ក្រោយការផ្ទុះនូវសាច់រឿង ល្ងង់+ល្ងង់ របស់ផលិតកម្មសាស្រ្តា Film ក៏មានការបង្ហោះសារ និងរូបភាពជាឈុតឆាកក្នុងរឿងនេះជាច្រើនលើបណ្ដាញសង្គម។ ក្នុងនោះក៏មានមតិរិះគន់ជាច្រើនដែរ ថារឿងនេះមានឈុតឆាកស្រើបស្រាលខ្លាំងដែលមើលទៅមិនសមរម្យ រហូតដល់មានព័ត៌មានខ្លះបានចេញផ្សាយថា ៖

«អ្នកនាង ប៊ុន ចាន់និមុល ម្ចាស់ផលិតកម្ម Sastra Film
មានក្តីស្រម៉ៃ ចង់អោយវិស័យភាពយន្ត18+ខ្មែរ ប្រកួតប្រជែងជាមួយភាពយន្តបរទេសលើឆាកអន្តរជាតិ។ ហើយជាពិសេសអ្នកនាង បានសូមណូមពរអោយមហាជនខ្មែរ កុំជាន់ពន្លិចភាពយន្តខ្មែរខ្លួនឯង ហើយទៅគាំទ្រភាពយន្តជប៉ុន»

ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម សាស្រ្តា Film ចេញមុខបដិសេធថាព័ត៌មាននេះគឺមិនពិតនោះទេព្រោះអ្នកស្រីមិនបាននិយាយពាក្យទាំងនេះ ឬមាននរណាម្នាក់មកសម្ភាសន៍អ្នកស្រីឡើយ។ វាជាការបង្ខូច ប៉ះពាល់ដល់កិត្តិយស និងផ្លូវចិត្តអ្នកស្រីជាខ្លាំង។
និយាយក្នុងវីដេអូដែលបានបង្ហោះលើគណនីផ្ទាល់ខ្លួនទាំងទឹកភ្នែក អ្នកស្រីបាននិយាយ បេសកម្ម សាស្រ្តា Film គឺលើកស្ទួយវិស័យភាពយន្តខ្មែរ ហើយ សាស្រ្តា Film បានផលិតភាពយន្តរាប់រយរឿង ហើយភាពយន្តល្ងង់+ល្ងង់ គឺសម្រាប់អ្នកទស្សនាដែលមានអាយុ ១៨ឡើងទៅ ហើយមានការចុះឈ្មោះ កំណត់អាយុត្រឹមត្រូវ និងចំណាយលុយមើលនៅក្នុង App សាស្រ្តា Film តែប៉ុណ្ណោះ តែបែរជាមានជនខិលខូច Screenshot រូបភាព និងវិដេអូដែលជាការហាមឃាត់របស់ផលិតកម្ម ទៅបង្ហោះលើបណ្ដាញសង្គមដើម្បីដែលផលប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកស្រីក៏បន្តទៀតថា អ្នកស្រីនៅតែឈរលើជំហរយ៉ាងរឹងមាំ ដើម្បីនាំយកភាពយន្តខ្មែរទៅកាន់ពិភពលោក តាមរយៈ App សាស្រ្តា Film ដែលមានភាពយន្តគ្រប់ប្រភេទ ។ ជាចុងក្រោយអ្នកស្រី ក៏អរគុណសម្រាប់អ្នកគាំទ្រ និងស្គាល់ច្បាស់ថាអ្នកស្រីផ្ទាល់ជាមនុស្សបែបណា ហើយផលិតកម្មសាស្ត្រា បង្កើតឡើងដើម្បីអ្វី នោះគឺដើម្បីវិស័យភាពយន្តខ្មែរឲ្យរីកចម្រើនតែម្យ៉ាងគត់។
