ដោយលោកអ្នកមិនត្រឹមតែអាចទទួលបាននូវរូបមន្តចម្អិនម្ហូបដ៏មានឱជារសប៉ុណ្ណោះទេ ថែមទាំងទទួលបានអារម្មណ៍ល្អពិសេសជាមួយស្នាដៃរចនារូបភាពម្ហូប គំនូរបុរាណយ៉ាងល្អប្រណីតពីព្រះបរមរាជវាំង និងគំនូរនៃគ្រឿងផ្សំដែលជាស្នាដៃដ៏បុិនប្រសប់របស់វិចិត្រករវ័យក្មេង ទៀតផង ដែលមានទាំងភាសាអង់គ្លេស និងភាសាខ្មែរ។

