ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook យើងឃើញមានមានគេហទំព័រមួយឈ្មោះ ម៉ានិច្ច ម៉ៅ បានបង្ហោះបង្ហាញពីភាពជាម្ចាស់នៃប្រាសាទមួយដែលមានអាយុកាលស្មើនឹងប្រាសាទអង្គរវត្ត។ ដោយក្នុងខ្លឹមសារបានបញ្ជាក់ថា ៖
“នាងខ្ញុំមានកិត្តិយសនិងមោទនភាពជាខ្លាំងដែលបានទទួលសិទ្ធពេញលេញក្លាយជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចសាំប៊ួរ តាមច្បាប់វង្សត្រកូលគ្រួសាររបស់ស្វាមីខ្ញុំគឺ កូនប្រសារ (សាច់ថ្លៃ) មិនអាចចូលឈ្មោះជាម្ចាស់ប្រាសាទបានទេ មានតែកូនបង្កើតប៉ុណ្ណោះ ប៉ុន្តែស្វាមីខ្ញុំបានសំណូមពរដល់គ្រួសារគាត់ទាំងអស់គ្នាដើម្បីផ្តល់កិត្តិយសអោយនាងខ្ញុំ និងមានឈ្មោះខ្មែរចារក្នុងសៀវភៅប្រវត្តិសាស្រ្តប្រាសាទ Brandenbourg ។

នេះជាចិញ្ចៀនដែលជាតំណាងនិមិត្តសញ្ញាប្រចាំគ្រួសារ du Fays – van Delft និងប្រាសាទ Brandenbourg នេះជាមោទនភាពមួយដែលនាងខ្ញុំជានារីខ្មែរមួយរូបបានក្លាយជាម្ចាស់ប្រសាទនៃប្រទេសលោកខាងលិច អរគុណឧត្តមស្វាមីដែលតែងតែលើកតម្កើន និងឲ្យតម្លៃប្រពន្ធរហូតមក កុំភ្លេចណាបងប្អូនដែលបានអញ្ចើញមកលេងអ៊ឺរ៉ុប អាចឈានមកទស្សនាប្រាសាទ Brandenbourg នៅប្រទេសលុចសាំប៊ួរ ជាប់នឹងប្រទេសបារាំង អាល្លឺម៉ង់និងប៊ែលស្ស៊ីក ដែលមាននាងខ្ញុំជាខ្មែរ និងជាម្ចាស់ប្រាសាទផ្ទាល់ជូនបងប្អូនចូលទស្សនាផ្ទាល់តែម្តង ។

ប្រាសាទBrandenbourg ដែលឥឡូវជាប្រាសាទបាក់បែក ស្ថិតនៅលើព្រំប្រទល់ប្រហែល 70 ម៉ែត្រពីលេីភូមិ Brandenbourg នៅភាគខាងជើងឆៀងខាងកើត ប្រទេសលុចសាំបួ ។ វាមានប្រវត្តិត្រលប់ទៅសតវត្សទី 9 និងទី 10 នៅពេលដែលមានបន្ទាយឈើមួយនៅលើទីតាំងនោះ ដែលបច្ចុប្បន្នមានកម្ពស់ 11.9 ម៉ែត្រ មាន 4 ជាន់ ហើយនៅសល់តែបីជាន់ប៉ុណ្ណោះ។

នៅឆ្នាំ 1687 បារាំងបានបំផ្លាញជញ្ជាំងខាងក្រៅនៃប្រាសាទ តែក្រោយមកវាបានធ្លាក់ចូលទៅក្នុងការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង។ ឥឡូវនេះវាជាកម្មសិទ្ធិរបស់គ្រួសារ du Fays – van Delft ។
