ដល់ចូលឆ្នាំចិនហើយ នៅតែអត់ទាន់ដឹងថាត្រូវធ្វើម្ហូបអីខ្លះមែនអត់? តោះថ្ងៃនេះ វចនា នឹងណែនាំពីមុខម្ហូបមួយចំនួនដែលឆ្ងាញ់ ហើយថែមទាំងមានហុងស៊ុយល្អ និងពេញនិយមសម្រាប់ពិធីបុណ្យចូលឆ្នាំចិនថែមទៀតផង។ ដូច្នេះ ទាំងនេះមុខម្ហូប ៤ មុខដែលប្រជាជនចូលចិត្តរៀបចំក្នុងពិធីសែនចូលឆ្នាំ មានដូចជា ៖
១. ត្រី បំពង ឬ ចំហុយទឹកស៊ីអ៊ីវ
នេះជាមុខម្ហូបម្យ៉ាង ដែលសាមញ្ញសម្រាប់ប្រជាជនខ្មែរ ប៉ុន្តែជាមុខម្ហូបប្រពៃណីរបស់ជនជាតិចិន ដែលមានន័យថា ការកើនឡើងនៃ ភាពរុងរឿង ភាពចម្រុងចម្រើន។ ម្យ៉ាងទៀតវាងាយស្រួលធ្វើនិងចំណេញពេលថែមទៀតផង ។
២. ឆាមីដុំឬ មីគីឡូ
ឆាមី គឺជាម្ហូបឆាមួយទូទៅដែលពេញនិយម ងាយស្រួលធ្វើ និងចំណេញពេលវេលាថែមទៀតផង។ មិនតែប៉ុណ្ណោះ អត្ថន័យចំពោះម្ហូបនេះ គឺ អាយុវែង មានសុភមង្គលបានយូរអង្វែងប្រៀបដូចជាសសៃមី ដែលជាទំនៀមទម្លាប់នៃការសែនម្ហូបសម្រាប់បុណ្យចូលឆ្នាំចិន។
៣. គាវបំពង ឬ ចំហុយ
គាវ គឺជានំគេតែងតែរៀបក្នុងពិធីបុណ្យចូលឆ្នាំចិន ព្រោះជានំដែលទ្រព្យហូរចូល និង នាំឲ្យមានលុយកាក់សម្រាប់មនុស្សគ្រប់រូប។ គាវ មានអត្ថន័យចំពោះប្រជាជនចិន គឺជាទ្រព្យសម្បត្តិ ព្រោះវាមានរូបរាងដូចដុំមាស ទើបពួកគេនិយមដាក់ក្នុងពិធីសែនដើម្បីទទួលបានមាសច្រើនជារៀងរាល់ឆ្នាំ។
៤. ជ្រូកខ្វៃ ឬ មាន់ស្ងោរ
ជាគ្រឿងសំណែនម្យ៉ាង ដែលពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ ព្រោះន័យរបស់វា គឺជាការរកស៊ីមានបាន លុយហូរចូលដូចទឹក មានសេចក្តីសុខ មានភាពរីកចម្រើនទៅមុខ នឹង មានលាភសក្ការៈបន្តបន្ទាប់។ លើសពីនេះ ប្រជាជនមិនដែលចោលគ្រឿងសំណែននេះឡើយ។
ក្នុងឱកាសចូលឆ្នាំចិន បើអ្នកចង់បានលាភសក្ការៈល្អ រាសីខ្ពស់ លុយហូរចូលដូចទឹក និងសំណាងល្អពេញមួយឆ្នាំ កុំភ្លេចរបស់ទាំង ៤មុខនេះ ព្រោះជាម្ហូបដែលនិយមមានក្នុងពិធីសែនចិនរបស់ប្រជាជនខ្មែរយើង។