តើ Cardi B ជាអ្នកណាមកពីណា ហេតុអីក៏ល្បី មានអ្នកចូលចិត្តច្រើនម្លេះ? ម៉្យាងមានចំណុចណាខ្លះ ដែលយើងអាចរៀនសូត្របានពីតារារ៉េបល្បីរូបនេះ?
Cardi B ជាតារារ៉េប ជនជាតិអាមេរិក មានឈ្មោះពិតថា Belcalis Almanzar កើតនៅថ្ងៃទី 11 ខែតុលា ឆ្នាំ 1992 ដែលបច្ចុប្បន្នមានអាយុ 30ឆ្នាំ និងនាងរៀបការជាមួយ Offset និងមានកូន 2 នាក់។ ហើយទំរាំទទួលបានជោគជ័យមានកេរ្ត៍ឈ្មោះ ដែលត្រូវបានគេចាត់ទុកថាជាតារារ៉េបស្រី ទទួលបានជោគជ័យបំផុតក្នុង នៅជំនាន់នេះ Cardi B មានភាពតស៊ូ និងលំបាកច្រើន ចង់ដឹងថា តារាស្រីរូបនេះមានភាពលំបាកយ៉ាងណាខ្លះ តោះទៅដឹងទាំងអស់គ្នា។

Cardi B ធំធាត់នៅ The Bronx ត្រូវបានចិញ្ចឹមបីបាច់ក្នុងភាពក្រីក្រ ព្រមទាំងបានក្លាយជាជនរងគ្រោះ នៃអំពើហិង្សាក្នុងគ្រួសារថែមទៀត ក្រោយមកនាងក៏បានឈប់រៀនព្រោះតែគ្មានលុយ និងចាកចេញពីទីកន្លែងកំណើត ហើយធ្វើការជាអ្នកគិតលុយនៅហាងមួយកន្លែង ខណៈពេលដែលនាងកំពុងស្នាក់នៅផ្ទះអតីតមិត្តប្រុសរបស់នាង ព្រមទាំងទទួលរងអំពើហឹង្សាពីអតីតមិត្តប្រុស និងការមើលងាយពីម្តាយរបស់អតីតមិត្តប្រុសនាងថែមទៀត នៅពេលដែល CardiB មានអាយុ 18 ឆ្នាំ នាងបានធ្វើការនៅ Strip club ជា Stripper ដើម្បីរកប្រាក់ និងគេចផុតពិស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាចាកចេញពីផ្ទះអតីតមិត្តប្រុសរបស់នាងដូចគ្នា ក្នុងពេលនោះ Cardib បានកុហកម្តាយរបស់នាងថា នាងធ្វើជា Babysitting ជាអ្នកមើលកូន ដើម្បីរកប្រាក់។

ក្រោយពីធ្វើការសន្សំលុយបានសមល្មម តារាស្រីរូបនេះក៏បានយកមកវិនិយោគលើវិស័យតន្រ្តី និងបង្កើត mixtape ផ្ទាល់ខ្លួនរបស់នាង Cardib បានធ្វើការវះកាត់កែសម្ផស្សដំបូងនៅអាយុ 19 ដែលនាងនិយាយថា ធ្វើវាដើម្បីរកប្រាក់ឲ្យបានច្រើន ហើយការកែសម្ផស្សមួយរបស់នាង វិះនឹងធ្វើឲ្យនាងបាត់បង់ជីវិតថែមទៀត តែដោយសារតែរូបរាង និងទេពកោសល្យដ៏អស្ចារ្យរបស់នាង Cardi B ចាប់ផ្តើមមានឈ្មោះបោះសម្លេង និងល្បីល្បាញយ៉ាងឆាប់រហ័យ ដែលសព្វថ្ងៃនាងមានទាំងមុខមាត់ ភាពល្បីល្បាញ និងក្រុមគ្រួសារដ៏កក់ក្តៅ។
ចាងក្រោមនេះ ជាចំណុចដែលហ្វេននាំគ្នាស្រលាញ់ CardiB និងអាចយកគម្រូតាមបាន ៖
1. CardiB មិនដែលខ្មាស់អៀន ពីអតីតកាលរបស់នាងនោះទេ
Cardi B មិនខ្លាចក្នុងការសារភាពថា នាងជាអ្នកធ្វើការជា Stripper មុនពេលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានទ្រព្យសម្បត្តិដូចសព្វថ្ងៃ ជីវិតគឺតែងតែមានភាពលំបាកមិនងាយស្រួលទេ ដូច្នេះពេលខ្លះអ្នកត្រូវធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីផ្គត់ផ្គង់គ្រួសាររបស់អ្នក ប៉ុន្តែ Cardi បានមើលឃើញថានេះជាឱកាស ហើយប្រើវាឱ្យអស់ពីសមត្ថភាព។ ប្រៀបដូចជាជីវិតរបស់យើងដែរ អ្នកណាក៏មានអតីតកាល ហើយកុំខ្លាចនិងខ្មាស់អៀន ព្រោះពេលខ្លះអតីតកាលនោះហើយ ដែលនាំយើងឲ្យមានបច្ចុប្បន្ន។

2. CardiB ខិតខំធ្វើការ និងចាប់ផ្តើមពីចំណុចសូន្យតែម្នាក់ឯង
ដូចដែលដឹង Cardi B គ្រាន់តែជាក្មេងស្រីក្រីក្រខ្លួនមួយ មកពី Bronx ដែលព្យាយាមរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់នាង ហើយគ្រប់ពេលដែលនាងមានក្តីសុបិនធំ ចង់ក្លាយជាតារារ៉េប នាងបានប្រឹងប្រែងធ្វើការ នាងបានខិតខំយ៉ាងខ្លាំង ដើម្បីទៅកន្លែងដែលនាងមានសព្វថ្ងៃ។ នាងមិនទុកឱ្យការបរាជ័យក្លាយ ក្លាយជាឧបសគ្គសម្រាប់នាងឡើយ CardiB ក៏មិនអនុញ្ញាតឱ្យមនុស្សប្រុស ឬនរណាម្នាក់រារាំងនាង ពីការដេញតាមចាប់ក្តីសុបិនរបស់នាងដូចគ្នា។
3. ជាមនុស្សស្មោះត្រង់
CardiB គឺជាមនុស្សម្នាក់ដ៏ស្មោះត្រង់ ប្រសិនបើនាងមិនចូលចិត្តអ្នក នាងនឹងប្រាប់អ្នកថានាងមិនចូលចិត្តអ្នក។ តែបើនាងស្រលាញ់អ្នក នាងនឹងប្រាប់អ្នក នឹងបង្ហាញកាយវិការឱ្យអ្នកដឹង ហើយប្រសិនបើនាងគិតថា អ្នកកំពុងធ្វើរឿងឆោតល្ងង់ នាងនឹងប្រាប់អ្នកត្រង់ៗឲ្យឈប់ឬក៏ណែនាំអ្នកជាដើម Cardi B ជាមនុស្សស្មោះត្រង់មិនចេះតែស្ករ។

4. CardiB ជួយបំផុសគំនិតស្ត្រី ឱ្យមានភាពឯករាជ្យ និងទទួលខុសត្រូវលើជីវិតរបស់ពួកគេ
Cardi B គឺជាស្ត្រី independent ឬឯករាជ្យម្នាក់ ហើយនាងអនុញ្ញាតក៏បានបង្ហាញដល់ស្រ្តីផ្សេងទៀតដែរថា បើទោះជាពួកគេមានដៃគូរ ក៏ពួកគេនៅតែអាចឯករាជ្យបាន នាងបំផុសគំនិតស្ត្រី និងក្មេងស្រីឱ្យចេះគ្រប់គ្រងជីវិតរបស់ពួកគេ ហើយកុំឱ្យនរណាម្នាក់ប្រាប់ពួកគេពីអ្វី តាមសម្តីរបស់អ្នកដទៃ។
5. នាងគោរពខ្លួនឯង
Cardi B បាននិយាយច្រើនក្នុងបទសម្ភាសន៍ និងក្នុងបទចម្រៀងរបស់នាង ពីរបៀបដែលនាងធ្វើការកាលពីមុន ហើយតារាស្រីរូបនេះមិនដែលនិយាយថាវាជារឿងអាក្រក់ នាងក៏មិនដែលបន្ទោសខ្លួនឯងសម្រាប់រឿងទាំងនោះដែរ Cardi B បង្ហាញថា វាជាមធ្យោបាយមួយសម្រាប់នាង ក្នុងការរកប្រាក់ដែលនាងត្រូវការ ដើម្បីចិញ្ចឹមជីវិត នាងបង្ហាញពីការគោរពខ្លួនឯងច្រើន នៅពេលនិយាយអំពីអតីតកាលរបស់នាង និងពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍របស់នាងជាមួយ Offset ដូចគ្នា។

6. នាងជាប្រពន្ធ និងជាម្តាយដែលមានកូនពីរនាក់
Cardi ក៏ជាភរិយាដ៏ស្មោះស្ម័គ្រ និងជាម្ដាយរបស់កូនពីរផងដែរ។ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាច្រើនខែ នាងបានរៀបការជាមួយនឹង Offset ដែលជាអ្នករ៉េបរួមក្រុម Migos ហើយពួកគេមានកូនពីរនាក់រួមគ្នាគឺ Kulture Kiari និង Cephus លើសពីនេះ ត្បិតតែនាងជាមនុស្សចូលចិត្តនិយាយពាក្យមិនល្អ ជាពិសេសនៅក្នុងបទចម្រៀង តែនាងមិនដែលនិយាយពាក្យអាក្រក់ទាំងនេះទៅកូនៗរបស់នាងនោះទេ សូម្បីតែបទចម្រៀងដែរលនាងច្រៀងមានពាក្យមិនល្អ ក៏នាងមិនឲ្យកូនៗរបស់នាងស្តាប់ដែរ។

មូលហេតុធំៗទាំង 6 នេះហើយ ដែលធ្វើឲ្យ Cardi B មានភាពល្បីល្បាញ និងធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្តនាង ។