ដូចប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយថា ពិព័រណ៍សៀវភៅកម្ពុជា បានត្រឡប់មកវិញជាផ្លូវការហើយ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលមានគំនូរសិល្បៈរចនា ឆ្លុះបញ្ចាំងអំពី ដំណើរវិវត្តន៍នៃការតែងនិពន្ធទៅតាមសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា។

មិនតែប៉ុណ្ណោះ ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះ នឹងមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រួមទាំងសកម្មភាពកំសាន្តសប្បាយផ្សេងទៀតដូចជា ការលេងល្បែងកំសាន្តដើម្បីឈ្នះរង្វាន់ ការគូសមុខនិងផាត់ពណ៌ សម្រាប់កុមារតូចៗនៅសួនកុមារ កន្លែងថតរូបដ៏ស្រស់ប្រណិត និងការប្រគំតន្ត្រីដែលចូលរួមសម្ដែងដោយសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប។
ទន្ទឹមនឹងនេះ បើប្រៀបធៀបទៅឆ្នាំមុនៗ ឆ្នាំនេះមានការរៀបចំឡើងយ៉ាងពិសេស ព្រោះមានស្តង់ចូលរួមលើសពី 200ស្តង់ ហើយប្រព្រឹត្តទៅចំនួនដល់ទៅ 4ថ្ងៃ ខណៈដែលឆ្នាំមុនៗគឺមានតែ 3ថ្ងៃប៉ុណ្ណោះ។

ហើយការពិព័រណ៍នេះក៏នឹងមាន ការចូលរួមពីគ្រឹសស្ថានសៀវភៅជាច្រើន ព្រមទាំងមានការដាក់លក់សៀវភៅជាច្រើនប្រភេទទាំងសៀវភៅអាជីវកម្ម ចំណេះដឹង អប់រំ ប្រលោមលោក និងសៀវភៅផ្សេងៗជាច្រើនទៀត ពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងហាងសៀវភៅល្បីៗនានានៅក្នុងប្រទេសកម្ពុជា ដែលជាឱកាសដ៏ល្អមួយ សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ។
