ក្នុងវីដេអូថ្មីៗ ដែលបានបង្ហោះក្នុង channel YouTube មួយនៅល្ងាចថ្ងៃទី ១៤ ខែធ្នូ Bi Rain ជាមួយភ្ញៀវ Seo In Guk ចែករំលែកអំពីជីវិតប្រចាំថ្ងៃរបស់ពួកគេទៅវិញទៅមក អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Bi Rain ស្រាប់តែបង្ហើបថា លោកតែងតែសុំការអនុញ្ញាតពីភរិយារបស់លោកគឺ Kim Tae Hee រាល់ពេលដែលលោកចេញទៅជួបមិត្តភក្តិ។

ក្នុងនោះ Rain បានបញ្ជាក់ផងដែរថា ជាធម្មតាលោកមិនទៅណាច្រើនទេ ហើយនៅថ្ងៃដែលលោកចង់ចេញទៅក្រៅ លោកព្យាយាមរៀបចំការងារ និងកាលវិភាគរបស់ខ្លួនឲ្យបានរួចរាល់ បន្ទាប់មកទើបលោកឆ្លៀតពេលទៅជួបមិត្តភក្តិ ក្រោយពីបានសុំការអនុញ្ញាតពី Kim Tae Hee មុនពេលទៅជួបមិត្តរបស់ខ្លួន។

គួររំលឹកផងដែរថា ក្នុងឆ្នាំ 2017 បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល 5 ឆ្នាំ Kim Tae Hee និង Bi Rain បានរៀបចំពិធីមង្គលការដ៏សាមញ្ញមួយ ហើយបានផ្លាស់ទៅរស់នៅផ្ទះជាមួយគ្នាជាផ្លូវការ ហើយមកដល់ពេលនេះ គូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះ ក៏មានកូនស្រីពីរនាក់ជាមួយគ្នាផងដែរ។


ប្រភព៖ kenh14