នាពេលថ្មីៗនេះ ភាពយន្ដកុនខ្នាតធំមួយរបស់ប្រទេសចិនគឺរឿង “Creation Of The Gods” បានទាញយកចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង មិនថាតែនៅក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែសាច់រឿងមានគុណភាពល្អ មិនថាទាំងការសម្ដែង បច្ចេកទេសកាត់ត និងសាច់រឿងប្រទាក់ក្រឡាគ្នាជាដើម។

គួររំលឹកផងដែរថា រឿងនេះទើបតែចាក់ផ្សាយបានប្រមាណជាង ៣ ខែប៉ុណ្ណោះ តែភាពយន្ដមួយនេះអាចរកប្រាក់ចំណូលបាន ប្រមាណជាង ៣៧៥ លានដុល្លារអាមេរិកនៅក្នុងប្រទេសចិន ដែលនេះមិនទាន់រាប់បញ្ចូលចំណូលពីក្រៅប្រទេសឡើយ ធ្វើឲ្យភាពយន្ដមួយនេះត្រូវបានគេចាត់ទុកថាជា ភាពយន្ដចិនមួយដែលទទួលបានជោគជ័យខ្លាំង ហើយក៏មានការរំពឹងថានឹងចេញវគ្គ ២ និងវគ្គ ៣ នៅឆ្នាំបន្ដបន្ទាប់ផងដែរ។
ទន្ទឹមនឹងនេះ តារាសម្ដែងទាំងអស់នៅក្នុងរឿង សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសតួឯកដូចជា Yu Shi, Kris Phillip, HuangBo, Luke Chen និង Naran ជាដើម។

ក្នុងនោះ តារាស្រី Naran សម្ដែងជាតួអង្គ Su DaJi ដែលជាកញ្ច្រោង បានទាញយកចំណាប់ខ្លាំង ពីមហាជន ដោយសារសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់របស់នាង ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ ហើយខាងក្រោមនេះគឺជាព័ត៍មានលម្អិតខ្លះៗ អំពីតារាស្រីរូបនេះ។
Naran មានឈ្មោះពិតថា Narana Erdyneeva ជាជនជាតិរុស្ស៊ីកាត់ម៉ុងហ្គោល កើតនៅថ្ងៃទី 1 ខែមេសា ឆ្នាំ 1997 នៅ Ulan-Ude សាធារណរដ្ឋ Buryat ដែលបច្ចុប្បន្ននាងមានអាយុ 26 ឆ្នាំ ក្នុងនោះមុនសម្ដែងរឿង នាងគឺមានអាជីពជាតារាម៉ូឌែល ដោយសារតែនាងមានអំណោយផលខាងផ្នែកកម្ពស់ ដែលមានរហូតដល់ 174 សង់ទីម៉ែត្រ ហើយបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ នាងបានបន្តអាជីពជាតារាម៉ូដែលនៅទីតាំងផ្សេងៗដូចជា សិង្ហបុរី ហុងកុង ជប៉ុន និងតៃវ៉ាន់ជាដើម។

មិនតែប៉ុណ្ណោះ នាងធ្លាប់បង្ហាញមុខដំបូងក្នុងវីដេអូចម្រៀង របស់តារាប្រុស Jay Chou ក្នុងឆ្នាំ 2016ថែមទៀត យ៉ាងណាមិញ Naran ស្ទើរតែមិនអាចប្រើប្រាស់ភាសាចិនបាននោះទេ តែក្រោយពេលដែលនាងប្រឡងជាប់សម្ដែងជាតួអង្គកញ្ច្រោងមួយនេះ ក្នុងឆ្នាំ 2017 នាងក៏ត្រូវចំណាយពេលជាង 6 ខែដើម្បីរៀន និងអាចប្រើប្រាស់ភាសាមួយនេះសម្ដែងក្នុងរឿង ដូច្នេះបច្ចុប្បន្ន Naran អាចប្រើប្រាស់បាន 3ភាសា ដូចជាអង់គ្លេស រុស្ស៊ី និងចិន បានយ៉ាងស្ទាត់ជំនាញ។

មិនទាន់អស់ ដើម្បីសម្ដែងឲ្យកាន់តែបានល្អ Naran ត្រូវស្ថិតក្រោមការហ្វឹកហាត់យ៉ាងតឹងរ៉ឺង ដូចជារៀនជិះសេះ បាញ់ធ្នូ រាំ រៀនខាងផ្នែកតន្ដ្រីពិណ អក្សរសិល្ប៍ ការហ្វឹកហាត់ ដើរ ឬត្រាប់តាមសត្វកញ្ជ្រោងជាដើម ធ្វើឲ្យនាងត្រូវធ្វើការសិក្សានិងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ អ្វីដែលកាន់តែពិសេសនោះគឺ នាងគឺជាតារាស្រីម្នាក់ដែលត្រូវគេជ្រើសយក ក្នុងចំណោមអ្នកដាក់ពាក្យសម្ដែង ចំនួន 15 000 នាក់។

ទន្ទឹមនឹងនេះ បន្ទាប់ពីរឿង Creation Of The Gods បានចេញផ្សាយជាផ្លូវការ Naran ក៏ត្រូវបានគេចាត់ទុកជាតារាសម្ដែងស្រីវ័យក្មេងម្នាក់ ដែលសម្ដែងតួអង្គកញ្ជ្រោង Su DaJi ល្អឥតខ្ចោះបំផុតក្នុងចំណោមតារារៀមច្បងល្បីៗ ដូចជា Irene Wan, Gillian Chung, Fan Bingbing ដែលធ្លាប់បានសម្ដែងតួអង្គនេះ ។


ប្រភព៖ scmp & ams