ក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដែលធ្វើឡើងនៅបណ្ណាល័យជាតិ យើងឃើញថាពិតជាមានមនុស្សម្នាចូលរួមច្រើនយ៉ាងច្រើនកុះករ។ ក្នុងនោះផងដែរយើងក៏បានឃើញវត្តមានតារាសម្ដែងស្រី មុន្នី វិជ្ជរ៉ា និងតារាសម្តែងប្រុសមានមន្តស្នេហ៍ ប្រុសខួច បានចូលរួមកម្មវិធីសម្ពោធសៀវភៅ«ថ្ងៃណាមួយ» ដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធជើងចាស់ ម៉ីសន សុធារី ។
ក្នុងកម្មវិធីកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ស្រីស្អាត ប្រុសស្អាត ទាំង២ដួងនេះបានប្រាប់ថា ខ្លួនពិតជាសប្បាយចិត្តមែនទែនដែលបានចូលរួមជាផ្នែកមួយក្នុងការជម្រុញការអាននៅកម្ពុជា។ លើសពីនេះពិតជារំភើបមែនទែនដែលឃើញមានបងប្អូនចូលរួមកម្មវិធីពិព័រណ៍សៀវភៅ ហើយគាំទ្រច្រើនខ្លាំងបែបនេះ។
«ថ្ងៃណាមួយ» ដែលជាប្រភេទសៀវភៅជីវិត បង្រៀនមនុស្សឲ្យចេះបើកបេះដូង មើលពិភពលោកក្នុងន័យវិជ្ជមាន ជាស្ពានពង្រឹងផ្លូវចិត្តយុវវ័យ។ ម្នាក់ៗសុទ្ធតែមានឧបសគ្គ និងការបាក់ទឹកចិត្ត តែក៏តែងតែមានដំណោះស្រាយជានិច្ច។
សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅបែបជីវិត ការពង្រឹងផ្លូវចិត្តក្នុងការរស់នៅ មិនគួររំលងសៀវភៅមួយក្បាលនេះទេ។