តើ Nicki Minaj ជានរណា? ហើយអ្វីដែលអ្នកអាចរៀនបានពី តារារ៉េបរូបនេះ?

News-&-Entertainment-

តើ Nicki Minaj ជានរណា?

Nicki Minaj មានឈ្មោះពិតថា Onika Tanya Maraj កើតនៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 1982 ជាជនជាតិ Trinidadian-American ជាអ្នកចម្រៀងរ៉េប និងជាអ្នកនិពន្ធបទចម្រៀង។ នាងគឺជាតារារ៉េបស្រីទោលដំបូងគេ ដែលសំដែងនៅកម្មវិធី Grammy Awards ក្នុងឆ្នាំ 2012 និងជាតារារ៉េបស្រីដែលមានចំណាត់ថ្នាក់ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ Billboard Hot 10 ក៏ដូចជាមនុស្សមានឥទ្ធិពលបំផុតលើពិភពលោកក្នុងបញ្ជី Time100 ក្នុងឆ្នាំ 2016 នាងក៏ជាតារារ៉េប ដែលមានអ្នកតាមដានច្រើនជាងគេបំផុត លើពិភពលោកនៅលើ Instagram យ៉ាងណាមិញ ទំរាំទទួលបានជោគជ័យដូចសព្វថ្ងៃ នាងក៏ធ្លាប់ឆ្លងកាត់ការតស៊ូច្រើនផងដែរ។

តើ Nicki Minaj ឆ្លងកាត់ការតស៊ូអ្វីខ្លះ?

Nicki Minaj មានឪពុក​ជាមនុស្សញៀន​ស្រា និង​ថ្នាំ​ញៀន​ ហើយ​នៅ​ពេល​មួយ​បាន​ព្យាយាម​សម្លាប់​ម្ដាយ​របស់នាង ដោយការ​ដុត​ផ្ទះ​ចោលថែមទៀត។ ជាមួយនឹងទំនាក់ទំនងដ៏ច្របូកច្របល់របស់ឪពុកម្តាយនាង ទើបនាងសម្រេចចិត្តរត់ចេញពីផ្ទះមករស់នៅខាងក្រៅទាំងក្មេងវ័យ ហើយអត្តសញ្ញាណដំបូងរបស់នាងគឺ Harajuku Barbie ក្រោយមកក៏បានប្រែក្លាយជា Nicki ដូចសព្វថ្ងៃ ។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Cosmo Nicki ធ្លាប់បានបង្ហាញថា នាងធ្លាប់បានឆ្លងកាត់ការធ្លាក់ទឹកចិត្ដយ៉ាងខ្លាំង ដែលនាងមានគំនិតចង់ធ្វើអត្តឃាតថែមទៀត ទោះជាយ៉ាងណាក៏ដោយ នាងអាចឆ្លងកាត់វាបាន ហើយឥឡូវនេះតារាស្រីរូបនេះ ក៏បានប្រើកិត្តិនាមក៏ដូចជាការតស៊ូរបស់នាង ដើម្បីកំណត់រូបភាពដ៏រឹងមាំ សម្រាប់អ្វីដែលស្ត្រីអាចសម្រេចបាន ទន្ទឹមនឹងនេះ នាងថែមទាំងបានចាប់ផ្តើមកម្មវិធីសប្បុរសធម៌ ដើម្បីជួយអ្នកគាំទ្ររបស់នាង សម្រាប់ការចំណាយក្នុងមហាវិទ្យាល័យរបស់ពួកគេថែមទៀត។

ការជំនះឧបសគ្គរបស់ Nicki Minaj

Nicki Minaj គឺជាស្ត្រីដែលមានមោទនភាព មានភាពរឹងមាំ និងមានការតាំងចិត្ត។ លើស​ពី​នេះ នាង​អាច​ធ្វើ​ការ​តស៊ូជំនះ​ ពីការ​គិត​ចង់​ធ្វើ​អត្តឃាត​របស់​នាង តែពេល​នេះ​នាង​កំពុង​តែ​សម្លឹង​មើល​ទៅ​រក​អ្វី ​ដែល​មាន​នៅ​ពេល​អនាគត។ Nicki បាន​ខិត​ខំ​ធ្វើ​ការ​គ្រប់​យ៉ាង​ ដែល​នាង​សម្រេច​បាន ហើយ​អាច​ធ្វើ​ជា​គំរូ​សម្រាប់​អ្នក​ណា ​ដែល​ជួប​ការ​លំបាកដូចជានាង។

ហើយខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចរៀនបានពី Nicki Minaj

1. តស៊ូឆ្លងកាត់ការលំបាក

ដូចដែលដឹងថា Nicki Minaj មាន​កុមារភាព​ដ៏​លំបាក​មួយ ជាមួយ​នឹង​ឪពុក​ញៀនស្រា និងថ្នាំ ហើយទោះបីជាជីវិតរបស់នាងលំបាកមិនគួរឲ្យជឿក៏ដោយ ប៉ុន្តែក្រោយមកនាងបាននិយាយថា ការតស៊ូរបស់នាងបានជួយជំរុញឱ្យនាងមានជីវិតកាន់តែប្រសើរឡើង និងជំរុញឱ្យនាងទទួលបានជោគជ័យ ដើម្បីជួយម្តាយ និងបងប្អូនរបស់នាង។ ដូច្នេះនាងបានបង្រៀនអ្នកគាំទ្រ ក៏ដូចជាអ្នកដែលស្តាប់តន្រ្តីរបស់នាងថា ពួកគេមិនត្រូវទុកឱ្យឧបសគ្គ នៃការតស៊ូក្នុងជីវិតរបស់ពួកគេ រារាំងពួកគេក្នុងការឆ្ពោះទៅរកភាពជោគជ័យនោះទេ នាងក៏បានបញ្ជូនការតស៊ូរបស់ខ្លួនទៅក្នុងតន្រ្តីរបស់នាង ទៅជាការលើកទឹកចិត្ត ដើម្បីឲ្យហ្វេនៗ និងអ្នកស្តាប់តន្រ្តីរបស់នាង ទទួលបានជោគជ័យ ក្នុងជីវិតដូចគ្នា។

2. មានភាពឯករាជ្យ និងភាពជឿជាក់

រឿងមួយដែលធ្វើឱ្យ Nicki Minaj ខុសពីគេ និងធ្វើឱ្យនាងទទួលបានជោគជ័យ គឺភាពខ្លាំងរបស់នាង។ នាង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ​ដែល​មាន​ភាព​ឯករាជ្យ និងមាន​ទំនុក​ចិត្ត ហើយ​នាង​បាន​លើក​ទឹក​ចិត្ត​យុវជន និង​អ្នក​ចម្រៀងផ្សេងទៀត ​ដែល​ប្រាថ្នា​ចង់​បាន​ចំណុចនេះដូចនាង ជាពិសេស នាងលើកទឹកចិត្តស្ត្រីវ័យក្មេង ឱ្យបន្តការតស៊ូ និងកុំខ្លាចក្នុងការទាមទារការគោរព នៅក្នុងឧស្សាហកម្មហ៊ីបហប ដែលភាគច្រើនគឺជាបុរស។ សរុបមក នាងចាត់ទុកភាពជោគជ័យរបស់នាងក្នុងវិស័យតន្ត្រី គឺដោយសារតែទំនុកចិត្តរបស់នាង ហើយនាងបានបង្រៀនអ្នកផ្សេងទៀត ឱ្យធ្វើជាខ្លួនឯង មានភាពរឹងមាំដើម្បីទទួលបានជោគជ័យ។

3. នាងជំរុញ និងលើកទឹកចិត្តឲ្យគ្រប់គ្នារៀន

ទោះបីជា Nicki Minaj ជាតន្ត្រីករដែលជោគជ័យក៏ដោយ តែនាងតែងតែលើកទឹកចិត្តអ្នកគាំទ្ររបស់នាង ឱ្យយកការសិក្សាជាសំខាន់ទីមួយ មុនតន្រ្តីជានិច្ច ដូចជាពេលមួយដែល Nicki បាននិយាយថា “តន្ត្រីគឺស្រស់ស្អាត ប៉ុន្តែខ្ញុំចង់ឱ្យអ្នកទៅសាលារៀន អានសៀវភៅរបស់អ្នកជាមុន ហើយសឹមច្រៀងជាក្រោយ” ពិតណាស់ ទោះបីជាតន្ត្រីករទាំងអស់គួរតែធ្វើតាមក្តីស្រមៃ និងចំណង់ចំណូលចិត្តរបស់ពួកគេក៏ដោយ ប៉ុន្តែ Nicki បានរំលឹកតន្ត្រីករ ក៏ដូចជាអ្នកគាំទ្ររបស់នាងថា ពួកគេមិនអាចជោគជ័យគ្រប់ភារកិច្ចទេ បើពួកគេលះបង់ការសិក្សា។

សរុបមក Nicki Minaj គឺជាសិល្បករដែលបំផុសគំនិត ដែលផ្តល់អំណាចដល់តន្ត្រីករវ័យក្មេងជាច្រើន ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់នាង តាមរយៈការបង្រៀនពួកគេឱ្យស៊ូទ្រាំនឹងការលំបាក ដើម្បីឱ្យខ្លួនឯងមានស្មារតីរឹងមាំ ខិតខំរៀនសូន្យ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង