បុណ្យសែនព្រះខែគឺជាពិធីបុណ្យមួយ នៅពាក់កណ្ដាលសរទរដូវ ឬរដូវស្លឹកឈើជ្រុះ ហើយត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬចុងឈីវជៀ ដែលជាពិធីបុណ្យសម្រាប់អបអររដូវប្រមូលមួយ ត្រូវបានប្រារព្ធធ្វើឡើងដោយជនជាតិជាច្រើនដូចជា ចិន ជប៉ុន វៀតណាម កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើម។

យ៉ាងណាមិញ មកដល់ពេលនេះ បុណ្យសែនព្រះខែត្រូវប្រារព្ធឡើង នៅទូទាំងពិភពលោក ឲ្យតែមានកូនចៅចិនរស់នៅ ឬតាំងលំនៅឋាន ដែលជាធម្មតាបុណ្យប្រពៃណីមួយនេះ តែងធ្វើនៅថ្ងៃទី ១៥ ក្នុងខែទី ៨ តាមច័ន្ទគតិរបស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬ តុលា នៃប្រក្រតិទិនសុរិយគតិរបស់ខ្មែរវិញ។ ហើយវាត្រូវបានគេហៅថា ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ពីព្រោះថ្ងៃទី ១៥ គឺជាពាក់កណ្តាលនៃខែមួយ ហើយតាមច័ន្ទគតិទី ៨ គឺពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។

សម្រាប់ពិធីបុណ្យសែនព្រះខែនេះ គឺយោងទៅតាមជំនឿមួយរបស់ជនជាតិចិន ដែលមានរឿងព្រេងមួយ ៖
ក្នុងអតីតកាលបុរាណរបស់ចិន មានវីរបុរសម្នាក់ឈ្មោះមួយ Hou Yi មានស្នាដៃល្អបំផុតក្នុងការបាញ់ធ្នូ។ Hou Yi មានប្រពន្ធឈ្មោះថា Chang’e ។ កាលសម័យនោះ កើតមានព្រះអាទិត្យ ១០ នៅលើមេឃ បណ្ដាលឲ្យមានគ្រោះមហន្តរាយដល់ប្រជាជន។ Hou Yi បានបាញ់ព្រះអាទិត្យទាំង៩ ឲ្យនៅសល់តែមួយគត់ ដើម្បីផ្ដល់នូវពន្លឺដល់ប្រជានុរាស្ត្រ។ ពេលនោះហើយដែល Hou Yi បានក្លាយទៅជាវីរបុរសរបស់ប្រជាជនចិន។

កាលណោះ ស្ដេចមានការកោតសរសើរដល់ Hou Yi យ៉ាងខ្លាំង និងបានផ្ដល់ថ្នាំអមតដែលអាចឲ្យគាត់ហោះហើរទៅលើមេឃបាន។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺទឹកនោះមានតែមួយដប ហើយសម្រាប់តែមនុស្សម្នាក់។ Hou Yi មិនចង់ចាកចេញពីប្រពន្ធជាទីស្រលាញ់របស់គាត់ឡើយ គាត់ក៏បានឲ្យ Chang’e រក្សាថ្នាំនេះទុក។ ប៉ុន្តែ Peng Meng ដែលជាសិស្សក្នុងចំណោមសិស្សរបស់គាត់ បានដឹងការសម្ងាត់នេះ។ នៅថ្ងៃទី ១៥ នៃខែសីហា នៅក្នុងប្រតិទិន នៅពេល Yi បានទៅបរបាញ់ Peng Meng បានចូលទៅក្នុងផ្ទះរបស់ Hou Yi និងបង្ខំ Chang’e ប្រគល់ថ្នាំអមតនោះមកគេ។ Chang’e មិនព្រម ហើយនាងបានផឹកចូលទៅក្នុងពោះ រួចហោះឡើងទៅលើមេឃបាត់ទៅ។
នាងស្រឡាញ់ស្វាមីខ្លាំងណាស់ ហើយសង្ឃឹមថានឹងរស់នៅក្បែរគ្នាជារៀងរហូត ទើបនាងជ្រើសរើសព្រះចន្ទសម្រាប់ជាលំនៅឋាន។ នៅពេល Hou Yi ត្រឡប់មកវិញ គាត់បានដឹងពីអ្វីដែលបានកើតឡើង គាត់មានអារម្មណ៍សោកស្ដាយជាខ្លាំង ។ ដើម្បីជាការរំលឹកដល់ភរិយា គាត់បាននាំយកផ្លែឈើនិងនំដែល Chang’e ចូលចិត្តទៅឧទ្ទិសដល់នាងដែលរស់នៅក្នុងព្រះចន្ទ។

មនុស្សដែលបានដឹងអំពីសកម្មភាពទាំងនេះ ក៏ចាប់ផ្ដើមចូលរួមនៅក្នុងការបូជាសែនទាំងនេះជាមួយ Hou Yi ។ ចាប់តាំងពីនោះមក ទម្លាប់នៃការបូជាដល់ព្រះចន្ទ ឬសែននំព្រះខែ ត្រូវបានរីករាលដាលពាសពេញជំនាន់នោះ មនុស្សបានថ្វាយបូជាដល់ Chang’e ដើម្បីរំលឹកដល់នាង ដែលមានភក្ដីភាពចំពោះស្វាមី និងរស់នៅលើក្នុងព្រះចន្ទតែម្នាក់ឯង ហើយក៏បួងសួងសុំសេចក្ដីសុខនិងសំណាងល្អ ដល់អ្នកជំនាន់ក្រោយផងដែរ ។