បន្ទាប់ពីគេចពីសំណួរជាច្រើនខែ ដែលទាក់ទងនឹងកិច្ចសន្យារបស់នាង Mandy Wong ទីបំផុតបានប្រកាសពីការបញ្ចប់អាជីពរយៈពេល ១៦ ឆ្នាំរបស់នាងជាមួយ TVB។ កាលពី ប៉ុន្មានថ្ងៃមុន Mandy បានបង្ហោះវីដេអូខ្លីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងនៅថ្ងៃចុងក្រោយជាមួយនឹងស្ថានីយ៍ ដែលជាកន្លែងដែលនាងត្រូវបានគេឃើញនិយាយលាហើយថតរូបជាមួយមិត្តរួមការងាររបស់នាងរួមមាន Ruco Chan Kaman Wong , Rebecca Zhu និង Elaine Yiu និងមិត្តរួមអាជីពជាច្រើនទៀត ។

លើសពីនេះ Mandy បានសរសេរថា “នៅពេលនេះ វាពិបាកក្នុងការពិពណ៌នាអំពីអារម្មណ៍ចម្រុះរបស់ខ្ញុំណាស់ ប៉ុន្តែ សូមអរគុណ TVB ដែលផ្តល់ឱកាសដល់ខ្ញុំជាច្រើន ។ អរគុណកន្លែងនេះសម្រាប់ការចិញ្ចឹមបីបាច់ និងបណ្តុះខ្ញុំជាច្រើនឆ្នាំមកនេះ។ មួយជំហានម្តងៗ ដើម្បីឈានមកដល់ថ្ងៃនេះ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះផលិតករ និងក្រុមការងារនៅពីក្រោយឆាក ដែលបានស្រលាញ់ខ្ញុំ យកចិត្តទុកដាក់ជាមួយខ្ញុំ និងមើលថែខ្ញុំបានល្អយ៉ាងនេះ ខ្ញុំមានសំណាងណាស់ដែលបានជួបពួកគាត់។

បន្ទាប់ពីអរគុណដល់មិត្តរួមការងារ Mandy បានបន្តទៀតថា “អរគុណដែលបាននាំមកនូវអនុស្សាវរីយ៍ល្អៗមកខ្ញុំ។ បន្ថែមពីនេះ នៅក្នុងបទសម្ភាសន៍បន្ទាប់ជាមួយប្រព័ន្ធផ្សព្វផ្សាយ Mandy បានចែករំលែកថានាងនឹងប្រកាសអំពីផែនការអនាគតរបស់នាងនៅពេលក្រោយ។