Casandre Nicole Tubbs កើតនៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 1999 នៅសហរដ្ឋអាមេរិក មានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក។ លោក Greg Tubbs ដែលជាឪពុកក៏ធ្លាប់ជាអតីតអ្នកកីឡាករតៃខ្វាន់ដូដែលបានប្រកួតនៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នគាត់ជាគ្រូបង្វឹកសម្រាប់កូនស្រីរបស់គាត់។ ហេតុនេះហើយតាំងពីនាងមានអាយុ 11ឆ្នាំ នាងត្រូវបានឳពុករបស់នាងបង្ហាត់បង្រៀននិងណែនាំផ្លូវសម្រាប់សិល្បៈក្បាច់គុណ តៃខ្វាន់ដូនេះ និងបណ្តុះអោយនាងមានក្តីសុបិនក្លាយជាអ្នកកីឡា និងជាអត្តពលិកនាពេលអនាគត។

លើសពីនេះទៅទៀត អត្តពលិកនារីកម្ពុជារូបនេះត្រូវបានគេកត់សម្គាល់ថាមានទម្រង់មុខដ៏ស្រស់ស្អាត ស្នាមញញឹមដ៏មានមន្តស្នេហ៍ និងរូបរាងស្ដង់ដារ ជាមួយនឹងកម្ពស់ 1.80 ម៉ែត្រ ជួយអោយ Casandre Tubbs តែងតែមានពន្លឺចែងចាំង ទាក់ទាញក្រសែភ្នែកទស្សនិកជន រាល់ពេលដែលនាងបង្ហាញខ្លួននៅលើសង្វៀន។ មិនតែប៉ុណ្ណោះ រូបភាពរបស់នាងក្នុងអំឡុងពេលប្រកួតប្រជែងនៅលើវេទិកាត្រូវគេបានចែករំលែកនៅលើបណ្តាញសង្គមជាច្រើនក្នុងប្រទេសវៀតណាម ថៃ និងហ្វីលីពីន។

មុនពេលចូលរួមជាមួយក្រុមកីឡាតៃក្វាន់ដូនៅកម្ពុជា Casandre Nicole Tubbs បានយកឈ្នះជើងឯកយុវជននៅសហរដ្ឋអាមេរិក ឈ្នះលើការប្រកួតនៅប្រទេសកូរ៉េក្នុងឆ្នាំ 2014 និងជាជើងឯករងនៅ Spanish Open ឆ្នាំ 2015 នាងត្រូវបានគេជ្រើសរើសជាអត្តពលិកល្អបំផុតនៅរដ្ឋតិចសាស់ទៀតផង។ នេះជាបញ្ជាក់ផងដែរថា Casandre Nicole Tubbs ជ្រើសរើសចូលរួមប្រកួតកីឡាតៃក្វាន់ដូតំណាងកម្ពុជាតាំងពីស៊ីហ្គេមឆ្នាំ ២០១៧មកម្ល៉េះ។ ហេីយប្អូនប្រុសរបស់នាងក៏បានលេងតំណាងឱ្យក្រុមតៃក្វាន់ដូកម្ពុជាផងដែរគឺនៅឆ្នាំ ២០១៩។

ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី Cassandre បានឈ្នះមេដាយសំរឹទ្ធជាលើកដំបូងតំណាងអោយកម្ពុជា។ លើសពីនេះ នៅស៊ីហ្គេម លើកទី៣០ ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន នាងបានឈ្នះមេដាយប្រាក់ ហើយនៅស៊ីហ្គេម ៣១ នៅប្រទេសវៀតណាម នាងបានឈ្នះមេដាយសំរឹទ្ធជូនកម្ពុជាថែមទៀតផង។
កាលពីថ្ងៃទី១៥ ឧសភាឆ្នាំ២០២៣ថ្មីៗនេះ កីឡាការិនីតៃក្វាន់ដូកម្ពុជា-អាមេរិក Casandre Nicole Tubbs បានឈ្នះមេដាយមាស ក្រោយយកឈ្នះកីឡាការិនីវៀតណាម Khiem Bac Thi ក្នុងប្រភេទទម្ងន់ក្រោម៦៧គីឡូក្រាម ។

ទោះបីជាយ៉ាងនេះក្តី Casandre Nicole Tubbs មិនមែនត្រឹមតែតំណាងអោយកម្ពុជាទទួលបានមេដៃប៉ុណ្ណោះទេ នាងថែមទាំងបានតំណាងអោយសហរដ្ឋអាមេរិកនៅក្នុងការប្រកួតបើកឆាកជាច្រើនផងដែរ។ សំខាន់ជាងនេះ កីឡាការនីរូបនេះពិតជាធ្វេីអោយយេីងមានមោទនភាពនិង មានការកោតសរសេីរយ៉ាងខ្លាំងចំពោះស្នាដៃដែលនាងខំប្រឹងប្រែងកន្លងមកដេីម្បីប្រទេសជាតិទាំងមូល។