ល្បែងប្រជាប្រិយដែលប្រជាជនខ្មែរពេញនិយមលេងនៅរដូវចូលឆ្នាំប្រពៃណីខ្មែរ

Vachana-Website-News-Entertainment-1

ល្បែងប្រជាប្រិយ គឺជាសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរ ហើយ​បាន​រីក​ចម្រើន ដើម្បី​បង្ហាញឲ្យ ប្រជាជនដទៃទៀត​ដឹង​ឮ ​និង​ស្ញប់​ស្ញែង​ពី​អារិយធម៌​ខ្មែរដែលមានតាំងពីបុរាណកាលមកម្ល៉េះ។​ លើសពីនេះភាគច្រើនប្រជាជន​ខ្មែរ​និយម​លេង​ ល្បែង​ប្រជាប្រិយ​ទាំងនេះ នៅពេល​មាន​ពិធី​បុណ្យទាន​ម្តងៗ ជាពិសេស​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរតែម្តង។ ខាងក្រោមនេះ គឺជាល្បែង​ប្រជាប្រិយ​ខ្មែរមួយចំនួនដែលពេញនិយមសម្រាប់ប្រជាជនខ្មែរក្នុងពេលចូលឆ្នាំខ្មែរ៖

១. ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង ជាល្បែងម្យ៉ាងរបស់ខ្មែរក្នុងបុរាណកាល ដែលល្បែងនេះគេ ប្រមូលគ្នាអង្គុយជារង្វង់ហើយច្រៀងចម្រៀងថា “លាក់កន្សែង ស្រមោចខាំកែង អូឡូៗ” បន្ទាប់មកមានមនុស្សម្នាក់កាន់កន្សែងមួយ លុះរត់ក្រឡឹង អ្នកអង្គុយ ២ ៣ ជុំហើយ មើលតែអ្នកណា​អង្គុយ​បែប​​ភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចមនុស្សម្នាក់ដែលត្រូវគេលាក់កន្សែងនោះកាន់កន្សែងរត់វាយតិចៗទៅមនុស្សដែលអង្គុយនៅខាងស្តាំដៃរបស់ខ្លួន។ ជួនកាលអ្នកខ្លះមិនដែល​បាន​ឡើង​លាក់​​កន្សែងនឹងគេ ម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួនមិនដឹង រវល់​តែភ្លេចខ្លួនពេក។

២. ល្បែងចោលឈូង

ល្បែងចោលឈូង ជាល្បែងមួយរបស់មនុស្សកម្លោះក្រមុំ ឬមនុស្ស​ចំណាស់ៗ ប្រុស ស្រី ដែលគេចែកគ្នាជា ២ ក្រុម គឺ​​ប្រុស ១​ក្រុម ស្រី ១​ក្រុម ។ ក្នុង ១ ក្រុមៗមានគ្នាចំនួនពី ៥នាក់ ឬ ១០នាក់ ឡើងទៅ ឈរ​ត្រៀម​​​​ជា​​២​ជួរ ទល់​មុខ​គ្នា ឃ្លាតពីគ្នាប្រមាណជា ៦ ឬ ៨ ម៉ែត្រ ។ គេយកក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា “ឈូង” សម្រាប់កាន់បោះ ឬ​ចោល​ទៅ​មក​រក​គ្នា បន្ទាប់មកគេនាំគ្នាច្រៀងចម្រៀង “ឱណាអូនបោះឈូងទៅថ្លៃហើយឈូងបែងជា៥ ខែចេត្រចូលឆ្នាំ ហាអឺង អឺងអើយ ចាំទទួលឈូងអូន” បន្ទាប់ពីបោះឈូងហើយ ខាងប្រុសច្រៀងម្តងនិងចោលឈូងទៅខាងស្រីចាប់វិញម្តង។ លើសពីនេះបើក្រុមស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើ​ចោល​​ត្រូវប្រុសណា ប្រុស​នោះ​ត្រូវ​រាំ​ បន្ទាប់មកទើបផ្តើមបោះជាថ្មីម្តងទៀត។

៣. ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ ឲ្យតែមានកម្លាំងចង់លេង។ ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម ៥នាក់ ឬ ៨ នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណឹង លែ្បងនេះគឺយកខ្សែពួរ ជា ព្រ័ត ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។

៤. ល្បែងចាប់កូនខ្លែង

ល្បែងចាង់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ ល្បែងនេះគេប្រមូលគ្នាប្រហែល៨ ទៅ ១០ នាក់ ដើម្បីលេង។ នៅពេលប្រមូលគ្រប់ហើយ ពួកគេក៏ចាប់ផ្តើមប៉ាវដើម្បីឲ្យអ្នកចាញ់ធ្វើជាខ្លែង ហើយសល់គ្នាប៉ុន្មានអ្នកទៀតធ្វើជាកូនមាន់និងមេមាន់ឈរជាជួរ រួចច្រៀងថា “ចាប់កូនខ្លែងប្រលែងកូនមាន់ មេមាន់មកទាន់យកលាក់ត្រង់ណា”។ នៅពេលដែលច្រៀងចប់ហើយ អ្នកធ្វើជាខ្លែងក៏បានស្រែកទៅមេមាន់ថា “សុំកូនមុខ” មេមាន់ស្រែកតបថា “ឪពុកមិនឲ្យ”  ខ្លែងក៏បន្ត “សុំកូនក្រោយ” មេមាន់ក៏ស្រែក “ចាប់បានយកចុះ” ក្រោយច្រៀងរួចហើយ ខ្លែងក៏រត់ដេញចាប់អ្នកនៅតោងខាងក្រោយគេ ប៉ុន្តែមេមាន់ក៏មានតួនាទីការពារកូនដែលនៅក្រោយរត់ពេនចុះ ពេនឡើង ដោយឃាំងមិនឲ្យខ្លែងអាចរត់ទៅចាប់កូនខ្លួនបាន។ ករណីដែលចាប់បានកូនក្រោយហើយ ក៏អ្នកដែលត្រូវខ្លែងចាប់បានធ្វើជាខ្លែងម្តង បន្តបន្ទាប់គ្នាដល់អស់កម្លាំងរៀងខ្លួន។ 

៥. ល្បែងស្វាដណ្តើមស្លឹកឈើ

ល្បែងនេះគេអាចប្រមូលគ្នា ពី៨នាក់ ទៅ ១០នាក់បាន ដោយបែងចែកម្ខាងមានគ្នា ៤ ឬ ៥ នាក់ទៅតាមចំនួនមនុស្ស។ បន្ទាប់ពីប្រមូលគ្នារួចហើយពួកគេក៏ចាប់ផ្តើមឈរតម្រៀបគ្នាជាជួរហើយបានកំណត់សម្គាល់លេខរៀង ពី ១ដល់ ៥។ ក្រោយពីស្គាល់លេខរៀងៗខ្លួនហើយ មានមនុស្សម្នាក់ធ្វើ អាជ្ញាកណ្តាលមើលខុសត្រូវ និង ជាអ្នកហៅលេខក្នុងក្រុមនីមួយៗមកដណ្តើមស្លឹកឈើដែលគូរង្វង់នៅកណ្តាល។ ម្យ៉ាងទៀតនៅពេលដែលអ្នកណាឮលេខសម្គាល់របស់ខ្លួនហើយត្រូវរត់ចេញមកឲ្យបានលឿនដើម្បីដណ្តើមស្លឹកឈើកុំឲ្យគេចាប់បាន ប្រសិនបើអ្នកណាចាប់ស្លឹកឈើបានយកទៅខាងក្រោមរបស់ខ្លួននឹងទទួលបានពិន្ទុ ប៉ុន្តែបើអ្នកណាកាន់ស្លឹកឈើរត់ទៅហើយត្រូវគេចាប់បាន និងមិនបានពិន្ទុឡើយ។

៦. ល្បែងវាយក្អមល្បែងវាយក្អម

ជាល្បែងដែលសាមញ្ញបំផុត ប៉ុន្តែមិនសូវមានអ្នកណាវាយត្រូវដោយងាយស្រួលនោះទេ ព្រោះល្បែងនេះ គេលេងតម្រូវឲ្យអ្នកវាយត្រវចងភ្នែកនឹងក្រមា បន្ទាប់មករង្វិល៣ជុំ ទើបអាចដើរទៅវាយក្អមដែលចង់នៅលើបាន។ លើសពីនេះគេមិនសូវឲ្យអ្នកមើល និងអ្នកប្រាប់ឈរជិតពេកនោះទេ ព្រោះខ្លាចកម្ទេចក្អមពេលវាយត្រូវ ខ្ទាតចំខ្លួន ឬ បង្កគ្រោះថ្នាក់។ របស់ដែលត្រូវលេងល្បែងនេះ គឺត្រូវមានដំបងមួយដែល ល្មម ហើយក្អម ម្សៅ និង លុយ បន្ទាប់មកគេចាក់ម្សៅ ឬ លុយចូលទៅក្នុងក្អមដែលត្រូវវាយ អ្នកណាវាយត្រូវនិងជាអ្នកឈ្នះ។

៧. ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ ជាល្បែងប្រពៃណីខ្មែរដែលភាគច្រើនយើងឃើញលេងនៅក្នុងវត្តអារាមនៅពេលចូលឆ្នាំខ្មែរ ដែលជាល្បែងរបស់ កំលោះ និង ក្រមុំ ជាអ្នកលេងជា២ក្រុម កដែលក្នុងមួយក្រុមមាន ៤ ទៅ ៥នាក់។ បន្ទាប់មកពួកខាងប្រុសទៅឈរនៅទល់មកខាងស្រីប្រហែល ២ឬ៣ ជំហាន និង ដាំកូននៅលើដី ជា ៣ផ្នែក គឺផ្នែក កណ្តាល រាងនៅមុខបន្តិច និង ផ្នែក ឆ្វេង និង ស្តាំ នៅខាងក្រោយបន្តិច បន្ទាប់ពីដាំរួចហើយ ខាងប្រុសគេឲ្យខាងស្រីជាអ្នកបោះមុន ប៉ុន្តែបើខាងណាបោះចំ កូនដែលនៅកណ្តាលគឺជាអ្នកចាញ់និងត្រូវគេ គោះជង្គង់ គេលេងបែបនេះបន្តបន្ទាប់រហូតដល់ម៉ោងសម្រាក។

ល្បែងប្រជាប្រិយដែលប្រជាជនខ្មែរពេញនិយមលេងនៅរដូវចូលឆ្នាំខ្មែរ មានដូចជា លាក់កន្សែង ទាញព្រ័ត្រ ចោលឈូង បោះអង្គញ់ វាយក្អមចាប់កូនខ្លែង និង ល្បែងដណ្តើមស្លឹកឈើ គឺសុទ្ធសឹងតែជាល្បែងដែលប្រជាជនខ្មែរយើងនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅពេលខិតចូលមកដល់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង