នៅថ្ងៃទី 21 កាកបាទក្រហមកូរ៉េ បានប្រកាសពីការចូលរួមចំណែករបស់ Lee Young-ae ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ សម្រាប់កុមារដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

ដោយបង្ហាញពីការព្រួយបារម្ភរបស់នាង Lee Young-ae បានថ្លែងថា “ការបន្តហូរចូលនៃដំណឹងដ៏សោកសៅ ធ្វើឲ្យខ្ញុំសោកស្ដាយយ៉ាងខ្លាំង ខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះផ្តល់ការសង្គ្រោះខ្លះ ដល់កុមារដែលបានបាត់បង់សមាជិកគ្រួសារ និងកំពុងស៊ូទ្រាំនឹងទុក្ខលំបាកនៃសង្គ្រាម»។ មូលនិធិពី Lee Young-ae នឹងគាំទ្រការថែទាំវេជ្ជសាស្រ្ត សម្រាប់កុមារនៅក្នុងតំបន់ជម្លោះ និងជំនួយក្នុងការចែកចាយការផ្គត់ផ្គង់សំខាន់ៗ ដោយសហការជាមួយចលនាកាកបាទក្រហមអន្តរជាតិ។

គួររំលឹកផងដែរថា ពីមុន Lee Young-ae បានបរិច្ចាគ ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ នៅកោះ Maui ក្នុងរដ្ឋ Hawaii ក្នុងខែសីហា។ ហើយកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់នាង មានបុព្វហេតុផ្សេងៗ រួមទាំងការគាំទ្រដល់ជនរងគ្រោះ ដោយភ្លើងឆេះភូមិ Guryong ជំនួយសង្គ្រោះទឹកជំនន់នៅ Chungcheong ជំនួយ COVID-19 ជំនួយសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន និងការគាំទ្រជាបន្តបន្ទាប់សម្រាប់អ្នកជំងឺមហារីកកុមារ។ ជារៀងរាល់ឆ្នាំ នាងក៏បានរួមចំណែកដល់មូលនិធិអប់រំ ដល់កុមារនៃទាហានដែលបានស្លាប់ និងអតីតយុទ្ធជនសង្គ្រាមកូរ៉េផងដែរ។

ប្រភព៖ Allkpop