ហាងកាហ្វេ ភ្លេងចន្ទ បានបង្កើតកម្មវិធីបរិច្ចាគសៀវភៅមួយឈ្មោះថា “ចែកគ្នាអាន!”ដោយកម្មវិធីនេះ បានសហការជាមួយយុទ្ធនាការ One Book One Community (សៀវភៅមួយ សហគមន៍មួយ) ដើម្បីជួយទៅដល់ក្មេងៗដែលកំពុងមានជីវភាពខ្វះខាត ក្នុងការទិញសៀវភៅអាន និង ជួយលើកទឹកចិត្តដល់កុមារ ដើម្បីពង្រឹងការអានសៀវភៅផងដែរ។

នេះបើតាមអ្វីដែល កញ្ញា Loem Chhunhor (លឹមឈុនហ័រ) ដែលជា Admin និង ជា Programs editors នៅក្នុង PLENG CHAN coffee and Eatery បានប្រាប់មកកាន់ វចនា ។ លើសពីនេះ កម្មវិធីនេះធ្វើឡើង មិនមែនដើម្បីផលចំណេញឡើយ គឺគ្រាន់តែចង់ផ្សព្វផ្សាយទៅដល់សាធារណៈជន ដែលគាត់មានសៀវភៅចាស់ៗដែលទុកចោល និង មិនដែលបានយកមកអាន ដើម្បីជួយចែករំលែក ឬបរិច្ចាគសៀវភៅទាំងអស់នោះ ទៅដល់ក្មេងៗដែលនៅតាមជនបទ ក៏ដូចជាខេត្តនានា និង ជួយលើកកម្ពស់ដល់ការធ្វើការងារសង្គម ចំពោះអ្នកដែលមានជីវភាពខ្វះខាតក្នុងការទិញសៀវភៅថ្មីៗឲ្យកូនៗបានអានផងដែរ។

ជាមួយគ្នានេះដែរ សម្រាប់កម្មវិធី« ចែកគ្នាអាន » គឺមានរយៈពេលរហូតទៅដល់ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2023 ខាងមុខនេះ។ ដូច្នេះ សម្រាប់អ្នកដែលចង់បរិច្ចាគសៀវភៅ អាចមកដល់ទៅតាំងផ្ទាល់ក៏បាន ដែលទីតាំងសម្រាប់ការទទួលសៀវភៅនៅហាងផ្ទាល់គឺនៅ PLENG CHAN បឹងកេងកង និង សាខាទួលទំពូង។ មិនថាសៀវភៅបែប កំប្លែង រឿងនិទាន សៀវភៅពុម្ព សៀវភៅគំនូរតិចៗ ឲ្យតែជាភាសាខ្មែរ អ្នកសុទ្ធតែអាចបរិច្ចាគបានទាំងអស់។

ម្យ៉ាងទៀត សៀវភៅដែលអ្នកទាំងអស់គ្នាបានបរិច្ចាគនោះ ដៃគូសហការ សៀវភៅមួយ សហគមន៍មួយ ជាអ្នកចែកចាយសៀវភៅទៅដល់ក្មេងៗទាំង 25ខេត្ត ហើយនឹងមានរៀបចំកាលវិភាគ ចែកតាមខេត្តនីមួយៗ។ ជាក់ស្តែងនៅក្នុង ខែមករា ឆ្នាំ 2024 ខាងមុខនេះ យុទ្ធនាការ one book one community នឹងធ្វើដំណើរចុះទៅខេត្ត ព្រៃវែង និង ស្វាយរៀង ដើម្បីជូនសៀវភៅដល់កុមារ។

រឿងដែលកាន់តែរីករាយ នៅថ្ងៃអនាគត ឬ ថ្ងៃខាងមុខបន្ទាប់ទៀត ហាងកាហ្វេ PLENG CHAN ក៏នឹងបង្កើតកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀត មិនថាជាការចែករំលែកសៀវភៅ ជាថវិកា ឬជាសម្ភារៈផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន ហើយនឹងស្វែងរកខាងអង្គការ ឬដៃគូសហការដទៃទៀតដើម្បីចូលរួមជាមួយគ្នា។

ក្នុងនាមជាអ្នករៀបចំក៏ដូចជាតំណាង ភ្លេងច័ន្ទ ទាំងមូលគឺពួកគាត់ភាពសប្បាយរីករាយនឹងធ្វើកម្មវិធីនេះឡើង ព្រមទាំងព្យាយាមបំផុសគំនិតដល់កុមារ ឬអាន សម្រាប់ពង្រឹងការអានសៀវភៅឡើងវិញ និង អាចផ្តល់ជាក្តីស្រឡាញ់ដល់កុមារក្នុងការជួយបរិច្ចាគសៀវភៅនានា។