នៅក្នុងវគ្គដែលបានចាក់ផ្សាយ កាលពីថ្ងៃទី 2 ខែមិថុនា នៃកម្មវិធី Men Who Do Housework រដូវកាលទី 2 រឿងរបស់តារាចម្រៀងប្រុសជើងចាស់ Minwoo (Shinhwa) បានក្លាយជាប្រធានបទ នៃការចាប់អារម្មណ៍។ ជាពិសេស គាត់បានចែករំលែកអំពីការបោកប្រាស់ ដោយមិត្តជិតស្និទ្ធិ អស់ប្រាក់ចំនួន 2.6 ពាន់លានវ៉ុន ដែលស្មើប្រហែលជា 1លាន 9សែនដុល្លា។
Minwoo បាននិយាយថា មិត្តម្នាក់នេះឆ្លៀតឱកាសនៃការទុកចិត្ត ពីសមាជិកគ្រួសាររបស់គាត់ ដើម្បីចូលទៅជិត និងបោកប្រាសគាត់ តារាប្រុសរូបនេះបានបន្ថែមថា “ខ្ញុំទុកចិត្តគាត់ខ្លាំងណាស់ ប៉ុន្តែនៅទីបំផុត គាត់ជាអ្នកក្បត់ខ្ញុំ គាត់ថែមទាំងគម្រាមសមាជិកក្រុម Shinhwa និងគ្រួសាររបស់ខ្ញុំទៀតផង។ គាត់បានជ្រើសរើស ពេលវេលាដ៏ត្រឹមត្រូវនៅពេលខ្ញុំស្ថិតក្នុងស្ថានភាពលំបាកបំផុត ដើម្បីចាត់វិធានការ” ។
ក្នុងនោះ ប្អូនស្រីរបស់ Minwoo ក៏អាណិតតារាចម្រៀងប្រុសដែរ ព្រោះនាងធ្លាប់ត្រូវចោរលួចចូល “គាត់ធ្លាប់ជិតស្និទ្ធនឹងខ្ញុំណាស់ ប៉ុន្តែពេលនេះខ្ញុំគិតត្រឡប់មកវិញ ខ្ញុំមើលឃើញថា នេះជាចេតនាប៉ុនប៉ងចូលមករកខ្ញុំដើម្បីទទួលបានព័ត៌មាន និងធ្វើឲ្យបាបបងប្រុសខ្ញុំ បើខ្ញុំចាំមុនខុសទេ គាត់បានគំរាមខ្ញុំ” ។
ក្រោយមក ភាពតក់ស្លុតនោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ Minwoo ។ តារាចម្រៀងប្រុសរូបនេះធ្លាក់ក្នុងសភាពទ្រុឌទ្រោម និងនិយាយមិនចេញ។ សូម្បីតែរាល់ពេលដែលគាត់ឃើញនរណាម្នាក់ ដែលមើលទៅរូបរាងដូចជាអ្នកបោកប្រាស់ វាបានធ្វើឲ្យ Minwoo ខឹង មិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់បាន។ តែយ៉ាងណាមិញ ក្នុងអំឡុងពេលដ៏លំបាក Minwoo មានការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជម្នះភាពតក់ស្លុតនេះ។ ឥឡូវនេះគាត់បានទទួលបានស្ថេរភាពឡើងវិញ ហើយក៏ត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកឧស្សាហកម្មកម្សាន្ត ជាមួយនឹងគម្រោងថ្មីៗ។
គួររំលឹកផងដែរថា Lee Min-woo ដែលត្រូវបានគេស្គាល់ថាជា M ជាសិល្បករទោល និងជាសមាជិកនៃក្រុមចម្រៀងក្មេងប្រុសកូរ៉េខាងត្បូង Shinhwa ។ គាត់គឺជាសមាជិក Shinhwa ដំបូងបង្អស់ ដែលបានបង្ហាញខ្លួនជាសិល្បករទោលក្នុងឆ្នាំ 2003 ហើយចាប់តាំងពីពេលនោះមកបានចេញអាល់ប៊ុមស្ទូឌីយោចំនួន 3។ Minwoo ក៏ធ្លាប់ត្រូវបានស៊ើបអង្កេត នៅក្នុងខែធ្នូ ឆ្នាំដដែលនោះ តែតារាចម្រៀងប្រុសត្រូវបានប្រកាសថាគ្មានកំហុស។
ប្រភព៖ lovekpop95