គ្រូពេទ្យចិត្តវិទ្យា Yang Jae Woong ដែលជាគូដណ្តឹងរបស់ Hani សមាជិកក្រុម EXID ថ្មីៗនេះបានបង្ហាញខ្លួននៅលើ Cheoljin Talkcumentary- 4 Inyong Siktak របស់ Channel A ហើយបានចែករំលែកព័ត៌មានលម្អិត អំពីទំនាក់ទំនងរបស់ពួកគេ។
ក្នុងអំឡុងពេលនៃវគ្គនេះ ភ្ញៀវទាំងអស់គ្រោងនឹងជប់លៀងអបអរសម្រាប់ Yang ដែលការភ្ជាប់ពាក្យជាមួយ Hani ត្រូវបានរាយការណ៍កាលពីខែឧសភា បន្ទាប់ពីទំនាក់ទំនងសាធារណៈ ។ ពេលកំពុងញ៉ាំអាហារជាមួយមិត្តភក្តិជិតស្និទ្ធរបស់គាត់ Yang Jae Woong បានបង្ហាញពីរឿងរ៉ាវស្នេហារបស់គាត់ តាំងពីការជួបគ្នាលើកដំបូងរបស់គាត់ជាមួយ Hani រហូតដល់សំណើរការទាក់ទងគ្នា និងសូម្បីតែផែនការក្រេបទឹកឃ្មុំរបស់ពួកគេ។
Yang បានបង្ហាញការភ្ញាក់ផ្អើលថា Hani គឺជាអ្នកដែលបានមកញ៉ែគាត់មុន ដោយការកោតសរសើរពីទំនុកចិត្តរបស់នាង និងបង្ហាញពីក្តីស្រលាញ់របស់គាត់ ចំពោះគូដណ្តឹងរបស់ខ្លួន Hani ផងដែរ “ខ្ញុំគិតថានាងឡូយណាស់ ហើយខ្ញុំមានអារម្មណ៍ដឹងគុណ ចំពោះភាពក្លាហានរបស់នាងផងដែរ។ ខ្ញុំចង់ធ្វើដូចនាង និងកាន់តែមានទំនុកចិត្ត (អំពីការសម្រេចចិត្តរៀបការ)”។
Yang Jae Jin ដែលជាបងប្រុសរបស់ Yang Jae Woong មិនអាចទប់ការសរសើររបស់គាត់ចំពោះ Hani ចំពោះរឿងនេះ។ គាត់បានសរសើរបុគ្គលិកលក្ខណៈរបស់នាងដោយនិយាយថា “នាងជាមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ពេលដែលអ្នកបានជួបនាង”។
ទន្ទឹមនឹងនេះដែរ Hani និង Yang Jae Woong ត្រូវបានគេរាយការណ៍ថា នឹងរៀបការនៅខែកញ្ញា ខាងមុខនេះ។
ប្រភព៖ Koreaboo