បញ្ហាមុខមុនគឺជាកង្វល់របស់យុវវ័យ មិនថាវ័យក្មេង ឬជំទង ដែលឧស្សាហ៍ជួបខ្លាំង ហើយក៏មិនដឹងថា តើធ្វើបែបណាទើបអាចដោះស្រាយបញ្ហាមុខមុនហ្នឹងបាន សំខាន់គឺគាត់មិនដឹងថា ហេតុអីបានជាមុខគាត់កើតមុនដដែលៗ បើទោះបីជាគាត់ខំដូរផលិតផលក៏ដោយ។ ដូច្នេះខាងក្រោមនេះ វេជ្ជបណ្ឌិត ឯក ផាណារី ឯកទេស ស្បែក និង សម្ផស្ស នឹងធ្វើការបកស្រាយជូនចំពោះអ្នកដែលមានបញ្ហាមុខមុន តាមរយៈវចនា ដូចខាងក្រោម៖
បើនិយាយពីមុខមុន គឺជាក៏ជាជំងឺរ៉ាំរ៉ៃមួយដែរ ដែលវាចាប់មានកើតតាំងពីពេញវ័យ រហូតដល់វ័យ 40ឆ្នាំ ហើយបើនិយាយពីកត្តាដែលនាំឲ្យកើតមុនវិញគឺមានច្រើនខ្លាំងមែនទែន ៖
១. កត្តាតំណពូជ ៖ គឺជាកត្តាដែលឧស្សាហ៍ជួបប្រទះបំផុត ដែលឪពុកម្តាយរបស់មនុស្សម្នាក់នោះគឺមានមុនកាលពីយុវវ័យ និងបន្តមកដល់គាត់ក្នុងពេលនេះ។
២. ការប្រើប្រាស់ផលិតផល ៖ ផលិតផលមួយចំនួនដែលមានផ្ទុកនូវសារធាតុ Steroids ឬសារធាតុផ្សេងៗដែលអាចធ្វើឲ្យមុខរបស់អ្នកមានមុនកាន់តែខ្លាំង ជួនកាលផលិតផលនោះប្រើហើយស្អាតបានតែមុនដំបូងក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកក៏ធ្វើឲ្យមានការរោល និងកើតមុនខ្លាំងនៅផ្ទៃមុខ។
៣. បញ្ហាអរម៉ូន ៖ ចំណុចមួយនេះគឺជាបញ្ហាដែលឈឺក្បាលខ្លាំងជាងគេ ព្រោះវាមានមូលហេតុច្រើន ដូចជាគេងមិនលក់ ស្ត្រេសច្រើន ឬក៏ស្រ្តីពោះធំមួយចំនួនដែលគាត់កើនអរម៉ូនឡើងច្រើន នោះជាពេលដែលគាត់នឹងមានកើនមុនហើយ។
៤. ការត្រូវពន្លឺថ្ងៃខ្លាំងពេក ៖ កាលណាដែលអ្នកត្រូវថ្ងៃខ្លាំងពេក ធ្វើឲ្យស្បែករបស់អ្នករលាក ចេញប្រេង រួមផ្សំជាមួយនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងក្តៅផង វានឹងមានហានិភ័យខ្លាំងដែលមានការប្រឈមនឹងកើតមុន។
៥. ការ Make up ច្រើនពេក ៖ នៅពេលដែលអ្នកប្រើប្រាស់ផលិតផល Make up ជារៀងរាល់ថ្ងៃហើយមិនបានធ្វើការសម្អាតបានស្អាតល្អ ធ្វើឲ្យគាត់នៅសល់កម្ទេចកម្ទីម្សៅ Make up ទាំងនោះ នេះក៏ជាហេតុដែលធ្វើឲ្យកើតមុនដូចគ្នា។
៦. កត្តាចំណីអាហារ ៖ ដូចជាអាហារដែលមានសារជាតិផ្អែម ឬអាហារខ្លាញ់ អាហារទាំងអស់នេះក៏ជំរុញឲ្យអ្នកមានបញ្ហាមុខមុនដែរ ហើយបើអ្នកកំពុងមានមុខមុន អ្នកគួរតែកាត់បន្ថយអាហារទាំងអស់នេះ មុននឹងមុខរបស់អ្នកចេញមុនកាន់តែច្រើន។
សម្រាប់អ្នកដែលចង់ព្យាបាលបញ្ហាមុខមុន អ្នកអាចប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដែលមានឯកទេសផ្នែក ជំងឺសើស្បែក ឬសម្រស់ ដែលពួកគាត់នឹងធ្វើការពិនិត្យស្បែកមុខជួន ថាតើកត្តាអ្វីដែលធ្វើឲ្យអ្នកចេញមុនជាដដែលៗ ម្យ៉ាងទៀតគាត់ក៏នឹងពិនិត្យមើលថា អ្នកកំពុងស្ថិតនៅកម្រិតណានៃមុន អាចជាមុនកប់ខ្សាច់ មិនខ្ទុះ មុនដំបូក ឬក៏មុនផ្លែ នៅពេលដែលគ្រូពេទ្យបានធ្វើការពិនិត្យច្បាស់ហើយ លោកនឹងធ្វើការផ្តល់អនុសាសន៍ថាតើ អ្នកគួរតែប្រើប្រាស់ថ្នាំលាប ឬក៏ជាប្រភេទថ្នាំលេប ឬក៏ជាប្រភេទសេវាកម្មណាមួយ។
ដូច្នេះប្រសិនបើអ្នកទុកបញ្ហាកាន់តែយូរ វានឹងបន្តមានកាន់តែច្រើន ហានិភ័យនៃការកើតមាននូវបន្សល់ស្លាកស្នាមមុនខ្មៅៗ ឬមុខប្រហោង មុខខ្មូត ជាដើម ដូច្នេះអ្នកគួរតែអញ្ជើញមកប្រឹក្សាជាមួយគ្រូពេទ្យ កុំទុកយូរ។