ដូចដែលដឹងរួចមកហើយថា កាលពីមុនទំព័រហ្វេសប៊ុកផ្លូវការ Touch Bopha-Thyda PNN បានប្រកាសឱ្យដឹងថាកញ្ញា ស៊ីន យូប៊ីន ដែលតារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស នឹងត្រូវធ្វើដំណើរទៅចូលរួមកម្មវិធី REDSEA FILM FESTIVAL 2023 នៅប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣។

ជាមួយនឹងការចូលរួមកម្មវិធីនេះ ធ្វើឲ្យកញ្ញា ស៊ីន យូប៊ីន ក្លាយជាសិល្បករខ្មែរដំបូងគេបង្អស់ ដែលនឹងលេចវត្តមានដើរលើកម្រាលព្រំក្រហម នៃកម្មវិធី REDSEA FILM FESTIVAL 2023 នេះ។
ហើយពិតជាមិនឲ្យខកបំណងទេ ព្រោះជាធម្មតាកញ្ញាតែងតែពាំនាំអត្តសញ្ញាណជាតិខ្មែរ ឲ្យបរទេសស្គាល់មិនថាការបញ្ចូលទង់ជាតិខ្មែរ ផ្កាតំណាងជាតិជាដើម ហើយលើកនេះគឺកាន់តែពិសេស ដោយកញ្ញា ស៊ីន យូប៊ីន បានពាំនាំយកព្យញ្ជនៈខ្មែរ និងលេខខ្មែរ ទៅប៉ាក់ដិនជាប់នឹងរូបពណ៌ប្រាក់ដ៏ស្រស់ស្អាតរបស់នាង បង្ហាញនៅលើឆាកអន្តរជាតិផងដែរ។

គួររំលឹកផងដែរថា កម្មវិធី REDSEA FILM FESTIVAL 2023 ដែលតារាស្រីរូបនេះបានទៅចូលរួម គឺជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក និងមានការរួមមានពីតារាភាពយន្តលំដាប់អាស៊ី និងហូលីវូដ យ៉ាងច្រើនកុះករ ដូចជា Sharon Stone, Naomi Campbell, Halle Berry, Johnny Depp, Leonardo DiCaprio, Sofia Vergara, Mai Davikah, Apo Nattawin, Milephakphum …។





