មូលហេតុដែលអាហារជប៉ុន Omakase មានតម្លៃថ្លៃ ហើយមនុស្សមួយចំនួនហ៊ានចំណាយលុយញ៉ាំ

Vachana-Food1-3
តើ Omakase ជាអ្វី? ហេតុអ្វីក៏ថ្លៃម្ល៉េះ? និង​មានអ្វីពិសេសអំពី omakase? ហើយសម្រាប់អ្នកដែលចាប់អារម្មណ៍លើ omakase គឺអាចជាបទពិសោធន៍ថ្មីមួយមិនគួរឱ្យជឿ។ 
Omakase お任せ មានន័យថា "ខ្ញុំនឹងទុកវាឱ្យអ្នក" ជាភាសាជប៉ុន។  វាជាអាហារច្រើនមុខ ដែលអ្នកឱ្យមេចុងភៅជ្រើសរើសអ្វីដែលត្រូវបម្រើអ្នក ហើយជារឿយៗវាត្រូវបានគេមើលឃើញថាជាចំណុចពិសេសនៃបទពិសោធន៍ថ្មីក្នុងការទទួលទាន។ អ្នកអាចរំពឹងប្រហែល 8 ទៅ 20 វគ្គ អាស្រ័យលើភោជនីយដ្ឋានណាមួយ។
Omakase ជារឿយៗត្រូវបានគេមើលឃើញថាជាបទពិសោធន៍ដ៏ប្រណិត ហើយអាចមានតម្លៃថ្លៃជាងអាហារធម្មតា។
តម្លៃសម្រាប់ omakase អាចមានចាប់ពី $100 ទៅ $400 ឬច្រើនជាងនេះក្នុងមនុស្សម្នាក់។ លើសពីនេះ​អ្នក​ខ្លះ​សុខ​ចិត្ត​ចំណាយ​ប្រាក់​ទៅ​លើ omakase ព្រោះ​ពួកគេមើលឃើញថាវាជាឱកាសមួយដើម្បីសាកល្បងអ្វីដែលថ្មី និងប្លែក ដើម្បីទទួលបានបទពិសោធន៍ដែលពួកគេមិនអាចទៅកន្លែងផ្សេងបាន។ ដូច្នេះហើយ ទើបអ្នកចូលចិត្តអាហារជប៉ុនជាច្រើន សប្បាយចិត្តនឹងចំណាយប្រាក់ច្រើនសម្រាប់ omakase ។
មានហេតុផលមួយចំនួនដែល omakase អាចមានតម្លៃថ្លៃខ្លាំង រួមទាំងគុណភាពនៃគ្រឿងផ្សំ មេចុងភៅជំនាញ បទពិសោធន៍ដែលអ្នកនឹងទទួលបាន និងកម្រមាននៃមុខម្ហូបមួយចំនួន។
ទីមួយ ត្រីដែលប្រើក្នុង omakase ច្រើនតែមានគុណភាពខ្ពស់បំផុត នេះមានន័យថាវាកម្រ និងពិបាកស្វែងរក។ មេចុងភៅជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ គឺត្រូវការជាចាំបាច់ដើម្បីរៀបចំត្រីឱ្យបានត្រឹមត្រូវ។
នៅខាងក្នុងផ្សារត្រី Toyosu ក្នុងទីក្រុងតូក្យូ មិនថាអ្នកញ៉ាំ omakase នៅ ប្រទេសណាទេ ឲ្យតែមានរចនាប័ទ្ម omakase គឺត្រីស្រស់នឹងត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន និងជាចម្បងពីទីផ្សារ Toyosu (ផ្សារត្រី Tsukiji ថ្មី)។ ទោះយ៉ាងណាក៏ដោយពួកគេនឹងស្វែងរកតែត្រីដែលមានគុណភាពខ្ពស់ សម្រាប់អ្នកប៉ុណ្ណោះ ដោយចាំបាច់ក្នុងការធានាគុណភាពនៃមុខម្ហូបនីមួយៗ។
ទីពីរ ចុងភៅភាគច្រើនមកពីប្រទេសជប៉ុនទោះបីជាពួកគេមិនមានដើមកំណើតនៅទីនោះក៏ដោយ ក៏ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីរៀនជំនាញនៃអាជីពជាចុងភៅរបស់គេផងដែរ។ ជារឿយៗពួកគេចាប់ផ្តើមពី កូនកាំបិត ដោយធ្វើការឡើងដល់ថ្នាក់ជាមេចុងភៅ នេះត្រូវការពេលជាច្រើន និងការលះបង់ដើម្បីធ្វើជាម្ចាស់ជំនាញម្ហូបជប៉ុននេះទៀតផង។
ជាលទ្ធផល ចុងភៅមានបទពិសោធន៍ និងចំណេះដឹងច្រើនអំពីអាហារជប៉ុន ហើយពួកគេដឹងថាត្រីមួយណានៅក្នុងរដូវមួយណា និងរបៀបរៀបចំពួកវាឱ្យបានត្រឹមត្រូវ នេះ​មាន​ន័យ​ថា​ពួក​គេ​អាច​បង្កើត​មុខ​ម្ហូប​ប្លែក និង​ឆ្ងាញ់​ដែល​អ្នក​មិន​អាច​រក​ឃើញ​ពី​កន្លែង​ណា​ផ្សេងនោះទេ។

ទីបី អ្នកនឹងរីករាយក្នុងការមើលការសម្តែងរបស់មេចុងភៅក្នុងការធ្វើម្ហូបពីមុខអ្នក និងទទួលបានបទពិសោធន៍អំពីការញ៉ាំអាហារជប៉ុន និងមើលមេចុងភៅរៀបចំវាដោយផ្ទាល់ដៃ។
មេចុងភៅនិងណែនាំមុខម្ហូបនីមួយៗ និងផ្តល់ឱ្យអ្នកនូវការណែនាំអំពីរបៀបញ៉ាំវា។  លើសពីនេះ​ជា​ការងារ​សិល្បៈ​ពិត​ប្រាកដ ហើយ​វា​ជា​អ្វី​ដែល​អ្នក​នឹង​ចងចាំ​យូរ​បន្ទាប់​ពីការញ៉ាំ​អាហារ​ដ៏ប្រណិត នេះត្រូវបានបញ្ចប់។ ហើយនោះជាមូលហេតុដែលអ្នកនឹងត្រូវធ្វើការកក់ទុកជាមុននៅក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ ដើម្បីទទួលបានបទពិសោធន៍នេះ ពីព្រោះកន្លែងអង្គុយមានកំណត់។
ទីបួន នៅក្នុងភោជនីយដ្ឋានមួយចំនួន មេចុងភៅអាចប្រើរូបមន្តគ្រួសារដែលត្រូវបានបន្សល់ទុកជាច្រើនជំនាន់មកហើយ។ Edomae sushi គឺជាឧទាហរណ៍មួយ ព្រោះ​ជា​ស្ទីល​ស៊ូស៊ី​បែប​បុរាណ​ដែល​មាននៅ​ដើម​ទសវត្សរ៍​ 1800។
ឈ្មោះនេះបានមកពីត្រីដែលចាប់បាននៅឈូងសមុទ្រតូក្យូ ហើយដឹកជញ្ជូនទៅអេដូ (ឈ្មោះចាស់សម្រាប់តូក្យូ)។ នេះមានន័យថាភោជនីយដ្ឋានមានរឿងប្លែកៗដើម្បីប្រាប់ ដែលអាចបន្ថែមបទពិសោធន៍ទាំងមូល។
ជាចុងក្រោយ បរិយាកាសនៅក្នុងភោជនីយដ្ឋាន omakase តែងតែមានភាពស្រស់ស្រាយ និងស្និទ្ធស្នាលជាងនៅក្នុងភោជនីយដ្ឋានធម្មតា។ នេះមានន័យថា អ្នកនឹងអាចរីករាយនឹងអាហាររបស់អ្នក នៅក្នុងកន្លែងសម្រាក និងផាសុកភាពជាងមុន។
ជារឿយៗអ្នកនឹងឃើញថា បុគ្គលិកមានការយកចិត្តទុកដាក់ និងរីករាយក្នុងការឆ្លើយសំណួរណាមួយ ដែលអ្នកមានអំពីអាហារ ឬស្រាទៀតផង។

តើអ្នកត្រូវដឹងអ្វីខ្លះមុនពេលអ្នកសាកល្បង omakase?

មានច្បាប់មួយចំនួនដែលអ្នកគួរដឹងមុនពេលអ្នកសាកល្បង omakase៖ ប្រសិនបើអ្នកមានអាឡែស៊ីជាមួយអាហារមួយចំនួន សូមប្រាប់ភោជនីយដ្ឋានជាមុនសិន។ អ្នក​គួរ​ត្រៀម​ខ្លួន​ដើម្បី​ញ៉ាំ​ត្រី​ឆៅ ប្រសិនបើអ្នកមិនមែនជាអ្នកញ៉ាំអាហារជប៉ុនទេ omakase ប្រហែលជាមិនមែនជាម្ហូបសម្រាប់អ្នកទេ។ មធ្យោបាយដ៏ល្អបំផុតដើម្បីរីករាយជាមួយ omakase គឺត្រូវទៅដោយចិត្តបើកចំហហើយត្រៀមខ្លួន ដើម្បីសាកល្បងអ្វីថ្មីហើយអ្នកមិនគួររំលងអ្វីដែលអ្នកមិនចូលចិត្តញ៉ាំនោះទេ។

ប្រភព៖ Happyspicyhour

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង