ទម្លាប់ថែទាំស្បែកមុខខ្លះប្រហែលជាយើងមិនចាប់អារម្មណ៍ទេ គិតថាមិនមានបញ្ហា តែការពិតវាអាចធ្វើឲ្យស្បែកមុខយើងខូចបាន។ ថ្ងៃនេះ ខ្ញុំនឹងប្រាប់ពីទម្លាប់មិនល្អទាំង៦ ក្នុងការថែរក្សាស្បែកមុខដែលនាំឲ្យមុខមិនស្រស់ស្អាត មិនភ្លឺថ្លាដូចអ្វីដែលយើងរំពឹងចង់បាន៖
១. មិនដឹងពីស្បែកមុខខ្លួនឯង ថាស្ថិតក្នុងប្រភេទមួយណា
ស្បែកមុខមានទៅតាមប្រភេទផ្សេងៗគ្នា ដូចជាស្បែកមុខប្រេង ស្បែកមុខស្ងួត ស្បែកមុខងាយប្រតិកម្មជាដើម ដូច្នេះជារឿងចំបងអ្នកត្រូវស្គាល់ពីប្រភេទស្បែកមុខខ្លួនឯងជាមុនសិន។ ទម្លាប់ថែរក្សាមុខទាំងមិនដឹងពីប្រភេទស្បែកមុខខ្លួនឯង គឺដូចយកលុយទៅបោះចោលចឹង មិនស្រួលៗស្បែកមុខខូចលើសដើមទៀត។
២. ទម្លាប់សម្អាតមុខខ្លាំងៗ ហើយលើសពី២ដងក្នុងមួយថ្ងៃ
ការលាងមុខលើសពី២ដងក្នុងមួយថ្ងៃ អាចឲ្យស្បែកអ្នកស្ងួត ហើយការកើនឡើងប្រេងក៏កាន់តែខ្ពស់ ដែលនាំឲ្យមានការកើតមុនផងដែរ ដូច្នេះការលាងមុខដែលត្រឹមត្រូវគឺលាងថ្នមៗ ហើយត្រឹមតែ២ដងក្នុង១ថ្ងៃបានហើយ។
៣. ទម្លាប់មិនលាបក្រែមផ្ដល់សំណើម
នៅពេលដែលស្បែកមុខអ្នកមិនបានទទួលសំណើមគ្រប់គ្រាន់ទេ ក្រពេញខ្លាញ់នឹងបង្កើនការផលិតប្រេងកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្តឡើងមុន។ លើសពីនេះស្បែកមុខដែលខ្វះសំណើមនឹងស្ងួត ប្រេះ របក ដែលជាហេតុធ្វើឲ្យស្បែកមុខចាប់ផ្ដើមចាស់ ហើយខូចខាតពីមួយថ្ងៃទៅមួយថ្ងៃ
៤. ទម្លាប់មិនលាបឡេការពារកម្ដៅថ្ងៃ
អ្វីៗនឹងប្រែទៅជាអស់ន័យនៅពេលអ្នកមិនបានលាបឡេការពារកម្ដៅថ្ងៃ ព្រោះវាពិតជាសំខាន់ក្នុងការពារស្បែកមុខអ្នកពីការបំផ្លាញដោយកម្តៅព្រះអាទិត្យ។ ស្បែកអ្នកនឹងស្ងួត ជាំ ចេញអាចម៍រុយ ជាបណ្ដើរៗនៅពេលអ្នកមិនប្រើឡេការពារកម្ដៅថ្ងៃ ហើយ skincare ដែលអ្នកខំលាបក៏ក្លាយជាអាសារបង់ដែរ។
៥. ទម្លាប់ប្រើប្រាស់ Skincare មិនត្រូវតាមលំដាប់លំដោយ
តែងតែរអ៊ូថាមាន skincare គ្រប់មុខអស់ហើយ តែមុខនៅតែមិនស្អាត ចឹងតែបើអ្នកប្រើមិនត្រូវតាមលំដាប់លំដោយ ក៏មិនទទួលបានប្រសិទ្ធភាពដែរ។ដូច្នេះហើយ អ្នកត្រូវចេះពីរបៀបប្រើប្រាស់ skincare ឲ្យត្រឹមត្រូវ និងតាមលំដាប់លំដោយ។
៦. យកដៃញិចពេលមុខមានមុន
ចេះតែនៅមិនសុខពេលមុខឡើងមុន តែងតែយកដៃប៉ះ និងញិចចុះញិចឡើង រហូតតាំងពីមុនតូច មុនតិច ក្លាយទៅជាមុនធំ។ ដូច្នេះកុំញិច កុំប៉ះផ្ដេសផ្ដាស បើសិនជាមុខឡើងមុន។