រឿងឯកជន ៤យ៉ាងដែលគ្រប់គ្នាមិនគួរបង្ហាញនៅលើបណ្ដាញសង្គម ពិសេសមនុស្សស្រីតែម្ដង

Vachana-Website-News-Entertainment-5

បណ្ដាញសង្គមជាកន្លែងរក្សាទំនាក់ទំង កម្សាន្ត និងតាមដានព័ត៌មាន ឬក៏ចែករំលែករឿងរ៉ាវផ្សេងៗ។ យ៉ាងណាមិញវាមានផលល្អ តែក៏មានផលប៉ះពាល់ដែរ បើសិនជាអ្នកមិនចេះការពារខ្លួន។ ខាងក្រោមជារឿងមួយចំនួនដែលអ្នកប្រហែលគិតថាជារឿងធម្មតា តែវាអាចក្លាយជារឿងមិនធម្មតានៅពេលដែលអ្នកបង្ហាញវានៅលើបណ្ដាញសង្គម។
១. បង្ហោះពីអាសយដ្ឋានរស់នៅ ឬទីតាំងដែលខ្លួនកំពុងនៅ 

ទីតាំងរបស់អ្នកពិតជាសំខាន់ណាស់ ហើយវាជារឿងដ៏រសើបមែនទែនដែលអ្នកមិនត្រូវចែករំលែកផ្តេសផ្ដាសនោះទេ។ អ្នកមិនអាចដឹងថាអ្នកណាមានបំណងល្អ ឬអាក្រក់ទេ ដូច្នេះចូររក្សាទីតាំងរបស់អ្នកឲ្យបានល្អ កុំ Check-in កុំអនុញ្ញាតឲ្យអ្នកផ្សេងដឹងពីការរស់នៅ និងដំណើររបស់អ្នកច្រើនពេកក្រៅពីមនុស្សដែលអ្នកទុកចិត្ត។
២. រឿងគ្រួសារ

ការបង្ហោះរឿងក្នុងគ្រួសារលើបណ្ដាញសង្គមមិនមែនមិនល្អនោះទេ ព្រោះនោះជាការរស់នៅប្រចាំថ្ងៃរបស់អ្នក តែវាក៏មានកម្រិតដែរ។ ការដែលឲ្យអ្នកដទៃដឹងពីទំនាក់ទំនង និងរឿងរ៉ាវក្នុងគ្រួសារខ្លាំងពេកគឺមិនមានអ្វីចំណេញឡើយ មានតែអាចនាំបញ្ហាព្រោះអ្នកខ្លះមិនបានសប្បាយអរជាមួយអ្នក និងគ្រួសារអ្នកឡើយ។ 
ពេលអ្នកមានសេចក្តីសុខមិនអីទេ តែពេលឃើញអ្នកមានបញ្ហាគេនិយាយភ្លាម ដូចនេះអ្នកមិនគួរបង្ហាញវាខ្លាំងពេកទេ ព្រោះធ្វើឲ្យអ្នកដទៃវាយតម្លៃ និងចាំតែសើចចំអកអ្នកទៅវិញ។
៣. បញ្ហាហិរញ្ញវត្ថុ

ចំពោះរឿងលុយកាក់អ្នកមិនចាំបាច់អួតខ្លាំងលើសលប់ពេកទេ លាក់បានលាក់ខ្លះទៅព្រោះជារឿងគ្រោះថ្នាក់ខ្លាំងនៅពេលដែលអ្នកចូលចិត្តបង្ហោះពីទ្រព្យសម្បត្តិ និងលុយដែលអ្នកមាន។ ការធ្វើបែបនេះជារឿងនាំគ្រោះថ្នាក់ដោយសារតែអ្នកមិនដឹងទេថាមិត្តនៅក្នុងបណ្ដាញសង្គមអ្នកជាមនុស្សបែបណា នេះជាបញ្ហាដែលអាចឲ្យអ្នកជួបប្រទះនូវគ្រោះថ្នាក់បានគ្រប់ពេល។ លើសពីនេះរឿងហិរញ្ញវត្ថុមួយ មិនបាច់និយាយច្រើនពេកទេ ថាអ្នករកអី បានអីធ្វើ ចំណេញប៉ុន្មាន ខាត​ប៉ុន្មាន ព្រោះនេះគួរតែជារឿងឯកជនសម្រាប់ជីវិតអ្នក។ អ្នកអត់លុយ មាន​លុយ ក្រៅពីមនុស្សដែលស្រឡាញ់អ្នក គឺមិនអបអរ ឬឲ្យលុយអ្នកខ្ចីនោះទេ មានតែសើចនៅពេលអ្នកមានបញ្ហា និងច្រណែនពេលឃើញអ្នកមានបាន។
៤. បញ្ហាការងារ ឬការរកស៊ី 
ការចែករំលែកបទពិសោធន៍ការរបស់អ្នកទៅកាន់អ្នកដទៃគឺជារឿងល្អ ផ្ទុយទៅវិញបើសិនជាអ្នកបែរជានិយាយ ត្អូញត្អែរពីការងារ ឬលម្អិតពីមុខដំណែង ការរកស៊ីដែលអ្នកកាន់ពេកក៏មិនមែនជារឿងល្អដែរ។ មួយទៀតការយកបញ្ហាការងារនៅក្រុមហ៊ុន ឬការរកស៊ីផ្ទាល់ខ្លួនមកបង្ហោះច្រើនវាក៏អាចឲ្យគេវាយតម្លៃអ្នក និងអាចនាំបញ្ហាឲ្យអ្នកនៅកន្លែងការងារ ឬការរកស៊ីផងដែរ។ មិនបាច់បង្ហាញខ្លាំងពេកទេ ជាពិសេសបើមានបញ្ហា អ្នកគួរតែដោះស្រាយដោយផ្ទាល់ មិនមែនមានរឿងអីក៏ស្រែកដាក់បណ្ដាញសង្គមនោះទេ។

សង្គមឥឡូវគួរឲ្យខ្លាចណាស់អ្នកមិនគួរធ្វើអ្វីដែលបង្ហាញពីខ្លួនឯងច្រើនពេកទេ ព្រោះនាំតែធ្វើឲ្យខ្លួនឯងពិបាកនិងមានបញ្ហានោះទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង