មនុស្សស្រីមួយចំនួនអាចមើលរំលងពីចំណុចតូចៗខ្លះ ដែលអាចជួយបង្កើនដល់ការជឿជាក់ និង ភាពស្រស់ស្អាត
នៃរូបរាងរបស់ពួកគេដោយគិតថារឿងនោះមិនសំខាន់ ប៉ុន្តែចំណុចតូចៗខ្លះដែលជាភាពលេចធ្លោដែលមនុស្សស្រិមិនអាចខ្វះបាន។ ខាងក្រោមនេះគឺជារឿង តូចៗដែលសាមញ្ញៗ តែបើមនុស្សស្រីយកចិត្តទុកដាក់នោះសម្រស់នឹងកើនទ្វេដង
១. ប្រើក្លិនទឹកអប់ដែលសក្កិសមជាមួយអ្នក
ក្លិនក្រអូបគឺជាភាពទាក់ទាញមួយដែលមនុស្សស្រីមិនអាចមើលរំលងនោះទេ តែអ្វីដែលកាន់តែពិសេសគឺជ្រើសរើសក្លិនទឹកអប់ដែលសក្តិសមនឹងអ្នក។ ព្រោះក្លិនក្រអូបនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកយល់ថាអ្នកជាមនុស្សដែលមានភាពទាក់ទាញ និងស្រស់ស្អាត ដោយមិនដឹងខ្លួន។ ដូចនេះគួរតែផ្លាស់ប្តូរប្រភេទក្លិនដែលដិតពេក និងខ្លាំងពេកដោយងាកមកស្វែងរកក្លិនក្រអូបជាច្រើនប្រភេទដែលជាក្លិនស្រាលៗបែបទាក់ទាញទៅតាមកាលៈទេសៈវិញ។
២. ធ្វើក្រចករបស់អ្នកឲ្យស្អាតៗ
រឿងនេះមិនចាំបាច់ត្រូវលាបពណ៌រហូតនោះទេ ប៉ុន្តែអ្នកត្រូវឧស្សាហ៍ ពិនិត្យក្រចករបស់អ្នកកុំឲ្យមានដីឬក្រចកខ្មៅស្រអាប់ ព្រោះមើលទៅវាមិនស្អាត និងគ្មានអនាម័យ។ លើសពីនេះការផ្លាស់ប្តូរសាមញ្ញនេះគឺមានភាពទាក់ទាញណាស់សម្រាប់មនុស្សដែលសម្លឹងមើលមកអ្នក ព្រោះគេគិតថាអ្នកជាមនុស្សដែលមានអនាម័យខ្ពស់ និងស្រឡាញ់ភាពស្រស់ស្អាតនៃរាងកាយរបស់អ្នកដូចគ្នា។
៣. រៀនគូរចិញ្ចើមរបស់អ្នក
សកម្មភាពសាមញ្ញនេះជួយបង្កើនដល់សម្រស់ និង ភាពទាក់ទាញរបស់អ្នក។ លើសពីនេះការរៀនគូរចិញ្ចើមរបស់អ្នកពិតជាអាចផ្លាស់ប្តូរទម្រង់មុខរបស់អ្នកបានបន្តិចមែន ហើយធ្វើឲ្យអ្នកនឹងឃើញពីភាពខុសគ្នានៅពេលដែលចិញ្ចើមរបស់អ្នកមានទម្រង់ស្អាត។
៤. មានគ្រឿងលម្អជាប់ខ្លួន
ពិតណាស់មនុស្សស្រីដែលស្រស់ស្អាតមិនចាំបាច់ពាក់គ្រឿងអលង្ការច្រើនពេកនោះទេ ប៉ុន្តែក៏មិនមែនត្រូវគ្មានជាប់ខ្លួននោះដែរព្រោះវាជួយលើកសម្រស់ និងភាពទាក់ទាញបានមួយកម្រិតទៀតផង។ ម្យ៉ាងទៀតអ្នកអាច ជ្រើសរើស ខ្សែដៃ ឬ អាចជាខ្សែក ជាលក្ខណៈបែបគុជខ្យង ឬខ្សែតូចៗ មកលម្អខ្លួនដោយមិនចាំបាច់ធំពេកនោះទេ ប៉ុន្តែប្រភេទម៉ូតដែល cute cute ព្រោះអាចឲ្យអ្នកដទៃមើលមកអ្នកមានភាពទាក់ទាញកាន់តែខ្លាំង។
៥. ផ្លាស់ប្តូរម៉ូតសក់របស់អ្នក
ម៉ូតសក់ជាផ្នែកមួយដែលសំខាន់ចំពោះមនុស្សស្រី និងជួយឲ្យសម្រស់មនុស្សស្រីកាន់តែស្រស់ស្អាតលើសពីធម្មតា។ លើសពីនេះអ្នកគួរតែរៀនផ្លាស់ប្តូរម៉ូតសក់របស់អ្នកកុំឲ្យដដែលៗពេកអី ព្រោះនៅពេលដែលសក់ស្អាត គឺបង្កើនភាពជឿជាក់។
ចំណុចខ្លះគួរតែរៀនផ្លាស់ប្តូរ ព្រោះនៅពេលដែលបានផ្លាស់ប្តូរនូវអ្វីមួយចំនួន អ្នកនឹងទទួលអារម្មណ៍ដែលថ្មីៗ។ ការផ្លាស់ប្តូរសាមញ្ញមិនមែនជារឿងមួយដែលពិបាកនោះទេ ប៉ុន្តែជួយឲ្យអ្នកមានការជឿជាក់ចំពោះខ្លួនឯងផងដែរ។