Owen Cheung មានអាយុ 36 ឆ្នាំហើយ បើគិតមកដល់បច្ចុប្បន្ន។ កាលចូលប្រឡូកក្នុងវិស័យកម្សាន្តជាលើកដំបូង គាត់ត្រុវបានគេនិយាយថាមាន មុខមាត់ស្រដៀងនឹង Chilam Cheung។ ពីមួយថ្ងៃទៅមួយថ្ងៃ Owen បានផ្សព្វផ្សាយរឿងភាគដែលនឹងមកដល់របស់គាត់ចំនួនពីរ គឺ Death Hint គឺជាភាពយន្តបែបឧក្រិដ្ឋកម្មដែលផលិតដោយ Jazz និង បច្ចុប្បន្ន Owen កំពុងថតរឿងប៉ូលីសមួយទៀតគឺ Anti-crime Heroes។

ក្រៅពីការស្វែងរកភាពជោគជ័យក្នុងអាជីពកាន់តែខ្លាំង Owen ក៏មានមិត្តស្រីដែរ ហើយមានទំនាក់ទំនងរយៈពេលបួនឆ្នាំ។ លើសពីនេះ Owen និង Renci Yeung មិនដែលចែករំលែករូបថតប្តីប្រពន្ធនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេឡើយ ព្រោះ Owen មានអារម្មណ៍ថា វាជាការមិនចាំបាច់ក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេនៅលើអ៊ីនធឺណិត ហើយដរាបណាពួកគេមានក្តីសុខ និង មានភាពផ្អែមល្ហែមជាមួយគ្នាបែបនេះ។

បន្ថែមពីនេះ Owen បានពន្យល់ទៀតថា “យើងទាំងពីរផ្តោតលើអាជីពរបស់យើងជាមុនសិន ព្រោះព្រឹទ្ធាចារ្យម្នាក់ ធ្លាប់បាននិយាយថា សិល្បករមានរយៈពេលកំណត់ឆ្នាំប៉ុណ្ណោះដើម្បីអភិវឌ្ឍអាជីពរបស់ខ្លួនឱ្យបានពេញលេញ។ ប៉ុន្មានឆ្នាំខាងមុខ ខ្ញុំចង់ផ្តោតលើការងាររបស់ខ្ញុំ អ្វីៗផ្សេងទៀត គឺអាចរង់ចាំបាន”។

ពេលសួរថាតើ Renci នឹងសុខចិត្តរង់ចាំគាត់ទេ Owen សើចហើយបង្ហើបថា ចិត្តគំនិតរបស់ពួកគេទាំងពីរ គឺស្រដៀងគ្នាខ្លាំងណាស់ ដោយ Owen ក៏បាននិយាយបន្តថា គាត់ និង Renci នឹងចែករំលែកយ៉ាងរីករាយអំពីការងាររបស់ពួកគេ ក្នុងអំឡុងពេលទំនេររបស់ពួកគេ ហើយជារឿយៗតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តគ្នាទៅវិញទៅមក។

ជាចុងក្រោយ Owen Cheung និយាយថា “យើងទាំងពីរយល់ស្របលើរឿងនេះ ដោយចង់ឲ្យការងារកាន់តែប្រសើរជាមុនសិន មុននឹងសម្រេចចិត្តរៀបការ”។
ប្រភព៖ jaynestar.com