ឆ្នេរខ្សាច់៥កន្លែងដែលស្អាតបំផុតសម្រាប់លំហែអារម្មណ៍និងអ្នកចូលចិត្តបោះតង់

Vachana-Website-News-Entertainment-1
បច្ចុប្បន្នវិស័យទេសចរណ៍នៅតាមតំបន់ខេត្តនានា កាន់តែរីកចម្រើននិងអភិវឌ្ឍន៍ទៅមុខ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាជាច្រើនក្នុងប្រទេសយើងផងដែរ។ ក្នុងនោះក៏មាន កោះមួយចំនួនដែលបានបញ្ចេញសក្តានុពលដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យរីករាយនិងសម្រស់ឆ្នេរដែលស្អាតជាងគេបំផុត រួមទាំងជាកន្លែងមានខ្យល់អាកាសបរិសុទ្ធល្អ និងសក្តិសមសម្រាប់អ្នកចូលចិត្តបោះតង់តាមឆ្នេរនីមួយៗនៅពេលយប់។
 ១. កោះរ៉ុងសន្លឹម
ប្រសិនបើអ្នកចំណាយពេលមួយថ្ងៃសម្រាប់នៅលើ កោះតូចនេះអ្នកមិនបាច់បារម្ភថា ប្រហែលឆ្នេរខ្សាច់អាចមិនល្អ ទឹកសមុទ្រមិនស្អាត និងខ្យល់អាកាសមិនស្រស់ស្រាយនោះទេ។ ប៉ុន្តែអ្នកនឹងមើលឈើញឆ្នេរដ៏ស្រស់ស្អាតបំផុតនៃកោះនោះ ព្រោះអ្នកនឹងទៅដល់ទីនោះដោយផ្ទាល់តាមរយៈទូកដែលមានពីខេត្តព្រះសីហនុ។ ឆ្នេរនេះមាន៖ ដីខ្សាច់ល្អ បឹងហ្គាឡូឈើនៅក្បែរនោះ ព្រមទាំង មានបារ និងភោជនីយដ្ឋាននៅលើឆ្នេរខ្សាច់ ភាពសម្បូរបែបនៃភ្ញៀវទេសចរ រួមទាំងមានទឹកថ្លាឈ្វង់គួរឲ្យចង់ចុះលេងឬហែលទឹកលេង។
២. ឆ្នេរ Sunset នៅកោះរ៉ុងសន្លឹម
ជាឆ្នេរដ៏ស្រស់ស្អាតទីពីរនៅលើកោះរ៉ុងសន្លឹមដែលមានឈ្មោះថា ឆ្នេរ Sunset ហើយដូចដែលឈ្មោះបានបង្ហាញ វាជាកន្លែងមើលថ្ងៃលិចដ៏អស្ចារ្យមួយនៃឆ្នេរនេះដូចគ្នា។ លើសពីនេះគឺជាកន្លែងល្អឥតខ្ចោះសម្រាប់មើលថ្ងៃលិច និងទិដ្ឋភាពសម្បូរបែបនៃភ្ញៀវទេសចរ ថែមទាំងមានទីលានបាល់ទះ កន្លែង​មុជ​ទឹក snorkeling ដ៏​អស្ចារ្យ (មាន​ជួល​ឧបករណ៍​នៅ​នឹង​កន្លែង) ចំពោះកន្លែងស្នាក់នៅ សូមណែនាំអោយជួលតង់នៅ Sleeping Trees ពិតជានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់អ្នកថែមទៀតផង។
៣. ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ
ជាឆ្នេរមួយមានទំហំតូចជាងឆ្នេរមុនៗដែលបានលើកឡើង ប៉ុន្តែវាមានសភាពរស់រវើក។ តាមពិតទៅឆ្នេរអូរត្រេះជាកន្លែងដែលពេញនិយមសម្រាប់មនុស្សពេញវ័យជាគេ ព្រោះ​មាន៖ បរិយាកាសបរិសុទ្ធល្អ ពិសេសនៅយប់ថ្ងៃសៅរ៍ ដែលអ្នកនឹងអាចចូលទៅលេងផ្សារអូរត្រេះបាន ដោយសារតែមាន បារ និងភោជនីយដ្ឋាននៅលើឆ្នេរដែលផ្តល់ជូននូវអាហារសមុទ្រឆ្ងាញ់ នឹងមានការម៉ាស្សានៅលើឆ្នេរផងដែរ។
៤. កោះទន្សាយ
កោះទន្សាយជាកោះដែលស្ថិតនៅក្នុងខេត្តកែប យើងអាចធ្វើដំណើរតាមរយៈទុកដើម្បីទៅដល់កោះនេះ។ ដោយសារតែវា​ជា​កោះ​តូច​ស្អាត ដូច្នេះ​អ្នក​អាច​ទៅ​លេង​កន្លែង​ទាំង​មូល​បាន​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​បំផុត​មួយ​ម៉ោង។ កោះនេះមានភាពសម្បូរបែបនៃភ្ញៀវទេសចរ រីឯបរិយាកាសស្ងប់ស្ងាត់និងសម្រាក ចំពោះភោជនីយដ្ឋាន​មានបម្រើ​ក្តាម​កែប​ដ៏​ល្បី។ លើសពិនេះសម្រាប់កន្លែងស្នាក់នៅ អ្នកអាចជួលបឹងហ្គាឡូមួយក្នុងចំណោមបឹងហ្គាឡូនៃសណ្ឋាគារនេះ វា​ពិត​ជា​មិន​ប្រណិត​បំផុត​ក្នុង​ចំណោម​សណ្ឋាគារ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​វា​ផ្តល់​នូវ​ផាសុកភាព​ចាំបាច់​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​មួយ​យប់ ឬ​ពីរ​យប់។
៥. កោះស្មាច់

កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង។ ម្យ៉ាងទៀតជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏ដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។ ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះ​ស្មាច់ ដែលអាចធ្វើអោយទាក់ទាញអារម្មណ៏អ្នកបានទៅនោះមានដូចជា៖ ហែលទឹក បោះជំរុំ ឬបោះតង់ ឆ្នេរសមុទ្រស្អាត ជិះទូក និងចំណុចផ្សេងៗទៀត។ កោះនេះផងដែរក៏សម្បូរទៅដោយដើមដូងខ្ពស់ៗច្រើន ដែលនៅពេលព្រះអាទិត្យរៀបលិច ធ្វើអោយសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង