នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចជារៀងរាល់ឆ្នាំ មិនដែលអាកខានឡើយ ជាពិសេស ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និង រដូវបុណ្យភ្ជុំបិណ្ឌ។
បិណ្ឌ។យ៉ាងណាមិញ «នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមកហើយ និងត្រូវបានគេឃើញវត្តមានក្នុងពិធីបុណ្យផ្សេងៗរបស់ប្រជាជនខ្មែរតាមរដូវកាលនីមួយៗ។ លើសពីនេះ នំដែលពលរដ្ឋខ្មែរនិយមវេចក្នុងពីធីទាំងពីរនោះរួមមាន៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។
ប៉ុន្តែ តើអ្នកទាំងអស់គ្នាដឹងទេថា នំទាំងនោះមានន័យបែបណាខ្លះ ទើបប្រជាជនខ្មែរគ្រប់រូប តែងតែវេចជារៀងរាល់ឆ្នាំបែបនេះ?
អត្ថន័យរបស់នំអន្សម៖ «អន្សម» តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា “ជាឈ្មោះនំម្យ៉ាង ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន”។បន្ថែមពីនេះ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមជ្រូក និងអន្សមស្នូលផ្អែម។
មូលហេតុនាំឲ្យមានការវេចនំអន្សមនេះ តាមជំនឿសាសនាថា ៖ យោងតាម (Nom Ansom) ជាឯកសារយោងមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងមានទាក់ទងនឹងសាសនា ដូចជានំអន្សមនេះជាដើម។
រីឯក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺ តំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ដូច្នេះហើយ ទើបយើងតែងតែឃើញនំនេះក្នុងពិធីបុណ្យទានអមជាមួយនឹង «នំគម» ជានិច្ច។
គួរបញ្ជាក់ដែរថា ទាក់ទងនឹងជំនឿសាសនាព្រាហ្មណ៍ ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីបុរាណមក ទើបប្រជាជនខ្មែរតែងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ឬ ក្នុងពេលមានពិធីបុណ្យផ្សេងៗទៀតរបស់ខ្មែរ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។