នៅក្នុងព្រឹត្តិការណ៍នៃការបិទកម្មវិធីស៊ីហ្គេមនេះយើងឃើញមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនជនរួមជាតិនិងភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ទោះបីជាមានបញ្ហាអាកាសធាតុបន្តិចបន្តួចមែនតែយើងនៅតែអាចមានស្នាមញញឹមអោយគ្នានិងនៅតែអាចប្រារព្ធកម្មវិធីទៅបានដោយរលូន។

នៅក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលេីកទី៣២នេះ កម្ពុជាបានទទួលសមិទ្ធិផលយ៉ាងច្រើនពីគ្រប់វិស័យ ជាពិសេសវិស័យកីឡា យើងឃើញថាមានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនគ្រប់ទិសតំបន់ ដែលធ្វើអោយយើងមានមោទកភាពក្រោមពាក្យបន្លឺថា កីឡារស់ក្នុងសន្តិភាព ។

អស់រយះពេលជិតកន្លះខែមកនេះ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានបំពេញតួនាទីយ៉ាងល្អនិងមានសេចក្ដីត្រេកអរសាទរសប្បាយរីករាយ ដែលខ្លួនបានធ្វើជាម្ចាស់ផ្ទះលើកនេះ។ ក្នុងរយះពេល១២ថ្ងៃមកនេះ អត្តពលិក កីឡាករ កីឡាការរនី យុវជនស្ម័គ្រចិត្តជាច្រើនបានចំណាយកម្លាំងខិតខំប្រឹងប្រែងតស៊ូព្យាយាមនិងអត់ធ្មត់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។

ហើយជាលទ្ធផលកម្ពុជាបានឈរឈ្មោះនៅចំណាត់ថ្នាក់ទី៤ក្នុងចំណោម១១ប្រទេសដែលបានទទួលមេដាយ២៨២គ្រឿង មេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង។ នេះជាសមិទ្ធផលដ៏អស្ចារ្យដែលប្រជាជនយើងនឹងចងចាំគ្មានថ្ងៃភ្លេចបាន ហើយក្នុងនាមយើងជាខ្មែរយើងសូមលើកដៃសំពះអរគុណដល់ការខិតខំប្រឹងប្រែងរបស់អត្តពលិកគ្រប់រូប ដែលខិតខំប្រឹងប្រែងសម្រាប់ប្រទេសជាតិមួយនេះ។
