សម្រាប់អ្នកចង់បានសុខភាពល្អ អាហារគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ផ្តល់ប្រូតេអ៊ីន និង សារជាតិចិញ្ចឹមដល់រាងកាយរបស់អ្នក ដើម្បីកុំឲ្យរាងកាយអ្នកបាត់បង់កម្លាំង និងមានថាមពលឡើងវិញទោះបីជាអ្នកញ៉ាំអាហារបានតិចក៏ពិតមែន។ ខាងក្រោមនេះ ជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និង ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នក ទាំងផ្នែកសុខភាព និង រាងកាយ៖
១. សាច់គោគ្មានខ្លាញ់
សាច់គោគ្មានខ្លាញ់ គឺជាប្រភពដ៏ល្អបំផុតមួយនៃស័ង្កសី និងជាតិដែក ដែលជាសារធាតុចិញ្ចឹមពីរដែលមនុស្សជាច្រើនមិនទទួលបានគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់ពួកគេ ដូចនេះ ប្រូតេអ៊ីនដែលមាននៅក្នុងសាច់គោគ្មានខ្លាញ់ គឺធ្វើឲ្យរាងកាយរបស់អ្នកមានកម្លាំងគ្រប់គ្រាន់ទោះបីជាតមអាហារ។
២. សណ្តែកខ្មៅ
សណ្តែកខ្មៅក៏សម្បូរទៅដោយសារធាតុ anthocyanins ដែលអាចមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយលើកកម្ពស់សុខភាពបេះដូងដោយសារជាតិសរសៃ និងប៉ូតាស្យូមដែលមាននៅក្នុងនោះ។ មិនតែប៉ុណ្ណោះ អាហារនេះសម្បូរប្រូតេអ៊ីនខ្ពស់ និងជាអាហារពេលព្រឹកដ៏ល្អសម្រាប់អ្នកចង់បានសុខភាពល្អ និង ស្រកទម្ងន់។
៣. សណ្តែកបាយ
អាហារនេះ ជាប្រភពដ៏អស្ចារ្យនៃវីតាមីន K ជាតិដែក កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះ ការសិក្សាក៏ណែនាំថា សណ្តែកប្រភេទនេះ អាចបន្ថយកូឡេស្តេរ៉ុល LDL ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ហើយថែមទាំងអាចជួយគ្រប់គ្រងរោគសញ្ញានៃការអស់រដូវរបស់មនុស្សស្រីផងដែរ។
៤. គ្រាប់ល្ពៅ
ក្រៅពីមានប្រូតេអ៊ីនខ្ពស់ គ្រាប់ល្ពៅក៏មានជាតិដែក ប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និងស័ង្កសីខ្ពស់ ដែល ត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយថែមទាំងមានឥទ្ធិពលប្រឆាំងនឹងការរលាក អង់ទីប៊ីយ៉ូទិក និងប្រឆាំងមហារីកលើរាងកាយ បើយោងតាមការសិក្សាវិទ្យាសាស្ត្រជាច្រើនមក។
៥. ត្រីសាម៉ុន
ត្រីសាម៉ុន គឺជាប្រភពនៃប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដែលផ្តល់ថាមពលដល់រាងកាយជាមួយនឹងខ្លាញ់អូមេហ្គា 3 និងជាប្រភពដ៏ល្អនៃវីតាមីន B ដែលមានសារៈសំខាន់សម្រាប់ការផលិតកោសិកាឈាមក្រហម និង ជួយឲ្យបេះដូងដំណើរការល្អ។
សរុបមកវិញ អាហារទាំង ៥ ប្រភេទនេះជួយដល់រាងកាយរបស់អ្នកឲ្យមានថាមពល និង និងមានកម្លាំងឡើងវិញ ដោយសារតែពួកវាសម្បូរទៅដោយ ប្រូតេអ៊ីន សារជាតិចិញ្ចឹមច្រើន និង ល្អសម្រាប់សុខភាពរបស់អ្នក ដូចនេះអ្នកកុំភ្លេចទទួលទានអាហារទាំងនេះជាប្រចាំដើម្បីទទួលបានសុខភាពល្អ និង ថាមពលគ្រប់គ្រាន់។
ប្រភព ៖ eatthis.com