យើងបានដឹងរួចមកហើយថា Colonel Sanders គឺជាស្ថាបនិកនៃហាង KFC ដែលបច្ចុប្បន្ន ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និង សាយភាយគ្រប់ប្រទេសផងដែរ។
ប៉ុន្តែយ៉ាងណាមិញ មុននឹងជោគជ័យ និង បង្កើតបានកេរ្តិ៍ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ លោកបានឆ្លងកាត់ការលំបាកមិនតិចទេ មានពេលមួយ Colonel Sanders ត្រូវបានបង្ខំឲ្យបិទអាជីវកម្មភោជនីយដ្ឋានរបស់គាត់ដោយសារតែ ការសាងសង់ផ្លូវហាយវេថ្មីមួយដែល គម្រោងនោះស្ថិតនៅចំទីតាំងហាងរបស់គាត់តែម្តង។
អ្វីដែលសំខាន់ ដោយមិនចង់បានជីវិតរស់នៅដោយមិនទាន់ជោគជ័យអ្វីសោះ លោក Colonel Sanders ក៏បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម មាន់បំពងរបស់គាត់ឡើងវិញនៅ អាយុ ៦៥ ឆ្នាំរហូតដល់អាយុ ៧៣ឆ្នាំ។
អ្វីដែលគួរឲ្យរំជួលចិត្តនោះគឺ ជាញឹកញាប់គាត់តែងតែសម្រាន្តនៅក្នុងឡានដឹកទំនិញរបស់គាត់ ដែលជារឿងពិបាកបំផុតសម្រាប់មនុស្សដែលមានអាយុច្រើនដូចជាគាត់។
ប៉ុន្តែដោយសារតែមានគោលដៅ និង ជាការងារដែលគាត់ចូលចិត្ត គាត់នៅតែខិតខំប្រឹងប្រែងធ្វើ រហូតដល់ទទួលបានជោគជ័យ និង សាងភាពល្បីល្បាញនៃហាងមាន់បំពងរបស់គាត់។
ទាំងអស់នេះគឺជាមេរៀនដែលយើងអាចរៀនសូត្រពីគាត់បាន ដោយវាមិនដែលយឺតពេលទេក្នុងការដើរតាមគោលដៅរបស់យើង! ជាចុងក្រោយ មិនថាអ្នកមានអាយុ 30 ឆ្នាំ 45 ឆ្នាំ ឬ 60 ឆ្នាំ ឲ្យតែអ្នកមិន ដែលបោះបង់ក្តីសុបិនរបស់ខ្លួន និង ការខិតខំប្រឹងប្រែងរបស់អ្នក ថ្ងៃណាមួយ អ្នកប្រាកដជាមានលទ្ធផលមួយដែលប្រសើរឡើង។
មួយវិញទៀត ការធ្វើអ្វីដែលចេញពីចិត្ត ធ្វើការងារដែលយើងស្រឡាញ់ គឺ ជាថាមពលមួយជួយជំរុញឲ្យយើងមិនសូវនឿយហត់ក្នុងការងារនោះ ទោះបីជាលំបាកខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងអាចឆ្លងកាត់បានដែរ ។
ប្រភព ៖ Inspired.com