ដោយសង្កេតឃើញថាមានករណីជម្ងឺហ្ស៊ីកាកើតឡើង យើងខ្ញុំសូមលើកយកបទបង្ហាញស្តីអំពី ” ចំណុចសំខាន់ៗរបស់ជម្ងឺហ្សីកា លើប្រជាជនទូទៅ និង ស្ត្រីមានផ្ទៃពោះ ” ។ ហើយថ្ងៃនេះ លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសផ្នែកជម្ងឺឆ្លងនៅ Mémoire Polyclinic and Maternity នឹងលម្អិតទៅលើរឿងនេះ៖
តើអ្វីជាជម្ងឺហ្សីកា?
+ ជាជម្ងឺដែលចម្លងដោយពពួកវ៉ីរុស ប្រហាក់ប្រហែលនឹងជម្ងឺគ្រុនឈាម ឬ គ្រុនឈិក ភ្នាក់ងារចម្លងគឺពពួកមូសខ្លា ដែលមានប្រភេទផ្សេងៗពីគ្នា ។
+ ត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៤០ដោយមានការចម្លងនៅអាហ្វ្រិក បន្ទាប់មកឆ្នាំ១៩៥០ និង មានករណីផ្ទុះថ្មីចុងក្រោយនៅប្រស៊ីល ឆ្នាំ ២០១៧ ។
តើអ្នកជម្ងឺអាចលេចចេញជាសញ្ញាអ្វីខ្លះ? បង្កហានិភ័យអ្វីខ្លះដល់សុខភាព?
+ ភាគច្រើនចំពោះមនុស្សទូទៅមិនសូវបង្កបញ្ហាធ្ងន់ធ្ងរទេ(អាចមិនមានសញ្ញាអ្វីទាំងអស់) រោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម ឬ គ្រុនឈិក ៖ ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឡើងស្នាមក្រហមលើស្បែក និងអាចមានអាការៈក្រហម ឬ រមាស់ភ្នែក។
+ ករណីធ្ងន់ធ្ងរ អាចបណ្តាលអោយមានការហូរឈាមតាមកន្លែងផ្សេងៗនៃរាង្គកាយទៅតាមកំរិតនៃការថយចុះរបស់គោលិកាឈាមម្យ៉ាងឈ្មោះថា ប្លាកែត ។
+ ផលវិបាកភាគច្រើនកើតមាននៅពេល Zika កើតលើស្ត្រីមានផ្ទែពោះ (ដោយសារប្រពន្ធ័ការពាររាង្គកាយខ្សោយ) ឬ មានលើទារកក្នុងផ្ទៃ និង ក្រោយសម្រាល(ជំងឺនេះអាចចម្លងតាមរយៈសុក ទៅកូន) ដែលអាចបណ្តាលអោយស្លាប់ក្នុងពោះ កើតមកមានទំហំក្បាលតូចជាងធម្មតា មានបញ្ហាប្រព័ន្ធប្រសាទ បញ្ហាទាក់ទងនឹងភ្នែក ឬ សាច់ដុំ។
តើរោគវិនិច្ឆ័យធ្វើឡើងបែបណា?
+ សាកសួរប្រវត្តិនៃការធ្វើដំណើរ និង ការពាក់ពន្ធ័នឹងតំបន់ដែលសំបូរមូសខ្លា ។
+ ពិនិត្យរោគសញ្ញាជាក់ស្តែង( ដូចរៀបរាប់ខាងលើ)។
+ រោគវិនិច្ឆ័យ ធ្វើឡើងដោយការបូមឈាមដើម្បីបញ្ជាក់វត្តមានមេរោគ( PCR Testing ) ។
តើត្រូវព្យាបាល និង ការពារដោយវិធីណា?
មកដល់ពេលនេះមិនទាន់មានការព្យាបាលជំងឺ Zika នៅឡើយទេ។ ការព្យាបាល ក្នុងគោលបំណងបំបាត់រោគសញ្ញា និង បន្ថយការវិវដ្តទៅសភាពធ្ងន់ធ្ងរ។
+ ការការពារ ជារឿងសំខាន់បំផុតសម្រាប់ជំងឺឆ្លង ៖
+ ទប់ស្កាត់ការខាំរបស់មូសខ្លា និង បំបាត់ជំរកមូសខ្លា គឺបង្ការការចម្លងពីវ៉ីរុស Zika ។
+ កុំស្ថិតនៅទីងងឹតពិសេសពេលថ្ងៃ នៅកន្លែងដែលមានពន្លឺ និង ខ្យល់ចេញចូលគ្រប់គ្រាន់។