ពិតណាស់ មានជួបតែងតែមានបែក តែក្នុងឆ្នាំ ២០២៣ នេះបានក្លាយជាឆ្នាំមួយ ដែលអ្នកគាំទ្រមានការសោកស្តាយខ្លាំង ដោយសារតែគូស្នេហ៍ល្បីៗជាច្រើន បានប្រកាសពីដំណឹងចែកផ្លូវគ្នាជាបន្ដបន្ទាប់ មិនថាតារាអាស៊ីឬអឺរ៉ុប។ ហើយចង់ដឹងថាមានតារាណាខ្លះដែលធ្វើឲ្យហ្វេនសោកស្តាយ នូវការចែកផ្លូវគ្នារបស់ពួកគេ សូមទស្សនារូបភាព និងអានអត្ថបទខាងក្រោម៖
១. Jisoo និង Ahn Bo-Hyun
កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មានកូរ៉េបានចុះផ្សាយថា សមាជិកក្រុម BLACKPINK Jisoo និងតារាសម្ដែង Ahn Bo-Hyun បានចែកផ្លូវគ្នាហើយ។ ទន្ទឹមនឹងនេះ ផលិតកម្ម YG ដែលជាទ្រនំរបស់ Jisoo ក៏បានចេញបញ្ជាក់ផងដែរថា នេះគឺជារឿងពិត ហើយដំណឹងនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ដោយសារអ្នកទាំងពីរទើបតែប្រកាស ដំណឹងល្អទាក់ទងគ្នាកាលពីខែ សីហា ឆ្នាំ ២០២៣ កន្លងទៅ ពោលគឺទើបតែបាន ២ខែប៉ុណ្ណោះ។

២. Hyeri និង Ryu JunYeol
កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ គូស្នេហ៍មួយគូនេះបានប្រកាសចែកផ្លូវគ្នា ក្រោយសេពគប់គ្នា ៧ ឆ្នាំ។ ក្នុងនោះផលិតកម្មរបស់ពួកគេក៏បានបញ្ជាក់ឲ្យដឹងផងដែរថា Hyeri និង Ryu JunYeol បានចែកផ្លូវគ្នា និងត្រឡប់មករាប់អានគ្នាជាមិត្ដភក្ដិវិញ ដែលការចែកផ្លូវគ្នានេះគឺសម្រេច ក្រោយពីអ្នកទាំងពីរបានពិភាក្សាអស់រយៈពេលជាយូរ។ គួរបញ្ជាក់ថា តារាប្រុសស្រីទាំងពីរនេះ ត្រូវបាន Dispatch ទម្លាយពីទំនាក់ទំនងស្នេហាកាលពីដើមឆ្នាំ ២០១៧ ក្រោយសម្ដែងរឿងភាគ Reply 1988 រួមគ្នារួច។

៣. Ariana Grande និង Dalton Gomez
Grande បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយ Gomez ដែលជាភ្នាក់ងារអចលនទ្រព្យដ៏ប្រណិត នៅដើមឆ្នាំ ២០២០ ហើយពួកគេបានចងភ្ជាប់ពាក្យមួយឆ្នាំក្រោយមក តែគួរឲ្យស្តាយពួកគេបានបែកគ្នា នៅដើមឆ្នាំ ២០២៣នេះ ហើយពួកគេបានដាក់ពាក្យលែងលះនៅរដូវក្តៅនេះផងដែរ។

៤. Kathryn Bernardo និង Daniel Padilla
គូស្នេហ៍ហ្វីលីពីនដ៏ល្បីល្បាញ ដែលបានសេពគប់គ្នាជាង ១១ ឆ្នាំ Kathryn Bernardo និង Daniel Padilla បានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗ ដែលដំណឹងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែអ្នកទាំងពីរជាគូស្នេហ៍ដ៏ល្បី និងមានភាពផ្អែមល្ហែមជាខ្លាំងមួយក្នុងចំណោមតារាជាច្រើនទៀត។ គួររំលឹកផងដែរថា Kathryn Bernardo និង Daniel Padilla បានជួបគ្នា និងរួមការងារជាមួយគ្នាលើកដំបូងក្នុងឆ្នាំ ២០១១ និងចាប់ផ្ដើមសេពគប់គ្នាតាំងពីឆ្នាំ ២០១២ ក្រោយមកក៏បានប្រកាសពីទំនាក់ទំនង ជាផ្លូវការក្នុងឆ្នាំ ២០១៨។
