ចង់ដឹងបន្ថែមពីការវះកាត់ភ្នែក លើកសម្រស់ឲ្យកាន់តែស្រស់ស្អាត អាចអានអត្ថបទនេះបាន

beauty

មនុស្សស្អាតវាក៏ទាក់ទងនឹងភ្នែកដែរ នៅពេលភ្នែកយើងមានត្របក មិនប៉ោង ឬធ្លាក់ វាក៏ធ្វើឲ្យសម្រស់ និងទម្រង់មុខយើងស្អាតប្លែកដែរ ដូច្នេះសម្រាប់បងប្អូនណា ដែលមានបំណងចង់វះកាត់កែសម្ផស្សនៅតំបន់ភ្នែក មិនថាត្របកភ្នែក ក្រោមភ្នែក អាចអានអត្ថបទខាងក្រោមនេះបាន ដែលនឹងបកស្រាយលម្អិត ដោយ វេជ្ជបណ្ឌិតដ៏ស្រស់ស្អាត សែន ព្រីយ៉ានុត ឯកទេសវះកាត់កែសម្ផស្ស ។

ជាទូទៅចំពោះការវះកាត់ភ្នែក នៅពេលដែលយើងពេញវ័យ គឺអាចទទួលការវះកាត់ភ្នែកបានហើយ ដូចគ្នាចំពោះក្មេងៗដែលគាត់អាចធ្វើការវះកាត់ត្របកភ្នែក 2ជាន់បាន ដោយសារតែជាទូទៅនៅអាស៊ី គឺសង្កេតឃើញថាអត់សូវមានអ្នក មានត្របកភ្នែក 2 ជាន់ទេ ដូច្នេះពួកគាត់អាចធ្វើការវះកាត់បាន ។

មួយវិញទៀត ចំពោះអ្នកដែលមានវ័យចំណាស់ សង្កេតឃើញថាស្បែកនៅកន្ទុយភ្នែករបស់គាត់មានភាពយារធ្លាក់ អ្នកខ្លះទៀតមិនត្រឹមតែស្បែកភ្នែកយារធ្លាក់ទេ ថែមទៀតមានខ្លាញ់ប៉ោងនៅក្រោមភ្នែកថែមទៀត ដូច្នេះគាត់អាចវះកាត់យកខ្លាញ់នោះចេញ និងបង្កើតគន្លាក់ថ្មីឲ្យគាត់ ធ្វើឲ្យភ្នែករបស់គាត់មានសភាពស្រស់ស្អាតជាងមុនផងដែរ ម៉្យាងវិញទៀត ពេលដែលស្បែកភ្នែកយារធ្លាក់មិនត្រឹមតែទាក់ទងទៅនឹងសម្រស់ប៉ុណ្ណោះទេ វាក៏ប៉ះពាល់គំហើញនៃការមើលឃើញរបស់គាត់ថែមទៀត។

ចំណែកឯការវះកាត់នេះ​ គឺធ្វើឡើងដោយការចាក់ថ្នាំស្ពឹក ឧទាហរណ៍ប្រសិនបើករណីដែលអ្នកខ្លាចឈឺ ក៏មានការចាក់ថ្នាំស្ពឹក បូកជាមួយនឹងការប្រើប្រាស់សេវាថ្នាំសន្តំ ដែលសន្តំនេះមានន័យថា អ្នកអាចគេងប្រហែល 5-10នាទី ក្នុងកំឡុងពេលដែលវះកាត់ ដូច្នេះអ្នកគឺគ្មានការឈឺចាប់នោះទេ។

បន្ទាប់ពីធ្វើការវះកាត់ភ្នែកហើយ អ្នកប្រាកដជាមានសំណួរថា តើមានការជាំខ្លាំងឬអត់? តើហើមខ្លាំងអត់? ឬស្នាមវិញយ៉ាងមិចដែរ? យើងដឹងហើយថា ក្រោយការវះកាត់ភ្នែក មានហើម មានជាំគឺជារឿងធម្មតាទេ ព្រោះស្បែកភ្នែករបស់យើងនៅតំបន់នោះគឺវាស្តើង សូម្បីតែនៅពេលដែលយើងយំធម្មតា ក៏ឃើញថាវាហើមខ្លាំងដែរ ចុះទំរាំតែយើងវះកាត់វាទៀត ចឹងហើយហើមជាំគឺជារឿងធម្មតាទេ។

មួយសប្តាហ៍ដំបូង កំពុងតែពេញហើយពេញជាំហើយ សម្រាប់អ្នកខ្លះ តែក្រោយពី 1ខែ គឺអាចស្រកហើមបានច្រើនគ្រាន់តែនៅស្ពុលៗ លទ្ធផលចុងក្រោយគឺ ពី 3-6ខែ ទើបអាចចាត់ទុកជាលទ្ធផលចុងក្រោយ តែមិនមែនមានមន័យថា 3 ខែទើបអាចឃើញថាយើងស្អាតនោះទេ ត្រឹមតែ 1 សប្តាហ៍ក្រោយក៏អាចឃើញយើងស្អាតម្តងតិចៗដែរ គ្រាន់តែយើងត្រូវការពេលឲ្យវាស្រកហើយបន្តិចទៀត ទើបអាចមើលឃើញស្អាតមួយ set តែម្តង ។

ចំណែករឿងស្នាមវិញ ក៏ដូចជាការហើមជាំដែរ វាក៏ត្រូវការពេលដែរ ជាទូទៅក្រោយការហូតជេសហើយ 1សប្តាហ៍ ស្នាមអាចនឹងឃើញមួយឆ្នូតក្រហមនៅកន្ទុយភ្នែក ហើយក្រោយ 3-6 ខែ គួបផ្សំជាមួយនឹងការថែទាំ លាបថ្នាំបំបាត់ស្នាមទៀត វាអាចមើលសឹងតែមិនឃើញតែម្តងសម្រាប់អ្នកខ្លះ វាអាចត្រឹមតែឃើញព្រាលៗដូចស្បែកយើងចឹង ។

ទាក់ទងជាមួយនឹងការថែទាំមុខរបួសវិញ ក្រោយការវះកាត់ហើយ តម្រូវឲ្យអ្នកជំងឺមកលាងរបួសនៅគ្លីនិច គ្រូពេទ្យនឹងប្រាប់បន្ថែមថា អ្នកជំងឺត្រូវធ្វើបែបណាបន្តទៀត សម្រាប់ការហូតជេសហើយ អ្នកត្រូវការពារកម្តៅថ្ងៃ អត់អាចឲ្យកម្តៅថ្ងៃមកប៉ះមុខរបស់អ្នកខ្លាំងពេកបានទេ វាអាចធ្វើឲ្យរបួសឡើងទៅជាពណ៌ខ្មៅក្រម៉ៅ មួយវិញទៀតចំពោះការញ៉ាំវិញ គឺត្រូវតមគ្រឿងផ្អាប់ គ្រឿងស្រវឹង និងរបស់ឆៅជាដើម។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង