ក្រោយពីដំណឹងមរណភាពរបស់ លោកតា គង់ ណៃ ថ្ងៃនេះស្រាប់តែ វណ្ណដា បានបង្ហោះសារក្តុកក្តួល ជាសំណេរសរសេរដៃតែម្តង!

Entertainments-LUMEN

ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលបានទទួលអនិច្ចកម្មដោយ រោគាពាធ ក្នុងជន្មាយុ 80ឆ្នាំ​ កាលពីម្សិលមិញនេះ ខណៈដែល វណ្ណដា កំពុងតែសម្តែងនៅអាមេរិក ដូច្នេះថ្ងៃនេះ ឆ្លៀតពីការងារលោកក៏បានបង្ហោះសារ ដែលជាសំណេរសរសេរដៃដូចខាងក្រោម៖

“នៅពេលដែលលឺដំណឹងមួយនេះ ពិតជាពិបាកទទួលយក ពិបាកនឹងទប់ទឹកភ្នែក ស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្បៈខ្មែរ តន្រ្តីខ្មែរ និងបាននាំឧបករណ៍តន្រ្តីបុរាណខ្មែរ ដូចជា ខ្លុយ ទ្រ ចាប៉ី ឃឹម មកតំណាងឲ្យប្រទេសកម្ពុជា ទទួលយកការស្រឡាញ់គាំទ្រ ការគោរពជាទៅមោទនៈ ស្រាប់តែទទួលបានដំណឹងដ៏ស្លុតចិត្តពីដែនដីកំណើត ដោយក្រុមការងារបានប្រាប់ថា លោកគ្រូ គង់ ណៃ បានទទួលមរណភាព ដោយជរាពាធ។

ដំណឹងមួយនេះពិតជាប៉ះទង្គិចផ្លូវចិត្តរបស់ខ្ញុំជាខ្លាំង ព្រោះលោកគ្រូ-លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាចំណែកដ័ធំមួយ នៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ពាក្យទូន្មានប្រៀបប្រដៅរបស់លោកគ្រូនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជារៀងរហូត បើទោះបីជាខ្ញុំផ្ទាល់មិនទាន់ត្រឡប់ទៅមាតិភូមិវិញ ទៅជួបលោកតាឲ្យទាន់ដង្ហើមចុងក្រោយ តែខ្ញុំដឹងថា លោកតាកំពុងតែជូនពរពួកយើង ឲ្យកំលាំងចិត្តពួកយើងបន្ថែមទៀត សម្រាប់ថែរក្សា និងការពារសំលេងនៃឧបករណ៍បុរាណខ្មែរ។ ការដែលបាត់បង់លោកតា គឺជាការបាត់បង់ធនធានដ៏អស្ចារ្យ ដែលលោកតាដើរតួយ៉ាងសំខាន់ ក្នុងការបង្រៀនយើងឲ្យតស៊ូក្នុងជីវិតមួយនេះ។

ជាចុងក្រោយ ខ្ញុំសូមផ្ញើក្តីស្រឡាញ់ ក្តីនឹករលឹក ជូនទៅកាន់ លោកយាយ អរគុណដែលបានមើលថែរក្សាការពារលោកតា មានក្តីស្រឡាញ់ឥតលក្ខខណ្ឌ ចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ជួនចំពោះលោកយាយ និងក្រុមគ្រួសារ សូមជូនពរ លោកយាយឲ្យមានសុខភាពល្អ អាយុយឺនយូរជារៀងរហូតតទៅ។ – ពីចៅ វណ្ណដា”

បន្ថែមពីនេះ វណ្ណដា ក៏បានបង្ហោះរូបភាពរបស់លោក ព្រមជាមួយនឹងព្រឹទ្ធាចារ្យលោកតា គង់ ណៃ កាលពីលោកនៅមានជីវិតផងដែរ។

ប្រភព៖ គណនី វណ្ណដា

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង