ប្រាសាទ ដាវីន ក្លាយជាអ្នកម្ដាយ​ដំបូង​បំផុត​ ដែលគ្រង​តំណែង​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤

Vachana-Website-News-LUMEN-Ad

«ភាពជាម្ដាយមិនមែនជាឧបសគ្គ តែជាកិត្តិយស។ ក្លាយជាម្ដាយមិនមែនជាការបញ្ចប់ក្តីសុបិន្ត តែជាការចាប់ផ្ដើមថ្មី» របស់ បវរកញ្ញាចក្រវាលឆ្នាំ ២០២៤ ប្រាសាទ ដាវីន បានក្លាយជាឃ្លាដ៏មានឥទ្ធិពល និងជម្រុញផ្លូវចិត្តបំផុតដល់ស្រ្តីទូទាំងសាកលលោក មិនមែនតែស្រ្តីនៅកម្ពុជានោះទេ។

ប្រាសាទ ដាវីន មានអាយុ៣៣ ឆ្នាំ បានគ្រងម្កុដបវរកញ្ញាចក្រវាលឆ្នាំ២០២៤ ថ្មីរបស់កម្ពុជាក្នុងឆ្នាំនេះ។ នាង​នឹង​តំណាង​ប្រទេស​របស់​នាង​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០២៤ នៅ​ទីក្រុង Mexico City។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​សម្រស់​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ពិភពលោក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា នៅ​ CDMX ក្នុង​ទីក្រុង Mexico City។

ជ័យ​ជម្នះ ​របស់ ប្រាសាទ ​ដាវីនបានក្លាយជា​ប្រវត្តិសាស្ត្រ​ខណៈ​នាង​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ដែល​បាន​រៀប​ការ​ហើយ​ដែល​បាន​គ្រង​មកុដ​ដ៏​មាន​កិត្យានុភាព​មួយនេះ។  នាង​ជា​តារា​ម៉ូ​ដែល ​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​ម្តាយ​ដែលមាន​កូនស្រី​អាយុ​៥​ឆ្នាំ ។ មក​ទល់​ពេល​នេះ នាង​ជា​ស្ត្រី​អាស៊ី​តែ​ម្នាក់​គត់​ដែល​បាន​រៀប​ការ​ក្នុង​បញ្ជី​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០២៤។ ក្នុង​សុន្ទរកថា​ចុងក្រោយ​របស់​នាង នាង​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​របស់​នាង​ដើម្បី​ក្លាយ​ជា «​និមិត្តរូប​នៃ​សក្ដានុពល​គ្មាន​ព្រំដែន​ដែល​មាន​នៅក្នុង​ស្ត្រី​គ្រប់រូប​»​។

កាល​ពី​ ពីរ​ឆ្នាំ​មុន អង្គការ​បវរកញ្ញា​ចក្រវាល​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ច្បាប់​មួយ​ចំនួនដោយបានអនុញ្ញាតឱ្យស្ត្រីរៀបការ និងម្តាយចូលរួមប្រកួតប្រជែង ហើយក៏បានបើកទ្វារឱ្យអុ្នកដែលផ្លាស់ប្តូរភេទ និងលុបចោលការកំណត់អាយុទាំងអស់ទៀតផង។ ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានវត្តមានចូលរួមអបអរសាទរ ដាវីន ប្រាសាទ ចំពោះសមិទ្ធិផលដ៏មិនគួរឲ្យជឿ ក្នុងការក្លាយជាម្តាយទី ១ ដែលគ្រងម្កុដបវរកញ្ញាចក្រវាលកម្ពុជា។

គួររំលឹកផងដែរកាលពីឆ្នាំមុន ប្រាសាទ ដាវីន ក៏បានឈ្នះជុំទី៤ នៃ Universal Woman 2023 នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE) ផងដែរ។

លើសពីនេះ កាលពីឆ្នាំ ២០២២ ដាវីន ក៏ធ្លាប់ជាទូតសុឆន្ទះការបំបៅកូនដោយទឹកដោះដើម្បីលើកកម្ពស់សុខភាពកុមារកម្ពុជាទៀតផង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង