ការរំលាយអាហារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រពះរបស់អ្នក ប្រសិនបើអ្នកមានទម្លាប់អាក្រក់មួយចំនួនមុនពេលចូលគេង ប្រហែលអាចបង្កគ្រោះថ្នាក់ដល់បំពង់រំលាយអាហាររបស់អ្នកបានយ៉ាងងាយស្រួល។ ខាងក្រោមនេះ ជាទម្លាប់មិនល្អមួយចំនួនដែលអ្នកអាចឧស្សាហ៍ធ្វើ ប៉ុន្តែបែរជាមានផលប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នកដោយមិនដឹងខ្លួន ដូចនេះគួរតែកាត់បន្ថយ ៖
១. ញ៉ាំអាហារពេលល្ងាចយូរពេក
អ្នកធ្វើការ ឬនិស្សិតមួយចំនួន អាចនឹងញ៉ាំអាហារពេលល្ងាចយឺតដោយសារតែរវល់រៀន ឬរវល់បំពេញការងារ ហើយអ្នកខ្លះទៀតថែមទាំងញ៉ាំអាហារពេលល្ងាចក្រោយម៉ោង ៨ យប់ទៀតផង។ ដោយទម្លាប់នេះនឹងបង្កើនបន្ទុកលើបំពង់រំលាយអាហារ ដោយសារពេលល្ងាចជាពេលដែលក្រពះធ្វើការយឺត អ្នកជំនាញតែងតែណែនាំអ្នកមិនឱ្យញ៉ាំអាហារពេលល្ងាចក្រោយម៉ោង៨ឡើយ។ ដូច្នេះហើយ ចូរព្យាយាមរៀបចំកាលវិភាគការងាររបស់អ្នក ដើម្បីទទួលទានអាហារពេលល្ងាចឲ្យបានទាន់ពេល ដើម្បីជៀសវាងការប៉ះពាល់ដល់ក្រពះរបស់អ្នក។
២. ញ៉ាំច្រើនពេកនៅពេលល្ងាច
ថ្ងៃខ្លះ ដោយសារតែនឿយហត់ និង អស់កម្លាំងពីការងារពេក ការញ៉ាំអាហារពេលល្ងាច អាចជាពេលវេលាដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាក្នុងការសម្រាកដើម្បីបំពេញកម្លាំងរបស់ខ្លួនឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការញ៉ាំច្រើនពេកនៅពេលល្ងាចនឹងបង្កើនបន្ទុកលើបំពង់រំលាយអាហារ ព្រមទាំងប៉ះពាល់ដល់ដំណើរការរំលាយអាហារនៃក្រពះរបស់អ្នកទៀតផង។ លើសពីនេះ បើសិនជាអ្នកសម្រាកភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច វាអាចបណ្តាលឱ្យហើមពោះ ឈឺពោះបានយ៉ាងងាយ ហើយថែមទាំងប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅក្នុងពោះ និងប៉ះពាល់ផ្ទាល់ដល់ការគេងនៅពេលយប់ជាដើម។
៣. ញ៉ាំអាហារក្តៅ និង ហឹរខ្លាំងនៅពេលល្ងាច
ការទទួលទានអាហារហឹរច្រើនពេកនៅពេលល្ងាច នឹងបង្កើនបន្ទុកលើរាងកាយ និងងាយបង្កជាកំដៅក្នុងខ្លួន ជាហេតុធ្វើឱ្យក្រពះត្រូវធ្វើការរឹតតែធ្ងន់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលយូរ វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក និងកាត់បន្ថយគុណភាពនៃការគេង ដូច្នេះ អ្នកគួរកំណត់ការញ៉ាំហឹរខ្លាំងនៅពេលល្ងាច ដើម្បីកាត់បន្ថយបន្ទុកលើផ្លូវរំលាយអាហារ និង ក្រពះរបស់អ្នក។
៤. ញ៉ាំអាហារនៅពេលយប់ញឹកញាប់ពេក
មនុស្សមួយចំនួន ប្រហែលអាចធ្វើការដល់យប់ជ្រៅ ហើយតែងតែមានទម្លាប់ញ៉ាំអាហារពេលយប់ដើម្បីបំពេញភាពស្រេកឃ្លានរបស់ខ្លួន ជាហេតុអាចដាក់សម្ពាធលើក្រពះ និងងាយបង្កឱ្យមានផលប៉ះពាល់ដល់ការរំលាយអាហារ។ លើសពីនេះ ការទទួលទានអាហារពេលយប់ញឹកញាប់ពេក អាចបង្កឱ្យធាត់បានយ៉ាងងាយ និង អាចធ្វើឲ្យក្រពះអ្នកមានជម្ងឺណាមួយជាមិនខាន។
៥. ការជក់បារី និងផឹកស្រាពេលយប់
បារីមានសារធាតុពុលជាច្រើនដែលងាយរលាកភ្នាសបំពង់រំលាយអាហារ និងបង្កើនហានិភ័យនៃជំងឺមហារីកនៅក្នុងខ្លួនរបស់អ្នក។ ចំណែកឯ ស្រាមានផ្ទុកជាតិអាល់កុល ដូច្នេះវាអាចបង្កជាដំបៅក្រពះបានយ៉ាងងាយ ប្រសិនបើទទួលទានជាប្រចាំនៅពេលល្ងាច។ លើសពីនេះ ការផឹកស្រាមុនពេលចូលគេងក៏បណ្តាលឱ្យឈឺក្បាល និងវិលមុខបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹកផងដែរ។
នេះអាចជាទម្លាប់មិនល្អមួយចំនួនដែលអ្នកបានធ្វើមុនពេលចូលគេង អាចមកពីអ្នកមិនបានចាប់អារម្មណ៍ថាវាប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក ឬសុខភាពរបស់អ្នកឡើយ ដូចនេះបើសិនជាអាចអ្នកគួរតែកាត់បន្ថយខ្លះៗ ព្រោះវាអាចប៉ះពាល់ដល់ក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរបើទុកកាន់តែយូរ។
ប្រភព ៖ Sohu, Healthline