កាលពីថ្មីៗនេះ Selena Gomez ដែលជាតារាចម្រៀងល្បីឈ្មោះម្នាក់បានបើកចំហរពីទំនាក់ទំនងស្នេហារបស់ខ្លួននៅលើគណនី IG របស់ខ្លួនដោយបានសរសេរ caption ថា ខ្លួនបានស្វែងរកម្ចាស់បេះដូងឃើញហើយ គឺ Benny Blanco ដែលជាផលិតករតន្ដ្រីល្បីឈ្មោះម្នាក់។ បន្ទាប់ពីបានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនហើយ ក៏មាន Fan Fan ជាច្រើនបានចូល comment អបអរដល់ស្នេហារបស់ idol ទាំងពីរ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះ បានលួចបង្ហើបកាលពីក្នុងបទសម្ភាសន៍មុនៗថា នាងកំពុងលួចចាប់អារម្មណ៍ទៅលើបុរសម្នាក់ ដែលជាមនុស្សធ្លាប់ការងារជាមួយគ្នាកាលពីមុន ប៉ុន្តែ សុំមិនបញ្ចេញឈ្មោះឡើយ។

ភាពស្និទ្ធស្នាលរបស់ពួកគេបានបង្ហាញឡើងនៅពេល លោក Benny Blanco បានចូលរួមកម្មវិធីខួបកំណើត ៣១ឆ្នាំ របស់ Selena Gomez កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២៣ ហើយទំនាក់ទំនងកាន់តែជិតស្និទ្ធរហូតក្លាយជាគូស្នេហ៍ ដែលមានរយៈពេលប្រហែល ៦ខែហើយ។

មិនតែប៉ុណ្ណោះ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ ក៏បានបញ្ចេញមតិក្នុងបណ្ដាញសង្គមរបស់ខ្លួន ដោយសរសើរពីមិត្ដប្រុសរបស់ខ្លួនថា Benny Blanco ជាមនុស្សពិសេស និងសំខាន់នៅក្នុងចិត្ដរបស់នាង។ បែរការចាប់អារម្មណ៍បន្តិច Benny Blanco ក៏ធ្លាប់រួមសហការជាមួយតារាល្បីៗ លំដាប់ពិភពលោកដូចជា Ed Sheeran, Katy Perry, Justin Bieber និង The Weeknd។ ព្រមទាំងធ្លាប់ឈ្នះពានរង្វាន់ BMI Songwriter Of the Year Award ៥ ដងមកថែមទៀតផង។
