ជឿថាអ្នកទាំងអស់គ្នាខ្លះ សុទ្ធតែជាហ្វេនរឿង TVB ហើយ អ្នកខ្លះទៀតគ្រាន់តែស្គាល់ និងបានមើលរឿងមួយចំនួនរបស់ TVB តែប៉ុណ្ណោះ។ ដូចនេះ សម្រាប់ ហ្វេន TVB ថ្ងៃនេះ វចនានឹងលើកយកចំណុចខ្លះៗពីប្រវត្តិរបស់ director និងស្នាដៃដឹកនាំសម្តែងរបស់គាត់ មកបង្ហាញនៅខាងក្រោមនេះ ៖
លោក Man Wai-hung ដែលត្រូវបានគេស្គាល់ថាជា Jazz Boon កើតថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 1966 គឺជាផលិតករ អ្នកដឹកនាំរឿង និង ជាអ្នកនិពន្ធ ទូរទស្សន៍ ហុងកុង (TVB)ផងដែរ ។ ដំបូង អាជីពទូរទស្សន៍របស់គាត់ បានចាប់ផ្ដើមនៅដើមទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលលោកត្រូវបាន TVB ជួល ជាជំនួយការផលិត។ ហើយរឿងដំបូងរបស់គាត់ក្នុងនាមជាអ្នកដឹកនាំរឿងគឺរឿង Invincible Vanguard ក្នុងឆ្នាំ 1995 ក្រោយមក គាត់ត្រូវបានដំឡើងឋានៈជាផលិតករក្នុងឆ្នាំ 2012 ។ ទាំងអស់នេះ ជា ស្នាដៃរឿងដែលលោកបានដឹកនាំសម្តែង ៖

១. Friendly Fire (សំណាញ់ច្បាប់)
រឿងនេះ ថតនៅក្នុងឆ្នាំ 2012 សាច់រឿងជាប្រភេទ មេធាវីតវ៉ាក្តី ស៊ើបអង្កេត លាយជាមួយស្នេហា មនោសញ្ចេតនា កម្សត់ ល្បិចទល់ល្បិច រកវិធីយ៉ាងណាដើម្បីឲ្យកូនក្តីរួចផុតពីការចោទប្រកាន់ និងព្រមទាំង បង្ហាញពីសំណាញ់ច្បាប់ញឹកណាស់ ឲ្យតែធ្វើខុសជៀសមិនផុតពីការដាក់ទោសនោះទេ។

២. Line Walker (ប្រតិបត្តិការអាថ៌កំបាំងក្នុងជួរប៉ូលីសវគ្គ១)
រឿង line Walker ដឹកនាំសម្តែងក្នុងឆ្នាំ 2014 ដែលសាច់រឿង និយាយពីជនបង្កប់ទាំង ៥ ដែលបានបង្កប់ខ្លួននៅកន្លែងផ្សេងៗគ្នាដើម្បីស៊ើបរកភស្តុតាងខុសច្បាប់របស់ពួកបងធំ ហើយក្នុងជួរប៉ូលីសក៏មានប៉ូលីសខ្មៅដែលរួមដៃជាមួយពួកបងធំ ព្រមទាំងលាយជាមួយមនោសញ្ចេតនា ស្នេហា កម្សត់ ល្បិច វិធីការពារខ្លួន សាច់រឿងវិញប្រទាក់ក្រឡាគ្នាពីមួយចូលមួយ ព្រមទាំងចូលរួមសម្តែងដោយតារាល្បីៗជាច្រើន។

៣. A Fist Within Four Walls (កណ្តាប់ដៃជ្រែកជញ្ជាំង)
បើនិយាយពីរឿងនេះវិញផលិតនៅក្នុងឆ្នាំ 2016 សាច់រឿងវិញម៉ាអែម ត្រូវបានគេកំណត់លក្ខណៈជារឿងកុងហ្វូ មានទាំង ឈុតវាយគ្នា ក្បាច់គុណជាច្រើនប្រភេទ ល្បិចរាប់រយជំពូក រួមមានមនោសញ្ចេតនា ស្នេហា ការសងសឹករបស់តួរអង្គ ព្រមទាំងទទួលបានអ្នកទស្សនារហូតដល់ 1.9លាននាក់។

៤. The Unholy Alliance ( ទំនាស់គ្រួសារអភិជន )
រឿងមួយប្រភេទនេះ ផលិតនៅក្នុងឆ្នាំ 2016 មានភាពល្បី និង មានការគាំទ្រយ៉ាងច្រើន ព្រមទាំងត្រូវបានអ្នកទស្សនា និយាយថាសាច់រឿងគឺល្អមើលខ្លាំងមែនទែន ថែមទាំងមានទាំងឈុតបាញ់គ្នាសាហាវតាំងពីភាគដំបូង រឿងនេះមានគំនិតអប់រំជាច្រើន ព្រមទាំង បង្ហាញពីការរស់នៅក្នុងសង្គមមួយដែលស្ថិតក្នុងគ្រោះថ្នាក់នៃអ្នកមានអំណាចផងដែរ។

៥. The Righteous Fists (អ្នកប្រយុទ្ធនៅផ្លូវថាំងយិន)
រឿងនេះដឹកនាំសម្តែងក្នុងឆ្នាំ 2022 សាច់រឿង បង្ហាញពីអ្នកមានអំណាច 2នាក់ចង់គ្រប់គ្រង ផ្លូវ Tong Yanទាំងមូល ដោយប្រើល្បិចពីក្រោយការស្លាប់របស់តួអង្គឪពុក ពុឈិនយៀន ហើយត្រូវបានគេចោទប្រកាន់ថាជាជនក្បត់ ។ សាច់រឿងនេះ ធ្វើឲ្យអ្នកមើលបាក់ចង្កេះម្តងៗដែរ ព្រមទាំង មានឈុតវាយគ្នាយ៉ាងជក់ជិត ទាំងតួអង្គប្រុស និងស្រី ថែមទាំងមានការស៊ើបរក អាថ៍កំបាំង ពីការពិតក្រោយការស្លាប់របស់ឪពុករបស់ខ្លួនដូចគ្នា។

៦. I’ve Got the Power (ក្រុមកម្លាំងពិសេស)
ចាក់បញ្ចាំង ក្នុងឆ្នាំ 2022 សាច់រឿងនិយាយពីមនុស្ស 5 នាក់មានថាមពលពិសេសរៀងៗខ្លួនដែលមិនធ្លាប់មានពីមុនមក ហើយបានបង្កើតជាភាពរញ៉េរញ៉ៃក្នុងជីវិតរបស់ពួកគេ។ លើសពីនេះ សាច់រឿងវាយគ្នាញ៉ាក់ ទាំងមនោសញ្ចេតនា ស្នេហា មិត្តភាព គ្រួសារ ព្រមទាំងមានតម្លៃអប់រំជាច្រើននៅក្នុងរឿងមួយនេះ។

៧. The Invisibles (រឿងភ្នាក់ងារ POTT បង្ក្រាបបទល្មើស)
ចាក់បញ្ចាំងក្នុងឆ្នាំ 2023 កំពុងចាក់បញ្ចាំងក្នុង channel TVB drama Cambodia ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។ ហើយសាច់រឿងវិញអត់ស៊ាំញ៉ាំ ស៊ើបអង្កេតពីមួយរឿងចូលមួយរឿង ទាំងចិត្តសាស្ត្រ ទាំង វិធីបំបែកក្តី ការបង្ក្រាបបទល្មើស ថែមទាំង សម្តែងដោយ តួរស្អាតៗ និងល្បីជាច្រើន និង Plot twist បាក់ចង្កេះម្តងៗដែលមិនឲ្យអ្នកទស្សនាទាយសាច់រឿងបានឡើយ។

ទាំងអស់នេះសុទ្ធតែជាស្នាដៃនិពន្ធ និង ដឹកនាំសម្តែងរបស់លោក Jazz Boon ដែលរឿងនីមួយៗ សុទ្ធតែឆក់យកអារម្មណ៍ និងទឹកភ្នែករបស់អ្នកទស្សនា ព្រោះចុងក្រោយតួអង្គក្នុងរឿងនីមួយៗគឺ កម្រជួបគ្នាណាស់ បើមិនបែកគ្នា ក៏ស្លាប់ដែរ ដូចរបៀបថាសាច់រឿងឈឺចាប់រហូតម៉ង។
ប្រភព ៖ WiKi Pedia
បកប្រែ និង កែសម្រួលខ្លះៗដោយ ៖ Sovannphalika