អ្នកទាំងអស់គ្នាបានឃើញហើយ នៅពេលអ្នកជម្ងឺមានបញ្ហាសុខភាពផ្លូវចិត្ត តែពេលខ្លះគាត់អត់ទទួលស្គាល់ទេ ហើយមួយទៀតគាត់ដឹងថាខ្លួនគាត់ឈឺ និង មានសុខភាពផ្លូវចិត្តហើយ ក៏ប៉ុន្តែអត់ដឹងថាទទួលការព្យាបាលនៅទីណា ថ្ងៃនេះ វេជ្ជបណ្ឌិតវិកលវិទ្យា Suy Sowathana នឹងលើកឡើង អំពីការយល់ឃើញពីអ្នកជម្ងឺទៅលើសុខភាពផ្លូវចិត្ត និង ព្រមទាំងទទួលការព្យាបាល ៖
យោងតាមបទពិសោធន៍ដែលបានព្យាបាលសុខភាពផ្លូវចិត្តរបស់វេជ្ជបណ្ឌិតរយៈពេលប៉ុន្មានឆ្នាំនេះ បានបែងចែកជាអ្នកជម្ងឺ ៤ប្រភេទធំៗគឺ ៖
១. អ្នកជម្ងឺដែលមិនដឹងខ្លួនឈឺ
មានន័យថាគាត់អត់ដឹងថាគាត់ឈឺជម្ងឺផ្លូវចិត្តទេ ប៉ុន្តែគាត់ចេះតែទៅទទួលការព្យាបាលជម្ងឺផ្លូវកាយ ទៅឆែកសុខភាពបេះដូង ទៅធ្វើតេស្តឈាម និងធ្វើការស្កេនខួរក្បាលជាដើម ដោយសារតែគាត់អត់ស្រួលនៅក្នុងខ្លួន គាត់ចេះតែធ្វើទុក្ខ ដោយសារតែជម្ងឺនេះ ភាគច្រើនគឺស្តែងចេញជារោគសញ្ញារាងកាយ។ ដូច្នេះ គ្រូពេទ្យប្រាប់ថា អត់មានរោគសញ្ញាអ្វីទេ ប៉ុន្តែគាត់អត់ទុកចិត្ត គាត់នៅតែធ្វើការឆែកសុខភាពជាបន្តបន្ទាប់ទៀត។
ក្រោយមក គ្រូពេទ្យគឺណែនាំឲ្យគាត់មកជួបខាងផ្នែកចិត្តសាស្ត្រដែរ ប៉ុន្តែគាត់អត់ទទួលស្គាល់ថាគាត់ឈឺផ្លូវចិត្តទេ ចឹងចំណុចនឹងគឺសំខាន់ណាស់ បើឃើញគាត់ មានអាការៈប្លែក សូមជួយឲ្យយោបល់គាត់ និង ជួយណែនាំគាត់បន្ថែមទៀតឲ្យទទួលការព្យាបាលផ្នែកផ្លូវចិត្ត។
២. អ្នកជម្ងឺដែលដឹងថាខ្លួនឯងឈឺហើយ មិនដឹងព្យាបាលនៅកន្លែងណា
ចឹងកន្លែងហ្នឹងក៏សំខាន់ដែរ ព្រោះនៅពេលដែលគាត់អត់ដឹងទៅព្យាបាលនៅកន្លែងណា ដូចនេះ ចេះតែរក្សាទុកសម្ងឺផ្លូវចិត្តនេះយូរៗទៅ គឺឈឺរហូតដោយមិនអាចធូរស្បើយបាន។
៣. ដឹងឈឺហើយ ដឹងកន្លែងព្យាបាលហើយ ប៉ុន្តែអត់ទទួលការព្យាបាល
ចំណុចនេះ ព្រោះគាត់មានអារម្មណ៍ខ្លាចខ្មាស់គេ ហើយរាល់ការគិតរបស់គាត់ ពេលដែលទៅជួបជាមួយគ្រូពេទ្យផ្លូវចិត្ត គាត់គិតថាមានបញ្ហាធ្ងន់ធ្ងរ ឬមានជម្ងឺសសៃប្រសាទ។ ចំណែក ការគិតមួយទៀតដោយសារតែគាត់គិតថា ការញ៉ាំថ្នាំផ្លូវចិត្តអាចធ្វើឲ្យគាត់ញៀន និង គិតថាត្រូវញ៉ាំរហូត ឬមួយជីវិត។ រីឯចំណុចមួយទៀតបញ្ហាថវិកា គាត់គិតថា ការព្យាបាលផ្លូវចិត្តអស់លុយច្រើន ដូចនេះវាជារនាំងមួយដែលធ្វើឲ្យគាត់មិនចង់ទទួលការព្យាបាល។
៤. បានទៅព្យាបាលហើយ ប៉ុន្តែអត់គោរពតាមវេជ្ជបញ្ជា
មានន័យថាគាត់មកព្យាបាលរាងធូរស្បើយហើយ ប៉ុន្តែគាត់បែរជាយកវេជ្ជបញ្ជារនឹងទៅទិញថ្នាំខាងក្រៅញ៉ាំវិញ។ មួយទៀតគឺចង់ឲ្យជាលឿន នៅពេលដែលគាត់ញ៉ាំថ្នាំបាន ១សប្តាហ៍ ក៏២សប្តាហ៍ហើយអត់ធូរស្បើយ គាត់ក៏ចង់ដូរពេទ្យ ជាហេតុនាំឲ្យសុខភាពផ្លូវចិត្តរបស់គាត់កាន់តែវិវត្តន៍ធ្ងន់ទៅៗ។ ចំណុចសំខាន់មួយទៀត ដែលចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងគឺ អត់មានការលើកទឹកចិត្តពីគ្រួសារ អត់មានអ្នកគាំទ្រ បើសិនជាគាត់បានប្រាប់ហើយថាគាត់ជម្ងឺផ្លូវចិត្ត ហើយគ្រួសារមិនបានយល់ដឹងពីបញ្ហានៃសុខភាពផ្លូវចិត្ត បានប្រាប់គាត់ថា ញ៉ាំថ្នាំប្រយត្ន័ញៀន ឬ ប្រាប់គាត់ឲ្យបញ្ឈប់ការញ៉ាំថ្នាំ និងទទួលការព្យាបាលនៅពេលធូរស្បើយ កុំញ៉ាំបន្តទៀតអី នឹងអាចធ្វើឲ្យជម្ងឺរបស់គាត់អាចរើរឡើងវិញ ហើយត្រឡប់មកព្យាបាលសារថ្មីម្តងទៀត នេះហើយជាការមិនគោរពតាមវេជ្ជបញ្ជារត្រឹមត្រូវរបស់គ្រូពេទ្យ។
ជាចុងក្រោយ វេជ្ជបណ្ឌិត Suy Sowathana ក៏មានសារគន្លឹះមួយដ៏សំខាន់ ចង់ចែករំលែកទៅបងប្អូនទាំងអស់ឲ្យបានយល់ដឹងពីបញ្ហានៃសុខភាពផ្លូវចិត្ត ដូចជា អ្នកទាំងអស់គ្នាត្រូវតែទទួលស្គាល់ និង ចាប់អារម្មណ៍នូវសញ្ញានីមួយៗ ដែលទាក់ទងនិងការស្ត្រេស ឬជាភាពតានតឹងផ្នែកអារម្មណ៍ម្តងបន្តិចៗ ព្រោះជាកត្តាជំរុញឲ្យស្ថានភាពផ្លូវចិត្តរបស់អ្នកកាន់តែធ្ងន់ធ្ងរពីមួយថ្ងឌទៅមួយថ្ងៃ។ ដូចនេះ ព្យាយាមកត់សម្គាល់ពីបញ្ហាសុខភាពផ្លូវចិត្តរបស់ខ្លួនឯង ទាំងគ្រួសារ ឬ មិត្តភក្តិ បើសិនជាគាត់មានបញ្ហាណាមួយ លើកទឹកចិត្ត ឲ្យគាត់ទទួយកការព្យាបាល ឬមួយទៀត ទទួលការប្រឹក្សាសុខភាពផ្លូវចិត្ត ព្រោះសុខភាពផ្លូវចិត្ត ជាជម្ងឺវេជ្ជសាស្ត្រ ដែលអាចព្យាបាលជា។
ដូច្នេះ ត្រូវមានសង្ឃឹមឡើង ទទួលការព្យាបាល កុំខ្លាច តែត្រូវរឹងមាំ និងចាំថាដោយសារតែភាពភ័យខ្លាច ទើបធ្វើឲ្យបញ្ហាសុខភាពអ្នកកាន់តែធ្ងន់ធ្ងរបែបនេះ។ លើសពីនេះ អ្នកទាំងអស់គ្នាកុំភ្លេចថែរក្សាសុខភាពរបស់អ្នក ទាំងផ្លូវកាយ និង ផ្លូវចិត្ត ហើយបើកត់សម្គាល់ថាខ្លួនឯងមានបញ្ហាណាមួយហើយ សូមរួសរាន់ និងឆាប់ទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ។